លោកជេមី ឌីម៉ុន (Jamie Dimon) ដែលជាអគ្គនាយក និងនាយកប្រតិបត្តិរបស់ JPMorgan Chase & C. បានដឹកនាំធនាគារធំជាងគេក្នុងសហរដ្ឋអាមេរិក និងបម្រើដល់ពាក់កណ្តាលនៃប្រជាជនទាំងអស់ក្នុងប្រទេស ព្រមទាំងគ្រប់គ្រងបុគ្គលិកច្រើនជាង២៥ម៉ឺននាក់ទៅទៀតជុំវិញពិភពលោក។
ហើយប្រៀបបាននឹងនាយកដ៏ជោគជ័យជាច្រើនដូចជាលោកនាយកប្រតិបត្តិ ជេហ្វ បេសូស (Jeff Bezos) របស់ Amazon និងលោកនាយកប្រតិបត្តិ អ៊ីឡុន ម៉ាស (Elon Musk) របស់ Tesla ដែរ លោកឌីម៉ុនចាប់ផ្តើមថ្ងៃរបស់លោកដោយមានទម្លាប់មួយ។
បន្ទាប់ពីចូលដំណេកបានប្រមាណ៧ម៉ោងហើយ លោកឌីម៉ុនក្រោកពីដំណេកនៅម៉ោង ៥ ព្រឹក និងអានអត្ថបទជាច្រើនប្រមាណមួយម៉ោងទៅពីរម៉ោង។ លោកចាប់ផ្តើមដោយអានកាសែត The New York Daily News, The New York Post, The Washington Posts, The Wall Street Journal, និង The Financial Times ជាដើម រួមទាំងរបាយការណ៍ទាក់ទិននឹងអត្រាការប្រាក់ និងអត្ថបទពាក់ព័ន្ធនឹងសេដ្ឋកិច្ចជាច្រើនទៀត។
លោកចូលចិត្តអានកាសែតក្រដាសច្រើនជាងអានលើឧបករណ៍ឌីជីថលព្រោះលោកអាចអានបានលឿន ហើយវាគួរឲ្យចាប់អារម្មណ៍ជាងសម្រាប់លោក។ លោកបានបន្ថែមទៀតថា «ប្រសិនបើអ្នកអានវាលើអ៊ីនធើណែត អ្នកនឹងព្យាយាមអានតែអ្វីដែលអ្នកចង់អានទេ ហើយប្រសិនបើខ្ញុំមានពេល ខ្ញុំនឹងអានរឿងជាច្រើនដែលខ្ញុំមិនដែលអានពីមុនមកព្រោះខ្ញុំចង់ធ្វើអ្វីដែលខុសពីទម្លាប់ធម្មជាតិរបស់ខ្ញុំ។» លើសពីនេះទៅទៀតលោកបានចែករំលែកដែរថាលោកអានសៀវភៅជាច្រើន ប៉ុន្តែភាគច្រើនលោកធ្វើដូច្នេះកំឡុងពេលវិស្សមកាលប៉ុណ្ណោះ។ បន្ទាប់ពីបានអានអត្ថបទជាច្រើនហើយ ដល់ម៉ោង ៧ ព្រឹក លោកធ្វើលំហាត់ប្រាណប្រមាណ៤៥នាទី ប៉ុន្តែលោកមិនមានទម្លាប់ទទួលទានអាហារពេលព្រឹកមុនពេលទៅធ្វើការទេ។ ផ្ទុយមកវិញ លោកផឹកកាហ្វេតែមួយកែវប៉ុណ្ណោះ ព្រោះលោកមិនមានអារម្មណ៍ឃ្លានឡើយនៅពេលព្រឹក៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព