ក្រសួងសុខាភិបាល កាលពីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេះ បានធ្វើការណែនាំឱ្យអាជ្ញាធរ និងក្រុមគ្រូពេទ្យ នៅតាមមូលដ្ឋាន ត្រូវបង្កើនការរឹតបន្តឹងតាមដានឲ្យបានម៉ឺងម៉ាត់ ទៅលើអ្នកធ្វើចត្តាឡីស័ក ក្នុងតំបន់នីមួយៗ។
ការរឹតបន្តឹងលើការគ្រប់គ្រង អ្នកធ្វើចត្តាឡីស័ក អាចជាការរួមចំណែកទប់ស្កាត់ ការរាលដាលជំងឺកូវីដ១៩ ខណៈ ប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកដែលត្រូវបានឃុំខ្លួនទុករយៈពេល១៤ថ្ងៃ បានលួចរត់ចេញពីកន្លែងធ្វើតេស្តរកមេរោគកូវីដ១៩ ទៅគ្រប់ទីកន្លែង។
នៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃនេះ លោកស្រី យក់សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានធ្វើការណែនាំដល់អ្នកពាក់ព័ន្ធឱ្យបង្កើនការរឹតបណ្តឹង យកចិត្តទុកដាក់លើបញ្ហានេះបន្ថែមទៀត។“នៅតែបន្តរឹតបន្តឹងយាមកាម ហើយណែនាំ ព្រោះនេះជារឿងសុខភាពរបស់ពួកគាត់ក៏ដូចជាសុខភាពរបស់សហគមន៍”។
ករណីនៃការរត់ចេញពីកន្លែងធ្វើចត្តាឡីស័កកន្លងមកនេះ គឺត្រូវបានធ្វើឡើងជាបន្តបន្ទាប់ដូចជា៖ អ្នកធ្វើចត្តាឡីស័កចំនួន២នាក់ បានរត់ចេញពីកន្លែងធ្វើចត្ដាឡីស័ក ក្នុងវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន កំពង់លាវ ស្ថិតក្នុងខេត្តព្រៃវែង នៅវេលាម៉ោងប្រមាណ៤ល្ងាចថ្ងៃទី០៣ ខែសីហាឆ្នាំ ២០ ២០ពេល។ ប៉ុន្តែត្រូវបានអាជ្ញាធរបានរកឃើញ ហើយក៏បាននាំមកកន្លែងចត្តាឡីស័កវិញរួចហើយ។
មិនត្រឹមតែប៉ុណ្ណឹងទេ គឺនៅមានជាច្រើនទៀត ដែលត្រូវបានរត់ចេញពីកន្លែងធ្វើចត្តាឡីស័កផងដែរ៕ ដោយ៖ ឃួន លក្ខិណា