ក្រសួងពាណិជ្ជកម្ម បានបង្កើតក្រុមការងាររៀបចំគោនយោបាយ និងយុទ្ធសាស្ត្រចរចា ដើម្បីគ្រោងធ្វើការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយនិងប្រទេស១០ទៀត ខណៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយប្រទេសចិន កាលពីពេលថ្មីៗនេះ នៅរង់ចាំតែថ្ងៃចុះហេត្ថលេខាប៉ុណ្ណោះ។
លោកប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា កម្ពុជាគ្រោងនឹងធ្វើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសផ្សេងៗទៀតដូចជា៖ អង់គ្លេស អាមេរិក ជប៉ុន ម៉ុងហ្គោលី ឥណ្ឌា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន ដែលមានសមាជិក៥ប្រទេស គឺអាមេនី បេឡារុស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និងសហព័ន្ធរុស្ស៊ីជាដើម។
លោករដ្ឋមន្ត្រីបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី គឺផ្តោតសំខាន់លើការបើកទីផ្សារ ឱ្យកាន់តែធំជាមួយនឹងពិភពលោក។ ជាមួយគ្នានេះ កម្ពុជាទើបតែទទួលបានជោគជ័យ ក្នុងការបញ្ចប់កិច្ចចរចា បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដោយនៅរង់ចាំថ្ងៃចុះហត្ថលេខាតែប៉ុណ្ណោះ។
កិច្ចព្រមព្រៀងរវាងកម្ពុជានិងចិន គឺបានផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់កម្ពុជា លើផលចំណេញពីការអនុគ្រោះពន្ធ ក្នុងការនាំទំនិញចេញទៅប្រទេសចិន។ ដែលនេះមានន័យថា នៅពេលកិច្ចព្រមព្រៀង បានចូលជាធរមានហើយ នោះទំនិញជាច្រើនមុខ នឹងត្រូវទម្លាក់ពន្ធចូលដោយស្វ័យប្រវត្តិ៕ ដោយ៖ត្នោត