អ្វីដែលអ្នកត្រូវជៀសវាងដាច់ខាតប្រសិនបើអ្នកមិនចង់បំផ្លាញអាជីពរបស់អ្នកក្នុងពេលនេះ
អ្នកជំនាញផ្នែកចិត្តសាស្ត្រប្រាប់មកថា មនុស្សមិនគួរធ្វើការសម្រេចចិត្តរយៈពេលវែងឆ្ងាយក្នុងកំឡុងពេលដែលមានវិបត្តិដូចជាការផ្ទុះជំងឺកូវីដ ១៩ នេះទេ ព្រោះតែមានកត្តាផ្លូវចិត្តសំខាន់មួយ។ លោកដានៀល ខានេមេន (Daniel Kahneman) ដែលជាអ្នកចិត្តសាស្ត្រឈ្នះរង្វាន់ណូបែល និងដៃគូស្រាវជ្រាវបានប្រាប់មកថា មនុស្សបង្កើតតថភាពយោងទៅតាមឧទាហរណ៍ ព្រឹត្តិការណ៍ និងបទពិសោធន៍ផ្សេងៗដែលនៅជុំវិញខ្លួន។
ប្រសិនបើអ្នកមើលឃើញ បានអាន ឬបានលឺនូវអ្វីដែលមិនល្អនោះ អ្នកនឹងគិតថាអនាគតមានភាពអវិជ្ជមានច្រើន។ លោកខានេមេនបានប្រាប់មកថា ព្រឹត្តិការណ៍ និងបទពិសោធន៍ដែលកំពុងកើតមានឡើងក្នុងពេលបច្ចុប្បន្ននេះមិនផ្តល់ជាព័ត៌មានល្អៗសម្រាប់ការធ្វើការសម្រេចចិត្តដែលពាក់ព័ន្ធនឹងអនាគតរបស់អ្នកទេមិនថាអ្នកជាអាជីវករ ឬអ្នកធ្វើការក្នុងការិយាល័យឡើយ។ខាងក្រោមគឺជាវិធីងាយៗក្នុងការជៀសវាងការសម្រេចចិត្តមិនល្អដែលអាចប៉ះពាល់ដល់អាជីវកម្ម និងការងាររបស់អ្នក៖
១. រកអ្នកផ្តល់ដំបូន្មានល្អ
អ្នកគួរតែសួរយោបល់អ្នកណែនាំដែលបានឆ្លងកាត់ព្រឹត្តិការណ៍ពិបាកៗជាដោយជោគជ័យ។ ប្រសិនបើអ្នកមានអាយុវ័យក្មេង និងមិនធ្លាប់បានឆ្លងកាត់ពេលដែលសេដ្ឋកិច្ចមមិនមានស្ថានការល្អ អ្នកគួរតែងាកតៅរកមនុស្សដែលបានឆ្លងកាត់ច្រើនជាងអ្នកដើម្បីឲ្យពួកគេណែនាំមុនពេលធ្វើការសម្រេចចិត្តធំៗ។
២. កាត់បន្ថយការទទួលយកព័ត៌មានដែលមិនល្អ
ការទទួលយកព័ត៌មានដែលមិនល្អច្រើនពេកអាចធ្វើឲ្យមនុស្សមានជំងឺព្រួយបារម្ភច្រើន និងជំងឺបាក់ទឹកចិត្តផងដែរ។ លើសពីនេះទៅទៀត វាប៉ះពាល់ដល់សមត្ថភាពក្នុងការសម្រេចចិត្តរបស់មនុស្ស។ អ្នកគួរតែកំណត់ពេលវេលាសម្រាប់ការអាន ឬទស្សនាព័ត៌មានមិនថាលើទូរទស្សន៍ ឬលើប្រព័ន្ធសង្គមទេ។ ផ្ទុយមកវិញ អ្នកគួរតែចំណាយពេលលើការទទួលព័ត៌មានដែលអាចជួយដល់អ្នកនៅថ្ងៃមុខ។
៣. ស្តាប់តាមដំបូន្មានរបស់មនុស្សដែលជោគជ័យ
លោកមហាសេដ្ឋីវ៉ារេន បាហ្វេត (Warrren Buffett) ដែលជានាយករបស់ Berkshire Hathaway ធ្លាប់បាននិយាយកាលពីឆ្នាំ ២០១៨ មកថា នៅឆ្នាំ ១៩៤២ ពេលដែលមនុស្សជាច្រើនគិតថាសហរដ្ឋអាមេរិកប្រហែលជានឹងចាញ់សង្គ្រាមលោកលើកទីពីរ លោកបាហ្វេតបានសម្រេចចិត្តទិញភាគហ៊ុនដំបូងរបស់លោកព្រោះលោកគិតថាអនាគតនឹងភ្លឺស្រាងជាងមុន។
លោកបាននិយាយថា លុយ ១ម៉ឺនដុល្លារដែលលោកបានវិនិយោគនៅពេលនោះប្រហែលជាមានតម្លៃស្មើ ១លានដុល្លារក្នុងពេលបច្ចុប្បន្ននេះហើយ។ ការលូតលាស់រីកចម្រើនតែងតែបន្តកើតមានឡើងទោះជាអ្នកមិនបានចាប់អារម្មណ៍លើវាពិតមែនក្តីក្នុងពេលដែលមានវិបត្តិកូវីដនេះ។
មុនពេលអ្នកធ្វើការសម្រេចចិត្តក្នុងថ្ងៃនេះ អ្នកគួរតែសួរខ្លួនឯងសិនថា តើជីវិតរបស់អ្នកនឹងមានរូបរាងយ៉ាងដូចម្តេចក្នុងកំឡុងពេល ១០ឆ្នាំពីពេលនេះទៅ? តើអ្នកត្រូវមានជំនាញអ្វីដើម្បីអាចសម្រេចគោលដៅទាំងនោះបាន? ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព