ខេត្តកំពង់ឆ្នាំង ៖ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំងបានអះអាងថា ការបង្កបង្កើនស្រូវ រដូវវស្សាក្នុងឆ្នាំ២០២០នេះ ខេត្តកំពង់ឆ្នាំងធ្វើបានធ្វើលើសផែនការ១០២%។ ប៉ុន្តែតួលេខនេះមិនទាន់បញ្ចប់ នៅឡើយទេ ព្រោះតែតំបន់ខ្លះនៅបន្តធ្វើនៅឡើយជាងនេះទៅទៀតស្រូវរដូវវស្សានេះដែរ កន្លែងខ្លះបានប្រមូល ផលជាបណ្តើរៗ ហើយបើគិតមកដល់ពេលនេះបានជា២ពាន់ហិកតា ហើយទីកន្លែងដែលប្រមូលផលរួច កំពុងតែបន្តការដាំដុះជាលើកទី២ទៀត។
យ៉ាងនេះក្តីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង នៅបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់ប្រមូលផល ត្រូវរក្សាទុកទឹកក្នុងស្រែឲ្យបានល្អ ព្រោះយោងទៅលើស្ថានភាពអាកាសធាតុប្រែប្រួល។ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ដែរថា៖ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងបានបង្កបង្កើនផលដាំដំណាំស្រូវរដូវវស្សា គិតមកដល់ថ្ងៃនេះបានចំនួនជាង១២ ម៉ឺន៤ពាន់ហិកតាហើយ លើសផែនការ១២ម៉ឺនហិកតា គឺស្មើនឹង១០២%។
ប៉ុន្តែតួលេខនេះមិនទាន់ជាក់លាក់នៅឡើយទេ ព្រោះនៅតំបន់ខ្លះកំពុងបង្កបង្កើនផលហើយនៅឡើយ។ ជាមួយគ្នានេះនៅតំបន់ខ្លះគឺបានប្រមូលផលជាបណ្តើៗហើយ បើគិតមកដល់ពេលនេះគឺបានជាង២ ពាន់ហិកតាហើយ ដោយក្នុងនោះទិន្នផលមធ្យមពី៤ ទៅ៤តោនកន្លះ ក្នុងមួយហិកតា។ នៅតំបន់ដែលពួកគាត់ ប្រមូលផលរួចហើយនោះដែរេពេលនេះ គឺពួកគាត់ចាប់ផ្ដើមភ្ជួររាស់បង្កបង្កើនផលជាលើកទី២ទៀត ដោយសារ អំណោយផលមានទឹកគ្រប់គ្រាន់សម្រាប់ធ្វើស្រែតំបន់ដែលពួកគាត់កំពុងតែធ្វើស្រែវស្សាបន្តជាលើកទី២ នេះមាន៖ នៅស្រុកបរិបូរណ៍ ស្រុករលាប្អៀរ,ស្រុកកំពង់ត្រឡាច,និងស្រុកជលគិរី។
ដោយឡែកសម្រាប់ដំណាំរួមផ្សំ វិញគឺប្រជាពលរដ្ឋដាំបានជិត៧ពាន់ហិកតា លើផែនការដាំដុះ៧ពាន់ហិកតា គឺស្មើនឹង៩០%។ ជាចុងក្រោយលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមិនទាន់ប្រមូលផល ដែលមានស្រូវនៅក្នុងស្រែ សូមថែរក្សាទឹកទុកឲ្យបានល្អព្រោះថា៖ យោងទៅលើអាកាសធាតុប្រែប្រួល អាចគ្មានភ្លៀងគ្រប់គ្រាន់ សម្រាប់បន្តស្រោចស្រពលើដំណាំស្រូវ របស់បងប្អូនបានឡើយ។
សូមរំឮកដែរថា៖ស្ថិតក្នុងស្ថានភាពមានជំងឺកូវីដ-១៩នេះ ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ លើវិស័យកសិកម្មជាខ្លាំងព្រោះវិស័យមួយនេះនៅមានស្ថានភាពរឹងមាំ មិនធ្លាក់ចុះដូចវិស័យផ្សេងទៀត មានដូចជាឧស្សាហកម្មពាណិជ្ចកម្ម និងទេសចរណ៍ជាដើម។ សម្រាប់ដំណាំស្រូវ ខេត្តកំពង់ឆ្នាំងដែលមានចម្ងាយជាង៩០គីឡូម៉ែត្រ ពីខាងលិចរាជធានីភ្នំពេញជារៀងរាល់ឆ្នាំ ក្រោយពីការកាត់ទុក ពូជទុកសម្រាប់បរិភោគខេត្តមួយនេះ តែងនៅសល់ស្រូវសម្រាប់នាំចេញប្រមាណជាង៤២ម៉ឺនតោន៕ ដោយ ៖កោះសន្តិភាព