គួរឲ្យស្ញប់ស្ញែង! កូនខ្មែរកែច្នៃគ្រឿងបន្លាស់ម៉ូតូទៅជាវត្ថុសិល្បៈបុរាណយ៉ាងល្អឯក
គ្រឿងបន្លាស់ម៉ូតូចាស់ៗប្រើការលែងកើតប្រហែលក្លាយជាគ្រឿងសំណល់បោះចោល ឬទុកលក់អេតចាយរបស់មនុស្សទូទៅ តែកូនខ្មែរម្នាក់បាននឹកឃើញការកែច្នៃមួយដែលគួរឲ្យស្ញប់ស្ញែង។
មានឈ្មោះហៅថា អ៊ូ វណ្ណឌី កូនខ្មែរម្នាក់នេះបានចំណាយពេលវេលាជាច្រើនជាមួយនឹងភាពអំណត់អត់ធ្មត់ និងស្មិងស្មាធិ៍ ដើម្បីប្រែក្លាយគ្រឿងបន្លាស់ម៉ូតូចាស់ៗប្រើការលែងកើតទៅជារូបសំណាកបុរាណខ្មែរដ៏ល្អឯករួមមានដូចជា ហនុមាន, ដំរីក្បាលបីព្ធរាវ័ណ, គោព្រៃ និងវត្ថុសិល្បៈជាច្រើនទៀតគួរជាទីមោទនៈ។
លោកវណ្ណឌី មានស្រុកកំណើតនៅភូមិគោកពពេល ស្រុកអង្គស្នួល ខេត្តកណ្ដាល ពោលគឺមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញនោះឡើយ។ ស្នាដៃរបស់លោកដែលគេប្រទះឃើញញឹកញាប់ជាងគេគឺរូបសំណាកគោព្រៃដែលដាក់តាំងនៅខាងមុខវិទ្យាស្ថានភាសាបារាំង Institut Français។
សិល្បករវណ្ណឌីបានឲ្យដឹងថា ការធ្វើរូបនីមួយៗត្រូវចំណាយពេលយូរ ឬឆាប់អាស្រ័យលើទំហំនៃរូបសំណាក ហើយទាមទារដាច់ខាតក្ដីស្រឡាញ់, ការយកចិត្តទុកដាក់ និងភាពអត់ធ្មត់។ ដោយសារកត្តាទាំងនេះទើបស្នាដៃរបស់លោកកំពុងល្បីល្បាញខ្លាំងពិសេសលើបណ្ដាញសង្គម Facebook៕
អត្ថបទ៖ WowCambodian /រូបថត៖ Vanndy Ou