អាមេរិក ៖ រដ្ឋលេខាធិការក្រសួងរតនាគារ លោក Steven Mnuchin បាននិយាយកាលពីថ្ងៃអាទិត្យ នៅក្នុងការព្រមានចុងក្រោយបង្អស់របស់អាមេរិក ចំពោះកម្មវិធីដែលគ្រប់គ្រងដោយប្រទេសចិនថា TikTok ត្រូវតែលក់ចោល ឬត្រូវហាមមិនឱ្យមានការប្រើប្រាស់នៅអាមេរិក ដោយសារតែមានបញ្ហាដល់សន្តិសុខជាតិ។
លោកបានមានប្រសាសន៍ថា TikTok គឺមិនអាចនៅដូចពេលនេះទៀតទេ។ លោក Mnuchin មិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់អំពីការគំរាមរបស់លោកប្រធានាធិបតីដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ដើម្បីរារាំង TikTok នោះទេ។ លោកថា គណៈកម្មាធិការវិនិយោគបរទេសនៅសហរដ្ឋអាមេរិក ដែលលោកធ្វើជាប្រធានកំពុងពិនិត្យលើ កម្មវិធី TikTok ដែលទទួលបានការចាប់អារម្មណ៍ ជាពិសេសពីសំណាក់ទស្សនិកជនវ័យក្មេង ដែលបង្កើតនិងមើលវីដេអូខ្លីៗ ហើយមានអ្នកប្រើប្រាស់ប្រមាណ ១ពាន់លាននាក់។
ប៉ុន្តែនៅក្នុងផ្នែកមួយ នៃផ្នែកជាច្រើននៃទំនាក់ទំនងអាមេរិក – ចិន ដែលបានប្រែទៅជាមិនល្អនាពេលបច្ចុប្បន្ននេះ មន្ត្រីអាមេរិកបាននិយាយថា វាអាចជាឧបករណ៍សម្រាប់ស៊ើបការណ៍របស់ចិន។ តែ TikTok បដិសេធរាល់ការលើកឡើងបែបនេះ។ លោក Mnuchin បាននិយាយកាលពីថ្ងៃអាទិត្យ នៅវិទ្យុ ABC ថា ៖ «ខ្ញុំនឹងនិយាយជាសាធារណៈថា គណៈកម្មាធិការទាំងមូលទទួលស្គាល់ថា TikTok មិនអាចស្ថិតនៅក្នុងទម្រង់បច្ចុប្បន្នបានទេ ពីព្រោះវាមានហានិភ័យក្នុងការបញ្ជូនព័ត៌មានរបស់ជនជាតិអាមេរិក ១០០ លាននាក់»។
លោក Mnuchin បាននិយាយថា លោកបាននិយាយទៅកាន់មេដឹកនាំសភារួមមានប្រធានសភាលោក Nancy Pelosi និងអ្នកប្រជាធិបតេយ្យជាន់ខ្ពស់នៅព្រឹទ្ធសភាលោក Chuck Schumer អំពីអ្វីដែលត្រូវធ្វើជាមួយប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិក។ លោក Mnuchin បានមានប្រសាសន៍ថា៖ «យើងយល់ព្រមថាចាំបាច់ត្រូវតែមានការផ្លាស់ប្តូរមួយ។ បង្ខំឱ្យលក់ ឬរារាំងកម្មវិធីនេះនៅអាមេរិក។ អ្នករាល់គ្នាយល់ស្របថា វាមិនអាចបន្តនៅដូចសព្វថ្ងៃទេ»។ កាសែត Wall Street Journal បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា ការចរចាសម្រាប់ក្រុមហ៊ុន Microsoft ដើម្បីទិញប្រតិបត្តិការ TikTok នៅអាមេរិក ដែលកាន់កាប់ដោយក្រុមហ៊ុនអ៊ីនធើរណេតយក្សរបស់ចិន កំពុងរង់ចាំ បន្ទាប់ពីលោក Trump បានគម្រាមរារាំងកម្មវិធីនេះ។ TikTok បានការពារខ្លួនកាលពីថ្ងៃសៅរ៍ ដោយអ្នកគ្រប់គ្រងទូទៅរបស់ខ្លួននៅសហរដ្ឋអាមេរិក គឺ Vanessa Pappas បានប្រាប់អ្នកប្រើប្រាស់ថា ក្រុមហ៊ុនកំពុងធ្វើការដុតដៃដុតជើង ដើម្បីផ្តល់ឱ្យពួកគេនូវកម្មវិធីដែលមានសុវត្ថិភាពបំផុត ចំពេលមានការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកចំពោះសន្តិសុខទិន្នន័យ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព