ជនសង្ស័យមួយក្រុម ដែលមានគ្នីគ្នាប្រមាណជាង១០នាក់ ប្រដាប់ដោយអាវុធខ្លី បានធ្វើសកម្មភាព ចាប់ស្រ្តីម្នាក់ឈ្មោះញិល ក្រិល ភេទស្រី អាយុ៥៤ ដាក់ក្នុងរថយន្ត រួចបាញ់គំរាមចំនួន៣គ្រាប់ ទៅលើប្រជាពលរដ្ឋ ដើម្បីបង្ខំឱ្យពួកគាត់លក់ដីភូមិចំការ ទៅឱ្យឈ្មោះ អ៊ុយ បូវី ភេទស្រី ដែលជាមនុស្សពាក់ព័ន្ធ នឹងរឿងទំនាស់ដីធ្លី ជាមួយប្រជាពលរដ្ឋ នៅក្នុងខណ្ឌសែនសុខ។
ហេតុការណ៍ ចាប់ខ្លួនស្រ្តីរងគ្រោះខាងលើនេះ គឺត្រូវបានកើតឡើងនៅវេលាម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី២ ខែសីហា នៅចំណុចភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ ក្រុមហ៊ុនបានដឹកគ្រឿងចក្រ មកឈូសឆាយព័ទ្ធយកដី ហើយត្រូវប្រជាពលរដ្ឋធ្វើការរារាំងតវ៉ា។ មានជនមួយក្រុម បានចេញមុខមកប្រឆាំង ដោយប្រើកាំភ្លើងបាញ់គំរាម រួចក៏មានការចាប់ខ្លួនស្រ្តីរងគ្រោះ ដាក់ក្នុងរថយន្តទៅបាត់ ដោយមិនដឹងយកទៅទីណា។
ការចាប់ខ្លួនស្រ្តីខាងលើ គឺគ្មានបទបញ្ជា និងដីកាចេញពីតុលាការឡើយ។ ប្រជាពលរដ្ឋដែលមានទំនាស់នៅក្នុងរឿងនេះ បានដឹងយ៉ាងប្រាកដថា ករណីចាប់ខ្លួនមនុស្ស និងការប្រើអាវុធបាញ់គំរាម គឺជាការបង្ខំឱ្យប្រជាពលរដ្ឋ លក់ដីទៅឱ្យស្រ្តី អ៊ុយ បូវី ក្នុងតម្លៃ ១ម៉ែត្រការ៉េ៥កាក់។
ដោយមើលឃើញនូវការគំរាមបែបនេះ ប្រជាពលរដ្ឋ១០០នាក់ មកពី៥ភូមិ នៃខណ្ឌសែនសុខ បានលើកគ្នា មកតវ៉ាបិទផ្លូវលេខ១៥១ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ និងដំណោះស្រាយ ក្នុងការទាមទារឱ្យមានការដោះលែងមនុស្ស។
បើតាមលោក គួ អឿន ចៅសង្កាត់ពញាពន់ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលអាស្រ័យផល ដែលមានទំនាស់នោះចំនួន ៣០០គ្រួសារ ហើយត្រូវបានម្ចាស់ដីឈ្មោះ អ៊ុយ បូវី ធ្វើការដោះស្រាយ បានប្រមាណជាង១០០គ្រួសារ នៅសល់ប្រមាណជិត២០០គ្រួសារ បានបន្តតវ៉ារហូតមកតាំងពីឆ្នាំ២០០៥មកម្លេះ។ ចំពោះការចាប់ខ្លួនអ្នកភូមិ លោកពុំបានដឹងនោះទេ។
កន្លងមកនេះ លោកស្រី អ៊ុយ បូរី ត្រូវបានពលដ្ឋចោទប្រកាន់ថា បានឃុបឃិតគ្នាស៊ីដាច់ដី របស់ជនជាតិចិន ប្រមាណជាង៣០០ហិតតា ដែលដី៣០០ហិកតានេះ ចិនបានទិញពីប្រជាពលរដ្ឋ កាលពីឆ្នាំ១៩៩៣ ដោយអ្នកខ្លះពុំទាន់បានទទួលលុយគ្រប់ចំនួនឡើយ ប៉ុន្តែមកដល់ពេលនេះ បាត់ដំណឹងជនជាតិចិននោះតែម្តង។
មកដល់ឆ្នាំ២០០៥ ស្រាប់តែឈ្មោះ អ៊ុយ បូវី បានចេញមុខមកអះអាងថា គាត់ជាម្ចាស់ដីទំនាស់ខាងលើនេះ ហើយទាមទារ ឱ្យប្រជាពលរដ្ឋលក់ដី ក្នុងតម្លៃថោកបំផុត។
ប្រជាពលរដ្ឋមិនយល់ព្រម ចំពោះការទាមទាររបស់លោកស្រី អ៊ុយ បូរី រួចក៏នាំគ្នាធ្វើការតវ៉ា និងសំណូមពរឲ្យម្ចាស់ដីជាជនជាតិចិន ចេញមុខមកដោះស្រាយក្នុងរឿងនេះ៕ ដោយ៖ ត្នោត