គម្រោងរៀងចំព្រឹត្តិការណ៍កម្សាន្ត របស់អាជ្ញាធរខេត្តសៀមរាប អាចនិងចាប់ផ្តើមដំណើរការ នៅថ្ងៃទី១៧ និងទី១៨ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ ពោលគឺក្នុងអំឡុងពេល នៃថ្ងៃសងឈប់សម្រាក ដែលមានរយៈពេល៥ថ្ងៃ។
អាជ្ញាធរខេត្តសៀមរាម និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប គ្រោងនឹងរៀបចំឲ្យមានព្រឹត្តិការណ៍កម្សាន្ត ដើម្បីបង្ហាញ និងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍សុវត្ថិភាព ។
ការរៀបចំព្រឹត្តិការណ៍កម្សាន្តនេះ គឺក្នុងបំណងចង់ឱ្យភ្ញៀវទេសចរណ៍ មិនត្រឹមតែបានទស្សនាប្រាសាទអង្គរ តែប៉ុណ្ណឹងទេ ប៉ុន្តែភ្ញៀវក៏អាចធ្វើដំណើរកម្សាន្ត តាមព្រៃធម្មជាតិក្រៅពីប្រាសាទ និងកម្មវិធីកម្សាន្តសប្បាយផ្សេងៗច្រើនទៀតផងដែរ។
ជាមួយគ្នានេះ កាលពីថ្ងៃម្សិលមិញលោក ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងាររដ្ឋបាលក្រុងសៀមរាប មន្ត្រីរាជការមកពីតាមបណ្តាសង្កាត់ និងសមាជិកក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ខេត្ត ដើម្បីរួមគ្នាពង្រឹងការងារសន្តិសុខ និងអនាម័យប្រឆាំងកូវីដ-១៩។
អាជ្ញាធរបានចាប់ផ្តើមសម្អាតបរិស្ថានដងស្ទឹងសៀមរាប និងតុបតែងលម្អ ចាប់ពីគល់ស្ពានមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានវត្តដំណាក់ ក្នុងក្រុងសៀមរាប ដើម្បីត្រៀមធ្វើជាកន្លែងជិះទូកកម្សាន្តជូនភ្ញៀវទេសចរជាតិ ដែលមកពីតាមបណ្តាខេត្តផ្សេងៗ នាឱកាសប្រារព្ធពិធីបែបសាសនានិងកីឡា ក្នុងក្រុងសៀមរាប នាថ្ងៃឈប់សម្រាកខាងមុខ៕ ដោយ៖ត្នោត