Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាថ៌កំបាំងរូងភ្នំលោភលន់ នៅកំពង់ឆ្នាំង

មើលតែរូបរាងពីខាងក្រៅគឺជារូងភ្នំធម្មជាតិធម្មតាប៉ុណ្ណោះ ប៉ុន្តែនៅខាងក្នុងមានអាថ៌កំបាំងជាច្រើនហើយក៏បានឆក់យកជីវិតមនុស្សជាច្រើននាក់ក្នុងរូងភ្នំនេះផងដែរ។ 

វាគឺជារូងភ្នំដ៏ធំមហិមាដែលមានប្រវែងប្រហែលជា 12 គីឡូម៉ែត្រ លាតសន្ធឹងពីភ្នំរាប់បាត្ររហូតទៅដល់ភ្នំព្រះឯណោះ។ 

អ្នកប្រវត្តិវិទូបានអះអាងថា នៅកាលសម័យលង្វែក ទាហានជាច្រើនបានមករស់នៅរូងភ្នំនេះហើយក៏បានតម្កល់ទុកនូវវត្ថុស័កសិទ្ធ និងរបស់មានតម្លៃមាសពេជ្រកែវកងនានាក្នុងរូងភ្នំដ៏ធំមួយនេះផងដែរ។ ហើយរបស់របរដែលមានតម្លៃទាំងនោះ មិនទាន់ត្រូវបាននរណាម្នាក់អាចយកចេញពីរូងភ្នំនេះបានឡើយ ព្រោះកុំថាឡើយយកចេញមកប្រើជាកម្មសិទ្ធិខ្លួន សូម្បីតែគិតថាចង់បានរបស់ទាំងនោះ ក៏នឹងត្រូវស្លាប់យ៉ាងទាន់ហន់នៅក្នុងរូងភ្នំនោះដោយគ្មាននរណាអាចយកសាកសពចេញបានឡើយ។ 

អ្នកទាំងនោះនឹងត្រូវស្លាប់យ៉ាងវេទនា ខ្លះត្រូវថ្មរលំសង្កត់បែកក្បាលខ្ទេចសាកសព ឯខ្លះទៀតត្រូវសត្វប្រចៀវរាប់ពាន់ក្បាលនៅក្នុងនោះចឹកស៊ីគ្រាប់ភ្នែក និងខួរក្បាលទាំងរស់ទៀតផង។ តែចំពោះអ្នកដែលទៅជាមួយប្រសិនបើគេមិនមានចិត្តចង់បានរបស់ទ្រព្យទាំងនោះទេ ទាំងដុំថ្ម និងសត្វប្រចៀវមិនមកបៀតមានអាយុជីវិតឡើយ។

លោក គោក ឃ្លាំង សព្វថ្ងៃរស់នៅស្រុកទឹកផុសខេត្តកំពង់ឆ្នាំង បាននិទានរឿងពិតដែលគាត់បានជួបប្រទះទាក់ទងទៅនឹងអាថ៌កំបាំងនៃរូងភ្នំលោកលន់នេះផងដែរថា, 

កាលពីប្រហែលជាខែមេសាឆ្នាំ 2006 លោក និងអ្នកភូមិស្រុកមួយចំនួនបានសាកល្បងចូលទៅក្នុងរូងភ្នំនោះដើម្បីចង់ដឹងពីចម្ងល់អាថ៌កំបាំងតាមពាក្យចាស់និទានប្រាប់។ ពេលចូលដល់, គ្រប់គ្នាតាំងចិត្តថាមិនធ្វើចិត្តលោភលន់ និងមិនចង់បានអ្វីទាំងអស់។ ក្រោយពីពួកគេសម្រេចចិត្តចូលទៅដល់ក្នុងរូងភ្នំនោះ មានម្នាក់កាន់ចន្លុះដើម្បីបំភ្លឺផ្លូវព្រោះក្នុងរូងភ្នំនោះងងឹតណាស់។ ដើរបានប្រហែលកន្លះម៉ោងមិនជួបប្រទះអ្វីទេ ប៉ុន្តែពេលពួកគេដើរទៅមុខបន្តទៀតក៏បានឃើញវត្ថុស័កសិទ្ធមានព្រះសំរិត ព្រះធ្វើពីមាស ពីប្រាក់ ព្រះគណេស លិង្គព្រះឥសូរ មាសពេជ្រ មាសតាន់ មាសដុំខ្សែក ចិញ្ចៀនក្រវិល គរលើគ្នាពាសពេញស្ទើរមិនគួរឱ្យជឿនូវអ្វីដែលខ្លួនកំពុងតែឃើញនឹងភ្នែកផ្ទាល់។

ពេលនោះអ៊ុ វុន ដែលចាស់ជាងគេនៅក្នុងក្រុមនេះបានស្រែកឃាត់រំលឹកថា ហាមអ្នកទាំងអស់គ្នាកុំឱ្យប៉ះរបស់របស់មានតម្លៃទាំងនោះហើយសូមធ្វើចិត្តកុំគិតថាចង់បានរបស់ទាំងនោះ ដោយប្រឹងធ្វើចិត្តឃើញរបស់ទាំងនោះគ្រាន់តែជាដុំថ្មធម្មតាប៉ុណ្ណោះ។

តែមួយសន្ទុះក្រោយមក មានអ្នកក្នុងក្រុមនោះបានប៉ះខ្សែដៃមាសមួយដោយចេតនាចង់បាន ស្រាប់តែវត្ថុសាកសិទ្ធ និងរបស់មានតម្លៃទាំងនោះក៏ប្រែទៅជាគំនរសាកសពស្អុយរលួយជាច្រើនមានគំនរសពមនុស្ស និងលាយយសត្វជើងបួនទៀតផង។ ភ្លាមនោះ, មានពស់ដ៏ធំមួយបានហក់មកបុកបុរសនោះហើយសត្វប្រចៀវជាច្រើនបានចុះស៊ីបុរសនោះទាំងរស់បណ្ដាលឱ្យស្លាប់ដាច់ខ្យល់ភ្លាមៗមិនអាចមាននរណាជួយបាន។ រូងភ្នំក៏ចាប់ផ្ដើមកក្រើកហើយអ្នកទាំងអស់ដែលមិនបានមានចិត្តលោភលន់ក៏ប្រញាប់រត់គេចខ្លួនហើយក៏រកច្រកចេញឃើញដោយសុវត្ថិភាព។ 

ពីពេលនោះមកអ្នកភូមិអ្នកស្រុកហាមដាច់ខាតមិនឱ្យចូលទៅក្នុងរូងភ្នំនោះទេ។ ហើយយើងក៏មិនអាចទុកចិត្តបានដែរថាខ្លួនយើងចង់បានរបស់ឬអត់នៅពេលដែលឃើញផ្ទាល់ភ្នែកបែបនេះ។ 

ថ្វីបើបច្ចុប្បន្ននេះគេលែងឮដំណឹងថាមានអ្នកណាស្លាប់នៅក្នុងរូងភ្នំនេះទៀតហើយ តែគេជឿថាព្រលឹងអ្នកដែលបានស្លាប់នៅក្នុងរូងភ្នំនោះតែងតែស្រែកទ្រហ៊ោយំ ព្រោះមិនបានទៅចាប់ជាតិទេដោយគេឃុំព្រលឹងជាប់ក្នុងនោះ ដូច្នេះហើយទើបរៀងរាល់រាត្រី, នរណាដែលបានដើរកាត់រូងភ្នំនេះ តែងតែឮសំឡេងស្រែកទ្រហោយំទ្រហឹងអឹងកងនៅក្នុងរូងភ្នំនោះដោយក្តីឈឺចាប់៕

រៀបរៀងដោយ រាត្រី រន្ធត់!

from: https://tnaot.com/km/m/detail/article/9554520