ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ រកឃើញវិជ្ជមានវីរុសកូវីដ១៩ (Covid-19) ចំនួន ២នាក់ ជាបុរសជនជាតិខ្មែរ ១នាក់ និងជនជាតិកាហ្សាក់ស្តង់ ១នាក់ ព្រមទាំងព្យាបាលជាសះស្បើយចំនួន ២នាក់ផងដែរ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០។
តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា បុរសជនជាតិខ្មែរ អាយុ ៣៤ឆ្នាំ មានអាស័យដ្ឋានក្នុងខេត្តកណ្តាល បានត្រឡប់មកពីប្រទេសប៉ាគីស្ថាន កាលបីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០។ ចំណេកឯស្រ្តីជនជាតិកាហ្សាក់ស្តង់ អាយុ ៤២ឆ្នាំ មកពីប្រទេសកាហ្សាក់ស្តង់ បានមកដល់កម្ពុជាកាលបីថ្ងៃទី០៣ ខេសីហា ឆ្នាំ២០២០។
ដោយឡែក ចំពោះអ្នកជាសះស្បើយចំនួន ២នាក់ ជាស្រ្តីជនជាតិខ្មែរ អាយុ ៦០ឆ្នាំ មានអាស័យដ្ឋានក្នុងខេត្តដង្កោរ រាជធានីភ្នំពេញ និងកុមារីជនជាតិអាមេរិកាំង មានអាស័យដ្ឋានស្នាក់នៅក្នុងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។
បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ នៅកម្ពុជាថយចុះនៅត្រឹម ៤០នាក់ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងនៅបន្ទប់ដាច់ដោយឡែកក្នុងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។
គិតមកដល់ពេលនេះ ស្ថានភាពកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាសរុបចំនួន ២៤៣នាក់ មានស្រ្តីចំនួន ៤៧នាក់ និងបុរស ១៩៦នាក់ (គិតទាំងរលកទី១ និងរលកទី២ នៃករណីឆ្លងវីរុសកូវីដ១៩ នៅកម្ពុជា)។ ដោយឡែក កម្ពុជាបានព្យាបាលជាសះស្បើយទាំងស្រុងបានចំនួន ២០២នាក់ ដែលមានស្រី ៤៥នាក់ និងប្រុស ១៥៧នាក់ ស្មើនឹង៨៣,១៣%៕