កម្លាំងនគរបាលស្នងការខេត្តព្រះសីហនុ បានធ្វើការចុះស្រាវជ្រាវករណីជំរិតទារប្រាក់ និងលួចមាន ស្ថានទម្ងន់ទោស(ប្លន់) ពីក្រុមជនជាតិចិន៧នាក់ ទៅលើជនជាតិចិនដូចគ្នា។
ករណីចុះបង្រ្កាប ក្រុមចាប់ជំរិតនេះ គឺត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ដោយប្រើរយៈពេលប្រមាណជិត១សប្តាហ៍ ទើបអាចស្រាវជ្រាវចាប់បាន ជនសង្ស័យជាជនជាតិចិនទាំង៧នាក់នេះ។
បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ នគរបាលខេត្តព្រះសីហនុបានឱ្យដឹងថា រយៈពេល២ទៅ៣ថ្ងៃនេះ កម្លាំងសមត្ថកិច្ច បានបើកយុទ្ធនាការស្រាវជ្រាវ បង្ក្រាបឃាត់ខ្លួនជនសង្ស័យ ៧នាក់(ស្រី១)ជាជនជាតិចិន ពាក់ព័ន្ធនឹងករណីចាប់បង្ខាំង ធ្វើទារុណកម្មជំរិតទារប្រាក់ និងអំពើលួចមានស្ថានទម្ងន់ទោស(ប្លន់)ផងដែរ។
ហេតុការណ៍ នៃការចាប់ជំរិតជនជាតិចិនខាងលើនេះ គឺបានកើតឡើង នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៣០ កក្កដា ឆ្នាំ២០២០ ខណៈប្រជាពលរដ្ឋ បានរាយការណ៍មកកម្លាំងសមត្ថកិច្ចថា បានឃើញ ជនជាតិចិនមួយក្រុមមានគ្នា៧នាក់ (ស្រី១នាក់) បានធ្វើសកម្មភាពចាប់ជនជាតិចិន២នាក់ (ស្រី១ និងប្រុស១នាក់) ចុះពីរថយន្ត១គ្រឿងម៉ាក RANGE ROVER ពណ៌ស ផ្លាកលេខៈ ភ្នំពេញ 2BR-3333 ចូលទៅក្នុងផ្ទះវីឡាមួយកន្លែង ដែលនៅផ្លូវទៅលើភ្នំ ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដោយប្រើកាំប៉ិតភ្ជង់កជនរងគ្រោះ។
ក្រោយទទួលបានព័ត៌មាននៃការចាប់ជំរិតនេះ សមត្ថកិច្ចបានបើកការស៊ើបអង្កេត រហូតឈានដល់ការចាប់ខ្លួន ជាបន្តបន្ទាប់។
ប្រភពដដែលបានបញ្ជាក់ថា មូលហេតុដែលអាចឈានដល់ករណីចាប់ជំរិតនេះបាន គឺដោយសារក្រុមជនសង្ស័យបានធ្វើជារាប់អានជនរងគ្រោះ ក្នុងនាមជាជនជាតិចិនដូចគ្នា ហើយណាត់ជួបមុខគ្នា ដើម្បីទទួលទានអាហារជាដើម។ បន្ទាប់មកជនសង្ស័យ ក៏បានរៀបចំផែនការចាប់ជនរងគ្រោះ ជំរិតទារប្រាក់តែម្តង ព្រមទាំងប្លន់យកលុយ និងសម្ភារ មានតម្លៃដែលនៅជាប់ខ្លួន ជនរងគ្រោះថែមទៀត។
ជាមួយគ្នាផងដែរ ជនសង្ស័យជាជនជាតិចិនទាំង៧នាក់ កំពុងស្ថិតនៅក្នុងការសាកសួរ របស់សមត្ថកិច្ច ក្រោយការសាកសួររួចហើយ និងបញ្ជូនជនសង្ស័យទាំងអស់នេះទៅតុលាការ ដើម្បីចាត់វិធានការតាមច្បាប់៕ ដោយ៖ត្នោត