លោកចេនសេន ហារីស (Jensen Harris) បានធ្វើការឲ្យ Microsoft អស់ ១៦ឆ្នាំមកហើយបន្ទាប់ពីបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ។ លោកបានដឹកនាំក្រុមផ្នែកច្នៃម៉ូដ និងបង្កើតផលិតផលសំខាន់ៗដូចជា Microsoft Office និង Windows ជាដើម។
ប៉ុន្មាន ៥ឆ្នាំកន្លះមុន លោកបានសម្រេចចិត្តចាកចេញពីMicrosoft និងចូលរួមបង្កើតក្រុមហ៊ុន Textio។ លោកបានប្រាប់ដល់ CNBC Make It កាលពីឆ្នាំ ២០១៨ ថា លោកបានសម្រេចចិត្តដូច្នេះព្រោះលោកដឹងថាលោកមិនអាចបង្កើតផលិតផលរបស់លោកក្នុងក្រុមហ៊ុនធំមួយបានទេ។ វាពិបាកសម្រាប់ក្រុមហ៊ុនធំៗក្នុងការចាប់យកហានិភ័យនិងគាំទ្រយ៉ាងខ្លាំងលើផលិតផលថ្មីមួយណាស់។
លោកបានរៀនសូត្រពីមេរៀនសំខាន់ៗទាក់ទិននឹងជីវិតជាអ្នកដែលចាកចេញពីការងារទៅចាប់ផ្តើមអាជីវកម្ម និងបានចែករំលែកនូវអ្វីដែលលោកចង់ដឹងមុនពេលចាកចេញពីជីវិតនេះ។លោកបានចែករំលែកលើ Twitter របស់លោកកាលពីឆ្នាំ ២០១៨ ដូចខាងក្រោមនេះ៖
១. អ្នកនឹងរកលុយបានតិចពេលដំបូងៗ
លោកបាននិយាយថា ប្រសិនបើលុយជាកត្តាដែលសំខាន់ជាងគេក្នុងជីវិតរបស់អ្នកនោះអ្នកមិនគួរចាកចេញពីការងារឡើយ ព្រោះអាជីវកម្មដំបូងរបស់អ្នកប្រហែលជាមិនអាចរកលុយបានច្រើនភ្លាមៗទេ។ អ្នកត្រូវចាំថាជីវិតជាអាជីវករមិនស័ក្តិសមសម្រាប់មនុស្សគ្រប់គ្នាទេ។
២. ត្រៀមខ្លួនក្នុងការធ្វើកិច្ចការដែលលើសពីតួនាទីរបស់អ្នក
ប្រសិនបើអ្នកបានធ្វើការឲ្យក្រុមហ៊ុនធំៗអស់ពេលជាយូរមកហើយ អ្នកគួរតែព្យាយាមដឹងថាតើមានជំនាញ និងបទពិសោធន៍អ្វីខ្លះដែលមានតម្លៃនៅក្រៅក្រុមហ៊ុននោះ។ មូលហេតុគឺមកពីអ្នកប្រហែលជាត្រូវបំពេញនូវតួនាទីច្រើនដែលមានលើសពីការកំណត់ពេលដែលទើបចាប់ផ្តើមដំបូង។
៣. ការមានភាពងើយឆ្ងល់ក្នុងការរៀនអ្វីដែលថ្មីៗមានសារៈសំខាន់ណាស់
ក្រុមហ៊ុនរបស់អ្នកមិនគ្រប់គ្រងនូវអ្វី និងពេលដែលអ្នករៀនទេ។ អ្នកមិនគួរចូលទៅក្នុងអាជីវកម្មមួយព្រោះតែអ្នកចេះ ឬមានបទពិសោធន៍លើផ្នែកនោះទាំងស្រុងទេ។ ផ្ទុយមកវិញ វាអាចជាទីផ្សារដែលអ្នកចាប់អារម្មណ៍ និងចង់រៀនសូត្របន្ថែមដែរ។ ចំណុចនេះមានសារៈសំខាន់ណាស់ជាពិសេសសម្រាប់មនុស្សដែលចាប់អារម្មណ៍លើវិស័យបច្ចេកវិទ្យា ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព