ឃាតករដែលចាប់ប្រពន្ធនិងសាហាយស្មន់អារ.ក ត្រូវបានកម្លាំង នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌធ្វើការឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ កាត់ទោសតាមច្បាប់។
ជនសង្ស័យឈ្មោះ សេត លី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៥រសៀល ថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ នៅចំណុចជាំភីង ភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
បើសេចក្តីរាយការណ៍បឋមពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីម៉ោង៨យប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ មានករណីឃាតកម្មមួយកើតឡើង បង្កដោយជនសង្ស័យ បានធ្វើសកម្មភាពវាយ និងចាក់ ព្រមទាំងអារ.ក ជនរងគ្រោះផ្តាច់យកជីវិតទាំង២នាក់ ដោយម្នាក់ឈ្មោះ គឹម សារឿន ភេទស្រី អាយុ២៦ឆ្នាំ មុខរបរជាកម្មករ និងម្នាក់ទៀតឈ្មោះ បាក់ ណាន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករដូចគ្នា។
ក្រោយការចាប់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព អារ.ក ប្រពន្ធ និងបុរសជាគូស្នេហ៍របស់នាងប្រាកដមែន ខណៈពេលខ្លួន បានខឹងនឹងអ្នកទាំងពីរ ដែលបានលួចសាហាយស្មន់ជាមួយគ្នា។
បច្ចុប្បន្នជនសង្ស័យកំពុងតែឃុំខ្លួននៅអធិការស្រុកឆ្លូង ដើម្បីត្រៀមបញ្ជូនទៅកាត់ទោសនៅសាលាដំបូងខេត្ត៕ ដោយ៖ ត្នោត