រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី០៥-១១ ខែសីហា ឆ្នាំ២០២០ កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីខ្សោយ។
ក្រសួងបានឲ្យដឹងថា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ តាមរយៈនៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីខ្សោយ ។
ស្ថានភាពបែបនេះធ្វើឱ្យ ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖ មានសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C ។
ភ្លៀងនឹងបន្តធ្លាក់ក្នុងកម្រិតបរិមាណកើនឡើង ពីតិចទៅច្រើនជាលំដាប់ ទន្ទឹមនឹងវិសាលភាពរីករាយប៉ាយផងដែរ ។
២- បណ្ដាខេត្តទៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ មានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅច្រើន ។
៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖ មានសីតុណ្ហភាពអប្បបរមាមានពី ២៤-២៦°C មានសីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីតិចទៅបង្គួរ ។
ក្រសួងបានបញ្ជាក់ថា នៅថ្ងៃទី០៥-០៦ ខែសីហា អាចនឹងមានភ្លៀងខ្លាំងកើតឡើង ហើយជាមួយគ្នានេះ ក្រសួងអំពាវនាវសូមប្រជាពលរដ្ឋ បន្ដប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ ដែលនៅបន្តកើតមាន ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព