នី ស៊ូអរគុណ គឺជាវិស្វករផ្នែកមេកានិចមានដើមកំណើតខ្មែរ បានរួមចំណែកក្នុងបេសកកម្មផលិតយានទៅកាន់ភពព្រះអង្គាររបស់អង្គការអវកាស ហៅកាត់ណាសា (NASA)។
លោកស្រីចាប់ផ្ដើមការងារនៅមន្ទីរពិសោធន៍ថាមពលរបស់អង្គការណាសាក្នុងឆ្នាំ២០១៦ ហើយនៅឆ្នាំបន្តបន្ទាប់ ស៊ូអរគុណ បានចូលរួមជាមួយក្រុមបច្ចេកទេសផលិតយានអវកាសក្នុងបេសកកម្មឆ្នាំ២០២០ ទៅកាន់ភពអង្គាររបស់ អង្គការNASA។
ក្រុមគ្រួសាររបស់ នី ស៊ូអរគុណ បានទៅដល់ទឹកដីសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៨៤ បន្ទាប់ពីគ្រួសាររបស់លោកស្រីបានរួចផុតពីការកាប់សម្លាប់នៃរបបខ្មែរក្រហម និងសង្គ្រាមស៊ីវិលអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវ និងភាពជោគជ័យរបស់លោកស្រីបានមកពីការតស៊ូ ជំនះឧបសគ្គជាច្រើនរាប់មិនអស់ និងជាមោទកភាពមួយរបស់ជនជាតិខ្មែរ។
លោកស្រីបាននិយាយថា៖ “សង្គ្រាមបានធ្វើឲ្យក្រុមគ្រួសារខ្ញុំត្រូវរសាត់មកដល់ទីនេះ (សហរដ្ឋអាមេរិក)។ ច្បាស់ណាស់ ការឆ្លងផុតពីសង្គ្រាមគឺជាការតស៊ូមួយ ហើយពេលនេះខ្ញុំបានយកជ័យជម្នះម្ដងទៀតលើទឹកដីថ្មី”៕