ស្ថានទូតថៃប្រចាំកម្ពុជា នៅថ្ងៃអង្គារ៍នេះ បានជូនដំណឹងពីហេតុការណ៍ផ្ទុះអាវុធមួយ ក្នុងទីក្រុងបាងកក ដែលបណ្តាលឲ្យមនុស្សជាច្រើននាក់ស្លាប់ និងរបួស ដោយក្នុងនោះមានតែស្រ្តីម្នាក់ជាជនជាតិខ្មែរ។
តាមសេចក្តីរាយការណ៍ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២២យប់ ថ្ងៃច័ន្ទ ទី៣ សីហា ក្នុងអគារល្បែងស៊ីសងមួយ លេច ៥០១/២៣៧ ផ្រាក់រ៉ាម៣ សយ៦៦ សង្កាត់ឆង់នុនស៊ី ខណ្ឌយ៉ានណាវ៉ា ទីក្រុងបាងកក ខណៈមូលហេតុបង្កឲ្យមានអំពើហឹង្សាកើតឡើង នៅមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយ។
ក្នុងហេតុការណ៍នេះដែរ គឺមានមនុស្សយ៉ាងហោច ៤នាក់ស្លាប់ និង២នាក់រងរបួស ដោយស្ត្រីខ្មែរដែលស្លាប់មានឈ្មោះ ម៉ៅ ស្រីពៅ ភេទស្រី អាយុ ២៩ឆ្នាំ មានទីលំនៅសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មកទល់នឹងពេលនេះ ស្ថានទូតកម្ពុជា នៅបាងកក កំពុងធ្វើការជិតស្និតជាមួយអាជ្ញាធរថៃ ស៊ើបអង្កេតក្នុងករណីនេះ ហើយបានទំនាក់ទំនងជាមួយសាច់ញាតិសពនៅកម្ពុជារួចហើយ ខណៈសាច់ញាតិសព បានស្នើស្ថានទូត ជួយសម្របសម្រួល និងចេញឯកសារនាំសពទៅធ្វើបុណ្យតាមប្រពៃណីទឹកដីកំណើតវិញ៕ ដោយ៖ ត្នោត