រដ្ឋបាលសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២០ បានចេញសេចក្តីណែនាំដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង អភិបាលខណ្ឌទាំង ១៤ ឱ្យចាត់វិធានការតាមច្បាប់ ចំពោះការប្រមូលផ្ដុំណា ដែលគ្មានការអនុញ្ញាត ។
យោងតាមសេចក្តីណែនាំដដែលនេះ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការប្រមូលផ្ដុំមនុស្សដើម្បីតវ៉ា ទាមទារឱ្យមានការដោះ ជនត្រូវចោទម្នាក់ ដែលកំពុងឃុំខ្លួន ពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌ នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ដោយមិនបានជូនដំណឹងមកអាជ្ញាធរមានសមត្ថកិច្ច។
សកម្មភាពខាងលើនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ទៅដល់ប្រក្រតីភាពសង្គម សណ្ដាប់ធ្នាប់ សាធារណៈ លំហូរចរាចរណ៍ និងប្រាសចាកពីគោលការណ៍ច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី ត្រង់មាត្រា៥ ដែលចែងថា ក្រុមបុគ្គលណាដែលមានបំណងធ្វើបាតុកម្មដោយសន្តិវិធី នៅកន្លែងសាធារណៈណាមួយ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអាជ្ញាធរដែនដីរាជធានី ឬខេត្ត មានសមត្ថកិច្ចគ្រប់គ្រងទីកន្លែងនោះ។
ទន្ទឹមនឹងនេះ សាលារាជធានីនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនទាំងឡាយណា ដែលធ្វើសកម្មភាពជួបជុំប្រមូលផ្ដុំ ដោយគ្មានការអនុញ្ញាតក្នុងដំណាក់កាល នៃការរីករាលដាលជាសកលនៃវីរុសកូវីដ-១៩ បានអនុវត្តផ្ទុយអំពីវិធានការនានា របស់អង្គការសុខភាពពិភពលោក (WHO) គោលការណ៍សុខភាពសាធារណៈ របស់ក្រសួងសុខាភិបាល៕ ដោយ៖ត្នោត