ភូមិកំពង់ភ្លុក ជាភូមិមួយដែលសិ្ថតនៅតំបន់លិចទឹកទន្លេសាប របស់ខេត្តសៀមរាប។ កំពង់ភ្លុកជាចំណែករួមឡើងដោយភូមិចំនួន បី ចូលគ្នាស្ថិតក្នុង បឹងទន្លេសាប ដែលមានចំងាយប៉ុន្មានប្រហែល ១៦ គីឡូម៉ែត្រពីខេត្តសៀមរាប នៃប្រទេសកម្ពុជា ដែលហ៊ុមព័ទ្ធដោយដើមកោងកាងលិចទឹក ដែលដើមកោងកាងទាំងនោះ គឺជាជម្រកសត្វព្រៃច្រើនប្រភេទ។
កំពង់ភ្លុកជាភូមិដែលលិចទឹកតែដោយសារលក្ខណៈពិសេសរបស់ភូមិដែលមានទីតាំងនៅលើទឹកនិងទេសភាពភូមិដែល ជាទីទាក់ទាញដ់ភ្ញៀវទេសចរណ៍អន្តរជាតិយ៉ាងច្រើន។ ទេសចរណ៍នៅកំពង់ភ្លុកជាទេសចរណ៍ ធម្មជាតិនិងវប្បធម៌ដែលមានទាំងការកំសាន្តតាមភូមិលិចទឹក ដែលមានផ្ទះអណ្តែតលើទឹកនិងការទស្សនានូវ សត្វព្រៃតាមដងទន្លេរសាបនៅព្រែរនាម។
ការទស្សនាតាមព្រៃរនាមធ្វើឲ្យអារម្មរណ៍របស់ភ្ញៀវទេសចរណ៍មានភាពស្រស់ថ្លា។ ព្រោះទីនោះមានសត្វបក្សីដ៏ច្រើនប្រភេទ និងប្រភេទសត្វល្មូនមានដូចជាពស់ ក្រពើ អណ្តើក និងប្រភេទត្រីធំៗជាបច្រើនប្រភេទទៀត ដែលនេះជាជំនួយដល់ការអភិវឌ្ឍន៍ជីវភាពប្រជាជនដែលរស់នៅក្នុងភូមិនោះ។
ក្នុងបឹងទន្លេសាបសំបូរដោយបក្សីទឹកច្រើនជាង ១០០ ប្រភេទ និង មានត្រីចំនួនច្រើនជាង ២០០ ប្រភេទ រួមទាំងក្រពើ អណ្ដើក ស្វា ភេ ទៀតផង។ នៅខែវស្សាផ្ទៃទឹកបឹងទន្លេសាបមានទំហំដល់ទៅ ១២ ០០០ គីឡូម៉ែត្រក្រឡា តែនៅខែប្រាំងវិញមានទំហំត្រឹមតែ ២៥០០ គីឡូម៉ែត្រក្រឡាតែប៉ុណ្ណោះ។
បើនិយាយពីលក្ខណៈពិសេស របស់សហគមន៍នេះវិញ… គឺបានផ្តល់បរិយាកាសប្លែកថ្មីសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ហើយសម្រាប់់ការពេញចិត្តបំផុតនោះគឺ សេវាអុំទូកកម្សាន្ត ក្នុងភូមិមើលទេសភាព និងព្រៃលិចទឹកដែលមានអ្នកអុំទូកជាស្ត្រីទាំងអស់ ក្នុងចំណោមទូកចំនួន៩៦១។ ទេសចរអាចកំសាន្តអារម្មណ៍បានមួយបែបទៀត ជាមួយនឹងក្រុមស្ត្រីអុំទូកនេះមិនត្រឹមតែជាអ្នកអុំទូកដ៏ជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមគ្គុទ្ទេសក៍ទេសចរ ដែលអាចពន្យល់រៀបរាប់ដល់ភ្ញៀវអំពីលក្ខណៈស្ថានភាព ធម្មជាតិ ប្រពៃណីទំនៀមទម្លាប់ និងសក្តានុពល ដែលមានក្នុងសហគមន៍ ប្រកបដោយស្នាមញញឹម រួសរាយរាក់ទាក់ ស្និទ្ធស្នាលផ្តល់នូវភាពកក់ក្តៅបំផុត។
វាកាន់តែពិសេសសម្រាប់ភ្ញៀវទេសចរ ដោយពួកគាត់អាចចូលរួមអុំទូកលេងកម្សាន្តបានដោយខ្លួនឯង។
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចធ្វើដំណើរទៅកាន់សហគមន៍ទេសចរណ៍កំពង់ភ្លុក បានតាមរយៈ រថយន្ត រ៉ឺម៉ក ឬម៉ូតូដោយប្រើរយៈពេលប្រមាណជា ២៥នាទីពីទីរួមខេត្តទៅកាន់ចំណតកាណូតរបស់សហគមន៍ ហើយបន្ទាប់មកយើងធ្វើដំណើរតាមកាណូតទៅកាន់សហគមន៍ ដោយប្រើរយៈពេលប្រមាណ ២០នាទីទៀត ទើបយើងទៅដល់សហគមន៍កំពង់ភ្លុក។
ពេលធ្វើដំណើរទៅដល់ភូមិឋានដ៏ស្រស់ស្អាតមួយនេះ ភ្ញៀវទេសចរអាចជិះទូកតូចទស្សនានៅក្រោមម្លប់ព្រៃឈើលិចទឹកដ៏ត្រជាក់។ ក្រៅពីនេះ នៅពេលល្ងាច គេអាចទស្សនាថ្ងៃលិចនៅលើផ្ទៃទឹកដ៏ស្រស់ស្អាត។ នៅពេលយប់ភ្ញៀវទេសចរអាច ស្នាក់នៅទីនោះបាន ដោយសហគមន៍មានផ្ទះស្នាក់នៅ រៀបចំយ៉ាងស្អាត និងមានផាសុកភាព។
ទេសភាពថតពីលើអាកាសកំពង់ភ្លុកនៅក្នុងរដូវប្រាំងពីប្រភពផេក Vanda Photography៖
សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក មានផលិតផល និងសេវាកម្មសម្រាប់ភ្ញៀវទេសចរ ដូចជា៖
– សេវាកម្មកាណូតដឹកភ្ញៀវទេសចរកម្សាន្ត
– សេវាកម្មទូកអុំកម្សាន្តក្នុងភូមិ និងក្នុងព្រៃលិចទឹក
– សេវាកម្មផ្ទះស្នាក់ ម្ហូបអាហារ និងភេសជ្ជជាដើម។
ខាងក្រោមនេះជាសកម្មភាពផ្សេងៗក្នុងការទស្សនាចរណ៍នៅសហគមន៍ភូមិកំពង់ភ្លុក៖
ប្រភពរូបភាព៖ Boy Mok