
រាជធានីភ្នំពេញ ៖ មរណភាពរបស់ម្តាយតារាសម្តែង ទឹម រដ្ឋា បានស្ថិតនៅក្នុងអារម្មណ៍សោកស្តាយពីមនុស្សជុំវិញខ្លួនច្រើនណាស់ និងអ្នកខ្លះទៀត បានឱ្យបងប្អូនត្រកូល ទឹម រក្សាជំហរ និងការតាំងចិត្តតស៊ូទៅមុខទៀត។
អ្នកបាត់បង់ជីវិតទៅបានសុខហើយ យើងរស់នៅត្រូវប្រឈមការងារសំខាន់ៗ តាមផែនការជីវិតអោយប្រសើរ នេះជារឿងធម្មជាតិរបស់សត្វលោក។ មានការសោកស្តាយដែលម្តាយ ទឹម រដ្ឋា នៅមិនទាន់បានការកូនការចៅអោយមើលឃើញនូវនឹកភ្នែកស្តែង និងបានជូនពរកូនថ្ងៃជ័យ។ ម្ល៉ោះហើយម្នាក់ៗ អាល័យចំណុចនេះខ្លះដែរ និងគិតថា ក្នុងចំណោមកូននៅលីវ មានតែទឹម រដ្ឋាទេ ដែលបាននាំអនាគតកូនប្រសារជាជនបរទេសជូនអ្នកមានគុណស្គាល់ និងបានស្វែងយល់ចិត្ត។ លើសពីនេះ ផែនការរៀបមង្គលការ ទឹម រដ្ឋា អាចកើតឡើងនៅឆ្នាំក្រោយ ដោយម្នាក់ៗបន់អោយឆាប់ដល់ទាំងអស់គ្នា។
នៅចុងក្រោយ អ្វីៗមិនទៀងបានបន្សល់ទុកនូវភាពក្តុកក្តួលបែកបាក់ ព្រោះជំងឺគាំងបេះដូងមួយភ្លែតអាចឆក់យកជីវិតម្តាយតារាស្រីល្បីឈ្មោះនេះបាត់។ តារាសម្តែង ទឹម រដ្ឋា ដែលខូចចិត្តជាអនេកពេលបាត់បង់ម្តាយជាទីស្រឡាញ់ទាំងមិនបានគិតទុក នៅតែខ្វល់ចិត្តទួញយំ។ កញ្ញាបានបង្ហាញនូវអារម្មណ៍អស់ចិត្តខ្លះដែរ ពេលរំលឹកដល់ភាពលះបង់របស់នាងជាមួយកូនៗឯទៀតដាក់អ្នកម្តាយ។
ទឹម រដ្ឋា ដែលយំហើមភ្នែកបានបន្ទរថា « នាងបាត់បង់ម្តាយ គឺជារឿងមួយសោកសង្រេកបំផុតដែលរកវាចាអ្វីថ្លែងមិនបាន។ រវាងគាត់ នាង និងបងប្អូនបានលះបង់ធ្វើអ្វីៗ ដើម្បីគាត់ច្រើនមកហើយនាងក៏រំងាប់ចិត្តបាន។ ប៉ុន្តែគ្មានអ្នកណាមួយចង់បែកបាត់បង់គ្នា មិនដឹងជាតិណាជួបនោះទេ»។ នាងសូមសន្យាមើលថែលោកឪពុក បងប្អូនអោយល្អ សូមដួងព្រលឹងអ្នកម្តាយស្ងប់ចិត្តចុះ។ ពិធីបុណ្យ៧ថ្ងៃរបស់ម្តាយ ទឹម រដ្ឋា បានរៀបចំធ្វើឡើងនៅរសៀលថ្ងៃទី៥ សីហា ឆ្នាំ២០២០នេះ នាបណ្តោយផ្លូវព្រែកលាភ រាជធានីភ្នំពេញ ដោយសិល្បករជាច្រើនចូលរួមដើម្បីជាកម្លាំងចិត្តផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព