ខណៈពេលវិស័យសំខាន់ដែលចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិកំពុងរងគ្រោះដោយវិបត្តិជំងឺកូវីដ១៩ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថា កម្ពុជាបានចាត់ទុកវិស័យកសិកម្ម គឺជាវិស័យនាំមុខមួយក្នុងចំណោមវិស័យដទៃទៀត ដែលបានរួមវិភាគទានដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ របស់ប្រទេសកម្ពុជា និងបានរួមចំណែកក្នុងកំណើនផលទុនជាតិ ហើយវិស័យនេះក៏បានជួយផ្តល់ការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅជនបទ ដែលមានជីវភាពរស់នៅពឹងអាស្រ័យលើការងារកសិកម្ម ។
ហើយមានតែវិស័យកសិកម្មទេ ដែលនៅមានសក្តានុពលអាចស្តារសេដ្ឋកិច្ចនាសម័យកូវីដ១៩ ។ ដោយសម្លឹងឃើញថា វិស័យកសិកម្មមិនបានរងគ្រោះព្រោះជំងឺរាតត្បាតនេះ រាជរដ្ឋាភិបាលក៏មានមហិច្ឆតាក្នុងការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជាឱ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្នធន់ និងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាពសំដៅបង្កើនប្រាក់ចំណូលគ្រួសារកសិករ វិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឆ្លើយតប និងសំនួរជាច្រើនទាក់ទងនឹងវិស័យនេះ លោកបានឱ្យដឹងថា «កសិកម្មនៅតែសំខាន់នាពេលនេះ គឺដោយសារវិស័យឧស្សាហកម្ម និងសេវាកម្មបានធ្លាក់ចុះពោល គឺមានតែវិស័យកសិកម្មទេដែលនៅមានសក្តានុពលអាចស្តារ សេដ្ឋកិច្ចនាពេលនេះបាន»។
លោករដ្ឋមន្ត្រីបានបន្តថា សេដ្ឋកិច្ចកម្ពុជានឹងអាចធ្លាក់ចុះ -១,៩% នាឆ្នាំ២០២០ នេះដែលក្នុងនោះវិស័យឧស្សាហកម្ម និងសេវាកម្មអាចមានកំណើនជាអវិជ្ជមាន ហើយវិស័យកសិកម្មនឹងអាចមានកំណើនប្រមាណជាង + ១% ។ សក្តានុពលកសិកម្មនៅរឹងមាំ លទ្ធភាពផលិតនៅមានច្រើន ពលកម្មចំណាកស្រុកបានហូរចូលមកវិញដែលទាំងនេះ នឹងអាចជួយរុញវិស័យកសិកម្ម ឱ្យរីកលូតលាស់បាន ក្នុងដំណាក់កាលកូវីដ១៩នេះ។
កសិករមានឱកាសច្រើនជាងមុនក្នុងការបង្កើនផលិតកម្មដំណាំស្បៀងអាហារត្រីសាច់ ដោយហេតុថាមានតម្រូវការច្រើនពីអ្នកប្រើប្រាស់ ក្នុងខណៈពេលដែលការនាំចូលត្រូវបានថយចុះ (បញ្ហាកូវីដ១៩នាពេលកន្លងមក បានធ្វើឱ្យថមថយការដឹកជញ្ជូនទំនិញ ក៏ដូចជាការធ្វើពាណិជ្ជកម្មឆ្លងដែន)៕ដោយ៖ត្នោត