កម្មវិធីប្រកួតអាជីវកម្មលំដាប់ពិភពលោកសម្រាប់ស្ត្រី និងបច្ចេកវិទ្យាជិតចាប់ផ្តើមហើយ
រាជធានីភ្នំពេញ ៖ «She Loves Tech» ដែលជាការប្រកួតប្រជែងអាជីវកម្មថ្មី (Startup) ធំបំផុត លំដាប់ពិភពលោកសម្រាប់ស្ត្រី និងបច្ចេកវិទ្យាឥឡូវនេះចាប់បើកទទួលពាក្យ សម្រាប់អាជីវកម្ម Startup នៅ កម្ពុជាហើយ។ នេះជាលើកដំបូងបំផុតដែលកម្ពុជានឹងឈានជើងចូលរួមក្នុង កម្មវិធីប្រកួតលំដាប់ពិភពលោកមួយនេះ។
«She Loves Tech» បានបង្កើតឡើងនៅឆ្នាំ២០១៥ ដើម្បីជំរុញឱ្យវិស័យបច្ចេកវិទ្យាសកលមានភាពចម្រុះ តាមរយៈការចូលរួមពីស្ត្រីដែលបម្រើការងារបច្ចេកទេស និងដើរតួនាទីជាអ្នកដឹកនាំផង។ ការសិក្សាជាសកល នៅឆ្នាំ២០១៧ របស់អង្គការ UNESCO ស្តីពី ការអប់រំក្មេងស្រី និងស្ត្រីផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) បានបង្ហាញឱ្យឃើញ ថាមានតែ៣០%នៃចំនួននិស្សិតស្រីសរុបនៅថ្នាក់ឧត្តមសិក្សា ប៉ុណ្ណោះដែលបានជ្រើសរើសសិក្សាមុខវិជ្ជា STEM ។
អ្វីដែលគួរបារម្ភនោះ គឺស្ត្រីចុះឈ្មោះរៀនជំនាញ ពាក់ព័ន្ធព័ត៌មាន ទំនាក់ទំនង និងបច្ចេកវិទ្យា (ICT) មានកម្រិតទាបនៅត្រឹមតែ៣% ប៉ុណ្ណោះ។
កម្មវិធីប្រកួតនេះ បានពង្រីកវិសាលភាពរបស់ខ្លួន ជាបន្តបន្ទាប់ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ ក្រុមហ៊ុនចូលរួមពីឆ្នាំកន្លងទៅបានប្រមូល ទុនវិនិយោគ សរុបជាង ១០០លានដុល្លារអាមេរិក ពីវិនិយោគិនកំពូលៗ រួមមានក្រុមហ៊ុន Microsoft ក្រុមហ៊ុន Amazon និង Sequoia Capital។
បន្ថែមពីលើ ការរៀបចំប្រកួតតាមអនឡាញទាំងស្រុងសម្រាប់ឆ្នាំនេះ ព្រឹត្តការណ៍ឆ្នាំ២០២០នេះរឹតតែពិសេសជាងមុន ដោយសារនេះ ជាការបង្ហាញខ្លួនលើកដំបូងបង្អស់របស់ប្រទេសកម្ពុជានៅក្នុងកម្មវិធីប្រកួតនេះ ក្នុងនាមជាដៃគូ មួយក្នុង ចំណោមដៃគូអន្តរជាតិជាង៣០ប្រទេស មកពី អាមេរិកខាងជើង និងខាងត្បូង អាហ្វ្រិក អឺរ៉ុប អាស៊ី និងអូស្ត្រាលី។
កញ្ញា Rhea See សហស្ថាបនិករបស់ She Loves Tech បានថ្លែងថា៖ «សហគមន៍អ្នក Startup ខាង បច្ចេកវិទ្យានៅកម្ពុជាបាននឹងកំពុងវិវត្តយ៉ាងរស់រវើកជារៀងរាល់ឆ្នាំ»។ កញ្ញាបានបន្តទៀតថា៖ «យើង មានសេចក្តីរំភើបយ៉ាងខ្លាំងដែលបានក្លាយជាផ្នែកមួយនៃសហគមន៍ ក៏ដូចជាចូលរួមចំណែកជួយ តាមរយៈ ការផ្សារភ្ជាប់អាជីវកម្មថ្មីៗក្នុងស្រុកជាមួយធនធាន ក៏ដូចជាយុទ្ធសាស្ត្រអន្តរជាតិផងដែរ។ យើងក៏ទន្ទឹងរង់ចាំ មើលថាបច្ចេកវិទ្យាមានឥទ្ធិពលណាមួយដែលនឹងឈ្នះនៅក្នុងកម្មវិធី She Loves Tech Cambodia នៅឆ្នាំនេះ»។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) បាន និងកំពុងខិតខំផ្តួចផ្តើមកម្មវិធីផ្សេងៗដើម្បីបង្កើន ការចូលរួម របស់ស្ត្រី នៅក្នុងវិស័យបច្ចេកវិទ្យាដូចជាកម្មវិធី Cambodian Women in Tech Awards ជាដើម ប៉ុន្តែភាពចម្រុះនៃយេនឌ័រ នៅតែជាបញ្ហាប្រឈមមួយដែលត្រូវការ ការដោះស្រាយទាំងអស់គ្នា។
សហស្ថាបនិក របស់ She Loves Tech មួយរូបទៀតកញ្ញា Leanne Robers បានអោយដឹងថា « ការលើកកម្ពស់ស្ត្រី នៅក្នុងវិស័យ បច្ចេកវិទ្យានឹងផ្លាស់ប្តូរបែបបទរស់នៅ និង ធ្វើការរបស់យើង។ កម្មវិធីរបស់យើងគឺជាមធ្យោបាយ ដ៏ល្អបំផុត មួយដើម្បីចាប់ផ្តើមការផ្លាស់ប្តូរដ៏ល្អនេះ»។
កម្មវិធីប្រកួតប្រជែង She Loves Tech Cambodia ចាប់ផ្តើមទទួលពាក្យពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី៣១ សីហា ឆ្នាំ២០២០។ សូមជម្រាបជូនថា កម្មវិធី She Loves Tech Cambodia ត្រូវបានសហការរៀបចំឡើងដោយ She Loves Tech និង Raintree ដែលជាអ្នកចងក្រងរបាយការណ៍ស្តីពីសហគ្រិនភាពបច្ចេកវិទ្យា Startup Kingdom ក្រោម ការសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហគ្រាសខ្មែរ និង Global Shapers Phnom Penh Hub ៕ ដោយ៖ កោះសន្តិភាព