រាជធានីភ្នំពេញ ៖ យើងបានឃើញថា មានសន្ទុះយ៉ាងខ្លាំងក្នុងស្រទាប់យុវវ័យក្នុងការចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួន ប៉ុន្តែក៏មានសំណួរមួយចំនួនដែលពួកគេគួរតែសួរខ្លួនឯងមុនសិនថា ហេតុអ្វីបានជាពួកគេចង់បង្កើតអាជីវកម្ម បង្កើតសម្រាប់នរណា ហើយអាចចាប់ផ្តើមដោយរបៀបណា?
វគ្គសិក្សា «ថ្នាក់អាជីវកម្មដំបូង» ត្រូវបានបង្កើតឡើងសម្រាប់យុវជនខ្មែរដែលមានគំនិតចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួនមួយ ប៉ុន្តែមិនមានជំនាញ ឬគំនិតអាជីវកម្មក្នុងការចាប់ផ្តើម ។ ជាងនេះទៅទៀតវគ្គសិក្សានេះក៏ផ្តល់សារៈសំខាន់ដែរទៅដល់ម្ចាស់អាជីវកម្មដែលមានអាជីវកម្មរួចជាស្រេច ក្នុងការរៀនបន្ថែមពីផ្នត់គំនិតសហគ្រិនភាព ភាពច្នៃប្រឌិត ការគ្រប់គ្រងអាជីវកម្ម អតិថិជន និងការរៀបចំអាជីវកម្មរបស់អ្នក អោយមានប្រៀបជាងដៃគូប្រជែងរបស់អ្នក ។
គឹម កុសុម៉ា ប្រធានគ្រប់គ្រងកម្មវិធីសិក្សាអនឡាញបានលើកឡើងថា «អ្នកអាចសិក្សាវគ្គនេះបាននៅលើអនឡាញទាំងស្រុងមិនថា អ្នកនៅទីណានោះទេ ។ ពួកយើងណែនាំអោយអ្នកចំណាយពេល១ ម៉ោង ក្នុងមួយសប្តាហ៍ក្នុងការរៀនវគ្គនេះ ។ ក្នុងវគ្គសិក្សានេះក៏មានវីដេអូចែករំលែកបទពិសោធន៌ពីសហគ្រិនវ័យក្មេងជាច្រើនហើយនឹងមានពុម្ពអាជីវកម្មគំរូដែលអ្នកអាចយកទៅអនុវត្តដោយផ្ទាល់បាន ។ បើចង់ចេះលឿន អ្នកត្រូវតែអនុវត្តវាក្នុងកំឡុងពេលរៀនអ្នក ។ យើងក៏បានមានសហគមន៍អនឡាញចាំជួយគាំទ្រ និងពន្យល់អ្នកបានគ្រប់ពេលវេលា» ។
កញ្ញាគឹម កុសុម៉ា បានបន្តថា «ការរៀនអនឡាញមើលទៅស្រួល ប៉ុន្តែវាត្រូវការការប្តេជ្ញាចិត្តខ្ពស់ការរៀបចំ និងការលើកទឹកចិត្តខ្លួនឯង ដើម្បីធ្វើអោយការរៀននេះទទួលបានផ្លែផ្កា ។ បើទោះបីជាមានមេរៀនជាច្រើន ដែលបានដាក់អោយប្រើប្រាស់នៅក្នុងប្រព័ន្ធអ៊ីនធឺណេត ដោយសេរីក៏ដោយ អ្នកចាំបាច់ត្រូវការជំនាញទាំងនោះជាគ្រឹះ ដើម្បីទទួលបានលទ្ធផល ក្នុងការអភិវឌ្ឍខ្លួនឯងទៅជាបុគ្គលដែលយើងឃើញ» ។
សូមជម្រាបថា វគ្គសិក្សាដែលនឹងគ្រោងចេញបន្ទាប់នោះគឺ “កម្មវិធីពង្រឹង អាជីវកម្មសហគ្រាសធុនតូច និងមធ្យម ក្នុងគ្រាអាសន្ន” ដែលរៀបរៀងឡើង តម្រូវទៅដល់ម្ចាស់អាជីវកម្មសហគ្រាសធុនតូច និងមធ្យម អាជីវកម្មថ្មីថ្មោង ដែលចង់ស្តារអាជីវកម្មរបស់ខ្លួនឡើងវិញ ពីបន្ទាប់ពីការរងប៉ះពាល់នៃកូវីដ-១៩។ពួកយើងនឹងមានមេរៀននិងវគ្គសិក្សាថ្មីៗទៀត ដែលនឹងដាក់បញ្ចូលទៅ ក្នុងគេហទំព័ររៀនអនឡាញនេះ នៅពេលខាងមុខទៀត។
គួរបញ្ជាក់ផងដែរថា «ថ្នាក់អាជីវកម្មដំបូង» ដែលអាចសិក្សាតាមអនឡាញបាន ដោយឥតគិតថ្លៃ នៅលើគេហទំព័រ www.impacthubphnompenh.online ក្រោមការគាំទ្រពីស្ថានទូតអូស្ត្រាលីប្រចាំ នៅប្រទេសកម្ពុជា ។ Impact Hub Online គឺជាគេហទំព័ររៀនអនឡាញ ដែលបានបង្កើតឡើងដោយ Impact Hub Phnom Penh តាំងពីឆ្នាំ២០១៩។
ចក្ខុវិស័យរបស់គេហទំព័ររៀនអនឡាញនេះ គឺចង់ក្លាយទៅជាកន្លែងដែលសហគ្រិន និងយុវជនក្មេងៗ អាចរៀនអំពីជំនាញថ្មី តាមវគ្គសិក្សា ដែលមានគុណភាពខ្ពស់បន្សាំពួកគេទៅនឹង បរិបទក្នុងស្រុកនិងក្រៅស្រុក។ ពិសេសជាងគេនោះគឺពួកគេអាចរៀនជាភាសាខ្មែរបាន ៕