អង់គ្លេស ៖ បន្ទាប់ពីជួយ Arsenal យកឈ្នះក្រុម Chelsea ដោយលទ្ធផល ២-១ ដើម្បីក្លាយជាម្ចាស់ពានរង្វាន់ FA Cup រដូវកាលនេះ លោក Mikel Arteta បានថ្លែងអំណរគុណដល់លោក Pep Guardiola អ្នកចាត់ការទូទៅក្រុម Man City ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសមត្ថភាពរបស់គេក្នុងនាមជាគ្រូបង្វឹក។
សូមរំលឹកថា មុនឈានមកដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រក្រុមរបស់ Arteta បានផ្តួលក្រុមរបស់លោក Pep Guardiola នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយលទ្ធផល ២-០ ខណៈដែលក្រុម Chelsea បានផ្តួលក្រុម Man United ក្នុងលទ្ធផល ៣-១។
Arteta ដែលធ្លាប់ជាជំនួយការរបស់លោក Pep Guardiola បាននិយាយថា «Pep Guardiola គឺជាមនុស្សដ៏សំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្ញុំ ក្នុងនាមជាគ្រូបង្វឹក។ ខ្ញុំនឹងមិនអាចអង្គុយនៅទីនេះបានទេ បើគ្មានវត្តមានគាត់។ ដូច្នេះខ្ញុំត្រូវតែថ្លែងអំណរគុណដល់គាត់ពិសេសបំផុត»។
សូមរំលឹកថា Mikel Arteta ជាអតីតជំនួយការរបស់លោក Pep Guardiola ក្នុងក្រុម Man City កាលពីខែកក្កដា ឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០១៩ ដោយបានរួមចំណែកក្នុងការឈ្នះពានរង្វាន់ជាច្រើននៅទីនោះផងដែរ។ មុនពេលត្រូវបានតែងតាំងឱ្យក្លាយជាអ្នកចាត់ការទូទៅ របស់ក្រុមកាំភ្លើងធំ Arsenal កាលពីខែធ្នូ ឆ្នាំ២០១៩៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព