លោកអ៊ុន ចាន់ដា អភិបាលខេត្តថ្លែងនៅក្នុងពិធីដាំដើមក្ងោកផ្កាពណ៌លឿងចំនួន៥០០ដើម នាព្រឹកថ្ងៃទី២ សីហា ២០២០ ភ្លាមៗលោកក៏មានប្រសាន៍ថា «មនុស្សម្នាក់ត្រូវដាំដើមឈើមួយដើម»។
គោលបំណងដ៏របស់លោកគឺសម្រាប់លម្អតាមដងផ្លូវបេតុងជុំវិញប្រាសាទនគរបាជ័យ ដែលមានទីតាំងស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម ប្រយោជន៍សម្រាប់ផ្ដល់ម្លប់ និងចេញផ្កាពណ៌លឿងយ៉ាងស្រស់ស្អាត ដើម្បីទាក់ទាញដល់ភ្ញៀវទេសចរណ៍មកលេងកំសាន្ដនៅតំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រនេះកាន់តែច្រើនឡើង។
លោកស៊ាន សុគុណ ប្រធានមន្ទីរទេសចរណ៍ខេត្តមានប្រសាសន៍លើកឡើងថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោកអភិបាលខេត្ត ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ដោយបានរួមគ្នាដាំដើមក្ងោក សម្រាប់លម្អនៅផ្លូវបេតុងជុំវិញប្រាសាទនគរបាជ័យ ។
ជាក់ស្ដែងកន្លែងដែលកំពុងប្រារព្ធពិធីនេះក្រោមការយកចិត្តទុកដាក់ពីសំណាកអភិបាលខេត្តជំនាន់មុន បានដាំដើមឈើប្រណិតដែលកំពុងតែផ្ដល់ម្លប់ត្រជាក់ ធ្វើឲ្យអ្នកចូលរួមរាប់រយនាក់មានអារម្មណ៍ស្រស់ថ្លា។ ជាមួយនោះអាជ្ញាធរខេត្តសំណូមពរឲ្យប្រជាពលរដ្ឋ ដែលរស់នៅតំបន់ជុំវិញប្រាសាទក្នុងមួយគ្រួសារ ត្រូវថែរក្សាដើមក្ងោក១ដើមធ្វើយ៉ាងណាពូនជ្រុំស្រោចទឹក លូតលាស់ឲ្យបានល្អសម្រាប់ផ្ដល់ជាម្លប់នឹងអាចឱ្យយើងលក់ដូរនៅក្រោមដើមឈើបង្កើនប្រាក់ចំណូល បានមួយកម្រិតបន្ថែមទៀតដល់ក្រុមគ្រួសារ។
ចំពោះគោលដៅក្នុងពេលខាងមុខក៏ស្នើសុំឲ្យប្រជាពលរដ្ឋ ជួយឧបត្ថម្ភអំពូលសូឡាក្នុងមួយគ្រួសារមួយគ្រឿង ដើម្បីដាក់បំភ្លឺតាមដងផ្លូវបេតុងជុំវិញប្រាសាទនគរបាជ័យ ដែលពេលនោះតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រនេះ នឹងកាន់តែមានភាពស្រស់បំព្រងបន្ថែមទៀត៕ ដោយ៖ ត្នោត