
ខ្ញុំមិនមែនជាមនុស្សមិនដឹងខុសត្រូវនោះទេ តែខ្ញុំខុសខ្លាំងណាស់ដែលមិនអាចឃាត់ម៉ាក់បាន រហូតឱ្យគាត់ជ្រុលធ្វើកំហុសដ៏ធំមួយនេះដែលដឹងច្បាស់ណាស់ថា ច្បាប់នឹងមិនអាចលើកទោសឱ្យបាន។
ក្បាលដែលបានដាច់ផុតពីខ្លួនរបស់ស្ត្រីគួរឱ្យស្អប់ម្នាក់នេះ នៅតែបើកភ្នែកក្រឡោតបង្ហាញក្រសែភ្នែកកំហឹង និងការចងគំនំយ៉ាងជាក់ច្បាស់ ថ្វីបើលែងមានជីវិតស្មារតីទៅហើយក្ដី។
ម៉ាក់ហ៊ានខ្លាំងណាស់ ហ៊ានលើកតាំងតោកាប់សាច់ផាក់ឡូវរបស់គាត់មកកាប់ដាច់ក្បាល និងដាច់ដៃស្ត្រីជាសត្រូវដួងចិត្តម្នាក់នេះឱ្យដាច់ខ្យល់ប្រកាច់ស្លាប់ក្នុងថ្លុកឈាមមួយរំពេជ ថ្វីបើពីមុនខ្ញុំតែងគិតថាគាត់ជាមនុស្សមានធម៌អាថ៌ក្នុងខ្លួន មិនគុំគួនបៀតបៀនអ្នកដទៃក្ដី។ តែក៏ពិបាកនឹងបន្ទោសដែរ ជួនកាលកំហឹងឆេះឆួលមួយឆេវនេះអាចបង្កជាកម្លាំងយ៉ាងខ្លាំងមហិមាដ៏ព្រៃផ្សៃលែងមានមេត្តាធម៌ហើយបង្កជាអំពើឃាតកម្មមួយរំពេជ។ ខ្ញុំសម្លឹងមើលទៅសាកសពរបស់មីង ពេជ្រ យ៉ាងសោកសៅ។ ចិត្តរបស់ខ្ញុំហាក់ដូចជាអាណិតគាត់យ៉ាងចម្លែក ថ្វីបើគាត់ជាសត្រូវធំបំផុតក្នុងជីវិតម៉ាក់ខ្ញុំក្ដី តែសំខាន់ ពេលនេះមិនមែនជាពេលដែលត្រូវវែកញែករកហេតុផលសមរម្យណាមួយនោះទេ អ្វីដែលត្រូវធ្វើជាចាំបាច់បំផុតគឺជួយម៉ាក់ក្នុងការកម្ចាត់សាកសពនេះ និងវត្ថុតាងមួយចំនួន មុនពេលគ្រប់យ៉ាងយឺតពេល។
សំណាងហើយដែលប៉ាត្រូវចុះទៅខេត្តជាច្រើនថ្ងៃមិនទាន់មកវិញ កុំអីមិនដឹងជាគាត់កាន់ជើងខាងម៉ាក់ ដើម្បីជួយលាក់សាកសពនេះ ឬក៏កាន់ជើងខាងស្រីសាហាយគាត់ហើយរត់ទៅប្ដឹងប៉ូលិសឱ្យចាប់ម៉ាក់ដាក់គុកទេ។
អ្វីដែលម៉ាក់មិនដឹងនោះ ម៉ាក់គិតថាប៉ាពិតជាចុះទៅធ្វើការនៅខេត្តកំពង់ឆ្នាំងពិតប្រាកដមែន តែតាមពិតគាត់ចុះទៅជួបស្រីថ្មីរបស់គាត់ ឈ្មោះនាងវី ដែលគាត់បានញ៉ែប្រលោមសុំប្រាណក្នុង Chat ជាយូរថ្ងៃមកហើយ។ ខ្ញុំដឹងគ្រប់យ៉ាង ព្រោះខ្ញុំជាអ្នកបង្កើត Facebook ថ្មីឱ្យគាត់ ដូច្នេះខ្ញុំអាច Log ចូលឆែកមើលបាន តែខ្ញុំមិនចង់ប្រាប់ម៉ាក់ទេ ព្រោះមិនចង់ឱ្យគាត់មកឈឺក្បាលនឹងពួកមីសំផឹងកំប៉ិកកំប៉ុក ទាំងដែលខណៈនេះគាត់ត្រូវមកចាត់ការតទល់នឹងមីងពេជ្រកំពូលក្បាលរឹងម្នាក់នេះ ដែលជាស្រីសាហាយដ៏សែនយ៉ាប់ និងតោងប៉ាស្អឹតបំផុតក្នុងចំណោមស្រីជាច្រើនទៀតដែលគាត់ស៊ីចោល។
ខ្ញុំដឹងស្ទើរតែគ្រប់យ៉ាង ព្រោះមួយជីវិត 15 ឆ្នាំដែលខ្ញុំកើតមកជាមនុស្សនេះ គឺខ្ញុំតែងតែនៅក្បែរម៉ាក់ និងយល់ពីគ្រប់បញ្ហាទាំងអស់របស់ម៉ាក់ជានិច្ច។ ម៉ាក់មានខ្ញុំតែម្នាក់ជាកូនទោលសំណព្វចិត្ត ហើយប្រឹងប្រែងរកស៊ីលក់សាច់ផាក់ឡូវ ទាខ្វៃ និងសាច់កាប់នៅមុខផ្សារចិញ្ចឹមជីវភាពគ្រួសារ ថ្វីបើប៉ាជាមន្ត្រីមានមុខមាត់ម្នាក់ក្ដី តែលុយប្រាក់ខែរបស់គាត់រកតែចិញ្ចឹមស្រីស្នេហ៍សំផឹងសៅជ័យស្រីស៊ីប្ដីគេរបស់គាត់មិនគ្រប់ផង។
តែគាត់ស្លូតណាស់ ហើយមិនដែលបោះបង់យើងទាំង២ឡើយ។
ម៉ាក់ធ្លាប់ប្រាប់ថា មីង ពេជ្រម្នាក់នេះមកទាមទារលុយកាក់ប្រាក់កាសពីប៉ាឥតឈប់ ថ្វីបើកាលពីជាង 10 ឆ្នាំមុន មីងនេះបានសន្យាយ៉ាងច្បាស់លាស់ដាច់ស្រឡះថានឹងមិនមករញ៉េរញ៉ៃជីវិតប៉ា និងម៉ាក់ខ្ញុំទៅហើយក្ដី។ ខ្ញុំមិនច្បាស់ថាហេតុអ្វីបានជាគាត់នៅហ៊ានមកទាមទារនេះនោះសោះ តែធ្លាប់ឮកាលម៉ាក់តេទៅជេរបញ្ចោរគាត់ថាបញ្ហាមកពីរឿងកូន។ មិនដឹងថាគាត់មានកូនឬយ៉ាងម៉េចជាមួយប៉ាទេ ខ្ញុំមិនចាប់អារម្មណ៍ សំខាន់វត្តមានជីវិតគាត់នេះបានរំខានជីវិតរបស់គ្រួសារខ្ញុំដែលកំពុងតែត្រដាបត្រដួសនេះខ្លាំងណាស់។
ខ្ញុំសម្លឹងមើលទៅសពមីងពេជ្រ ដែលពេលនេះលែងប្រកាច់ លែងកម្រើក ដេកស្លាប់ស្ដូកស្ដឹងក្នុងថ្លុកឈាមក្បែរក្បាលដាច់របស់គាត់។ ម៉ាក់ហាក់ដូចជាស្រឡាំងកាំងនូវអ្វីដែលគាត់បានធ្វើ ហើយគាត់ក៏ទម្លាក់កាំបិតពីដៃហើយអង្គុយចុះទាំងដកដង្ហើមយ៉ាងដង្ហក់ព្រោះហត់។ គាត់ភ្ញាក់ផ្អើលនៅពេលឃើញខ្ញុំដើរចូលមកកន្លែងកើតហេតុដែលជារោងក្រោយផ្ទះដែលម៉ាក់កំពុងធ្វើផាក់ឡូវ សាច់កាប់ ត្រៀមលក់ល្ងាច។ ម៉ាក់សម្លឹងមកខ្ញុំហើយយំខ្លាំងៗព្រមទាំងនិយាយថា ម៉ាក់សុំទោសកូន ដដែលៗឥតឈប់។ ខ្ញុំរត់ទៅឱបគាត់ហើយយំតាមគាត់។ គាត់ឱបខ្ញុំយ៉ាងណែនផ្ដល់ភាពកក់ក្ដៅយ៉ាងពិតប្រាកដចេញពីដួងចិត្ត។ ខ្ញុំភ័យ និងអាណិតម៉ាក់ណាស់ ថ្វីបើមានកូនចិត្តបន្តិចអាណិតដល់មីងពេជ្រ។ តែអ្វីដែលមីងពេជ្រធ្វើមកលើម៉ាក់ និងខ្ញុំ បានរំលាយក្ដីអាណិតអស់ ហើយធ្វើឱ្យខ្ញុំគិតអវិជ្ជមានថា គាត់ងាប់បែបនេះក៏ល្អដែរ ព្រោះឱ្យតែដង្ហើមគាត់នៅដក គឺគាត់នៅតែរំខានជីវិតម៉ាក់ជានិច្ច។ ម៉ាក់តែងហាមខ្ញុំដាច់ខាតមិនឱ្យខ្ញុំជួបមីងពេជ្រម្នាក់នេះឡើយ ព្រោះគាត់អាចនឹងមានបំណងអាក្រក់ណាមួយឬអាចចាប់ជំរឹតទារប្រាក់ពីប៉ាខ្ញុំក៏ថាបាន។ ខ្ញុំស្អប់មុខស្ត្រីម្នាក់នេះខ្លាំងណាស់ ខ្លួនឋានៈជាស្រីសាហាយក្រៅផ្លូវការសោះ មកទាមទារមិនចេះចប់ ហើយហៅខ្ញុំសុទ្ធតែកូន មើលទៅដូចជាចង់ឡើងខ្លួនជាប្រពន្ធចុងប៉ាខ្ញុំហើយទើបបានជាហ៊ានហៅខ្ញុំកូនៗពេញមាត់បែបនេះ សុំទោសផងខ្ញុំមិនព្រមហៅមីងឯងថាជាម៉ាក់មួយម៉ាត់ណាទេ ហើយមីងឯងក៏គ្មានថ្ងៃក្លាយជាម៉ាក់ចុងខ្ញុំដែរ។ ពិតណាស់គឺមិនអាចទៀតនោះទេពេលនេះ។
ម៉ាក់យំឱបខ្ញុំមួយសន្ទុះហើយងើបឡើងវិញ។ ខ្ញុំនិយាយថាខ្ញុំនឹងជួយបំបាត់សាកសពនេះ។ ម៉ាក់មើលមកខ្ញុំដូចជាអស់សង្ឃឹមខ្លាំង តែខ្ញុំដឹងថាយើងមានវិធីអាចកម្ចាត់បាន។
តថភាពពិតវាមិនដូចក្នុងរឿងភាគថៃដែលគេពេញនិយមមើលនោះទេ ក្នុងរឿង ចង់សម្លាប់នរណាម្នាក់ គឺវាងាយស្រួលខ្លាំងណាស់ ហើយអាចនឹងគេចវេសដោយគ្មានទោសពៃក៏បាន តែការពិតវាមិនស្រដៀងនេះសូម្បីតែបន្តិច។ ខ្ញុំប្រញាប់រត់ទៅបិទទ្វាររោងផ្ទះបាយ ក្រែងមាននរណាដើរមកឃើញដោយចៃដន្យនូវទិដ្ឋភាពដ៏ព្រៃផ្សៃពេលនេះគឺមិនល្អនោះទេ។ ម៉ាក់បានយកទឹកមកលាងឈាមដាបលើស៊ីម៉ង់ប្រឡាក់ដីស្បែកជើងនេះឱ្យហូរចុះទៅតាមទុយោបង្ហូរទឹកដែលតែងលាងសាច់ជ្រូក និងសាច់ទារាល់ថ្ងៃ។ បន្ទាប់មកគាត់យកកន្ត្រៃមកកាត់សក់ពីក្បាលដាច់របស់មីងពេជ្រ ហើយច្រកសក់នោះក្នុងស្បោងខ្មៅមួយដាក់ធុងសំរាម។ យើងមិនមានឡធំសម្រាប់ដុតសាកសពទាំងមូលនោះទេ ហើយបើដុតកម្លោចលើឡខ្វៃជ្រូកតូចមួយនេះក៏គង់នឹងជះក្លិនសង្ស័យទៅដល់ច្រមុះពួកអ្នកជិតខាងចង្រៃដែលជំនាញខាងចាប់កំហុសផ្ទះខ្ញុំនេះ ប្រាកដជារឿងធំមិនខាន។
ដូច្នេះយើងក៏រកឃើញវិធីដ៏ឆ្កួតលីលាមួយទៀតដែលថ្វីបើវាព្រៃផ្សៃទៅលើសព តែខ្វល់អ្វីទៅបើសពបានបាត់បង់ជីវិតទៅហើយ។ ម៉ាក់ហុចកាំបិតមកឱ្យខ្ញុំកាប់សពជាសាច់ដុំតូចៗ រីឯគាត់ប្រញាប់ដុតបង្កាត់ភ្លើងឡ។ តែខ្ញុំពិបាកធ្វើការងារនេះណាស់ ព្រោះឈាមនៅតែបន្តហូរចេញពីរាងកាយសពឥតវិញ្ញាណនេះឥតឈប់។ ដូច្នេះ យើងត្រូវយកសពនេះទៅដាល់ក្លាសេដើម្បីឱ្យឈាមកកសិន។ ទូទឹកកក ប្រាកដណាស់មិនបាច់ឆ្ងល់ថាយើងនឹកឃើញវិធីនេះតាមណានោះទេ។ យើងអនុវត្តដោយយកសាច់ជ្រូក សាច់ទា ចេញពីទូទឹកកកដែលដោតភ្លើងចោលជាប់ជាប្រចាំក្នុងរោងនេះ ហើយលើកសពដាក់ចូលក្នុងទូទឹកកនេះយ៉ាងលំបាក ព្រោះខ្ញុំញ័រដៃទទ្រើកមកពីមិនធ្លាប់ធ្វើបទឧក្រឹដ្ឋកន្លងមក។ ខ្ញុំមិនដែលគិតសោះ ថាខ្ញុំ និងម៉ាក់ ហ៊ានធ្វើរឿងព្រៃផ្សៃបែបនេះ តែពេលនេះទាល់ច្រកហើយ ខ្ញុំត្រូវតែជួយម៉ាក់ដល់ទីបញ្ចប់។ ខ្ញុំខ្លាចក្បាលដាច់របស់មីងពេជ្រដែលនៅតែបើកភ្នែកក្រឡោតនេះណាស់ ហើយធ្វើឱ្យខ្ញុំព្រឺសម្បុរ។
ម៉ាក់សម្លឹងទៅក្បាលនោះ ហើយស្រាប់តែយំខ្លាំងៗម្ដងទៀត។ គាត់បែរមករកខ្ញុំហើយសុំទោសខ្ញុំ។ ដឹងហើយយើងធ្វើនេះវាខុសធ្ងន់ណាស់ ទាំងផ្លូវច្បាប់ ទាំងផ្លូវធម៌ តែតើយើងអាចផ្លាស់ប្ដូរស្ថានការណ៍បានយ៉ាងម៉េចទៅ បើគ្រប់យ៉ាងបានកើតឡើងទៅហើយ វាមិនមែនជាសុបិនអាក្រក់មួយទេ តែវាជាការពិតដែលយលងត្រូវប្រឈម និងរកផ្លូវគេចវេសពីខ្នោះដៃ។ ម៉ាក់លើកក្បាលមីងពេជ្រទម្លាក់ចូលទូទឹកកក បិទទូហើយអង្គុយយ៉ាងអស់សង្ឃឹមក្បែរនេះ។ ប្រាកដណាស់ បើយើងមិនសម្រេចកិច្ចការនេះទេ ប្រាកដជាគុកហើយ។ ខ្ញុំស្ដាយណាស់ ហេតុអីក៏យើងត្រូវធ្លាក់ក្នុងកម្មបែបនេះ។
ទម្រាំតែទូទឹកកកកញ្ចាស់នេះបង្កឱ្យត្រជាក់ដល់សពល្មមតែអាចកាប់សាច់ជាបំណែកតូចៗមិនឱ្យខ្ទាតឈាមបាន វាចំណាយពេលរហូតដល់មេឃងងឹតទៅហើយ។
យើងលើកសពដ៏ធ្ងន់នេះចេញមកក្រៅទូទឹកកកវិញហើយត្រៀមការកាប់សាច់។ ម៉ាក់ឱ្យកាំបិតថ្មីសមកខ្ញុំ ឯគាត់ប្រើកាំបិតចាស់ដែលគាត់តែងប្រើសម្រាប់កាប់សាច់ថ្លឹងលក់រាល់ល្ងាច។
ខណៈដែលកំពុងតែកាប់សាកសពជាបំណែកៗយ៉ាងសាហាវ ស្រាប់តែមានសំឡេងគោះទ្វារមុខខ្លាំងៗយ៉ាងញាប់រន្ថើន។ ម៉ាក់បង្គាប់ឱ្យខ្ញុំរត់ទៅបើកទ្វារហើយប្រាប់ថា ម៉ាក់មិនបានលក់ទេថ្ងៃនេះព្រោះគាត់ឈឺគ្រុនឈិក។
ខ្ញុំធ្វើតាមអ្វីដែលម៉ាក់ប្រាប់យ៉ាងប្រយ័ត្នដោយព្យាយាមមិនញ័រមាត់ តែស្ត្រីវ័យ៤០ឆ្នាំជាម៉ូយប្រចាំរបសើម៉ាក់ម្នាក់នេះបែរជាដេញដោល និងទទូចសុំចូលមកមើលម៉ាក់។ ខ្ញុំហាមថាមិនអាចចូលមើលបានសេរីទេ ព្រោះជំងឺនេះអាចឆ្លងលឿនណាស់។ គាត់រារែកបន្តិច ហើយក៏ចេញទៅវិញក្នុងក្រសែភ្នែកសង្ស័យ។
ខ្ញុំត្រឡប់មកធ្វើការកាប់សាច់សពនេះវិញជាមួយម៉ាក់ តែម៉ាក់ស្រាប់តែវិលមុខ ហើយប្រាប់ខ្ញុំថាគាត់មិនស្រួលខ្លាំងដូចជាចង់ខ្យល់ចាប់ ហើយត្រូវទៅសម្រាកនៅបន្ទប់របស់គាត់ឥឡូវនេះ។ ខ្ញុំក៏បន្តធ្វើការនេះតែម្នាក់ឯង។ ខាងក្រៅ ព្រះអាទិត្យលិចបាត់បន្សល់តែភាពងងឹតឈឹង។ អំពូលភ្លើងក្នុងរោងនេះក៏មិនសូវជាភ្លឺប៉ុន្មាន តែភ្លឺល្មមអាចឱ្យខ្ញុំបន្តកាប់សពមីងពេជ្រជាបំណែកៗបន្តទៀតបាន។ ការងារនេះវាចំណាយពេលយូរជាងអ្វីដែលខ្ញុំគិត។ អស់ពេលជាងមួយម៉ោង ទើបតែកាប់បានត្រឹមខ្លួន នៅសល់ជើងមិនទាន់ហើយនៅឡើយ។ សាច់ដែលកាប់ជាបំណែកនេះខ្ញុំយកទៅដាក់ក្នុងទូទឹកកកដដែល ដោយមិនទាន់ដឹងថាត្រូវធ្វើយ៉ាងម៉េចបន្តទៀត។ ខ្ញុំនៅនឹកដល់សំឡេងឈ្លោះគ្នាខ្លាំងៗរវាងម៉ាក់ និងមីងពេជ្រកាលពីថ្ងៃមិញដែលធ្វើឱ្យខ្ញុំបារម្ភថា តើអ្នកជិតខាងអាចនឹងជុំក្បាលគ្នាផ្ទៀងត្រចៀកស្ដាប់តាមនិស្ស័យកំពូជដែលពួកវាតែងធ្វើកន្លងមករាល់ពេលដែលម៉ាក់ឈ្លោះជាមួយប៉ា ឬអត់? តើសំឡេងស្រែកយ៉ាងឈឺចាប់ពេលដែលម៉ាក់ទាញកាំបិតកាប់ដាច់ក្បាលមីងពេជ្រនេះអាចជាការសង្ស័យដ៏ធំមួយដែលអាចនឹងនាំម៉ាក់ទៅដេកគុកឬអត់?
មិនសំខាន់ទេ ពេលនេះខ្ញុំត្រូវតែកាប់ ខ្ញុំកាប់សពម្នាក់នេះ មនុស្សស្រីដែលជាស្រីសាហាយនឹងប៉ាខ្ញុំ មនុស្សស្រីមុខក្រាស់ដេញមិនចេញ មនុស្សស្រីយកប្ដីគេគ្មានភាពអៀនខ្មាស់ដែលថោកទាបហ៊ានហៅខ្ញុំថាកូនពេញៗមាត់ មីងពេជ្រ កម្មពៀរមីងឯងយកប្ដីគេគឺវាបែបនេះឯង បើមីងកុំមកតោងប៉ាខ្ញុំ កុំមករករឿងម៉ាក់ខ្ញុំ កុំអីមីងក៏នៅមានជីវិតរស់នៅដែរ តែហេតុអីក៏មីងឯងមុខក្រាស់ ទាក់ទងប៉ាខ្ញុំជាង 10 ឆ្នាំហើយមិនព្រមដាច់ ចេះតែទាមទារ
នេះ ទាមទារនោះឥតឈប់។
ខ្ញុំរួចរាល់ការកាប់សពមួយតួខ្លួនទាំងមូលហើយ នៅសល់តែក្បាលប៉ុណ្ណោះដែលមិនទាន់ចាត់ការ។ ខ្ញុំងាករកក្បាលសព តែបែរជាមិនឃើញនៅទីនេះទាល់តែសោះ។
ខ្ញុំបើកមើលក្នុងទូទឹកកក
ក្រែងលោម៉ាក់បានយកក្បាលនោះទៅទុកនៅអំឡុងពេលដែលខ្ញុំបានចេញទៅឆ្លើយទ្វារ តែក្នុងទូទឹកកកក៏មិនឃើញក្បាលនោះដែរ។
ភ្លាមនោះ អារម្មណ៍ព្រឺព្រួចបានកើតឡើងចំពោះខ្ញុំមួយរំពេច។ តើក្បាលនោះបានបាត់ទៅណា? ឬមួយម៉ាក់ច្រឡំកាន់ទៅបន្ទប់របស់គាត់ជាមួយគាត់? មិនសមហេតុផលនោះទេ ប៉ុន្តែពេលនេះខ្ញុំមានអារម្មណ៍ថាខ្លាចខ្លាំងណាស់។
ខ្ញុំរត់ទៅបន្ទប់របស់ម៉ាក់ ហើយប្រាប់ម៉ាក់ថាក្បាលបានបាត់ទៅហើយ។ ម៉ាក់បើកភ្នែកធំៗដោយភ្ញាក់ផ្អើល។ យើងទាំងពីរនាក់មើលមុខគ្នាដោយមិនដឹងថាត្រូវធ្វើដូចម្ដេច។ មានរឿងអ្វីម្យ៉ាងកំពុងតែកើតឡើងដែលមិនល្អសម្រាប់យើងទាំងពីរនាក់ហើយ។
ខ្ញុំឡើងទៅដេកអោបម៉ាក់ដោយភាពភ័យខ្លាច ដើម្បីទទួលបានភាពកក់ក្តៅពីក្ដីស្រលាញ់ដ៏ធំធេងរបស់គាត់។ ភ្លាមនោះ ភ្លើងក្នុងផ្ទះស្រាប់តែដាច់ភ្លឹប បន្សល់តែភាពងងឹតឈឹងសូន្យសុងមើលអ្វីមិនឃើញ។ ម៉ាក់ឱ្យខ្ញុំអង្គុយចាំគាត់នៅលើគ្រែ ហើយគាត់ដើរទៅយកពិលដែលនៅក្នុងបន្ទប់ខាងមុខ។
ខ្ញុំដេកចាំក្នុងភាពងងឹតទាំងអារម្មណ៍ភ័យខ្លាចអត់ឈប់ហើយកាន់តែខ្លាចយ៉ាងខ្លាំងពេលចាំមួយសន្ទុះហើយមិនឃើញម៉ាក់ត្រឡប់មកវិញសោះ។
ពេលនេះមានតែភាពងងឹត និងស្ងាត់ឈឹងបង្កជាបរិយាកាសដ៏គួរឱ្យរន្ធត់។ យូរពេកហើយ ម៉ាក់មិនត្រឡប់មកវិញទាល់តែសោះ។ ខ្ញុំស្រែកហៅម៉ាក់ដោយសង្ឃឹមថានឹងទទួលបានចម្លើយតបភ្លាមៗ។ តែគ្រប់យ៉ាងនៅតែបន្តស្ងាត់ឈឹងដដែល។ មួយសន្ទុះធំ ក៏ឮសំឡេងឆ្លើយតបមកវិញថា, «ចាស កូន» តែខ្ញុំច្បាស់ណាស់ថាមិនមែនជាសំឡេងម៉ាក់ខ្ញុំនោះទេ មិនស្រដៀងសូម្បីតែបន្តិច តែគួរឱ្យខ្លាចបំផុត ព្រោះវាដូចជាសំឡេង… មីងពេជ្រ។
ខ្ញុំមិនអាចស្ដាប់ច្រឡំទេ គឺសំឡេងមីងពេជ្រពិតមែន។ ខ្ញុំភ័យញ័រខ្លួនទទ្រើកដូចកូនកណ្ដុរត្រូវទឹក ហើយមិនហ៊ានចេញពីបន្ទប់ដ៏ងងឹតសូន្យសុងនេះទេ ខ្លាចជួបនូវអ្វីដែលមិនគួរនឹងជួប។
រំពេជនោះ សំឡេងធ្លាក់បែកកែវបន្លឺឡើង ហើយសំឡេងស្រែករបស់ម៉ាក់ខ្ញុំក៏ស្រែកឡើងតែមួយវ៉ាស់ រួចក៏ស្ងាត់ទៅវិញឈឹង។ សំឡេងនរណាម្នាក់និយាយអ្វីម្យ៉ាងទាំងកំហឹងឆេះឆួល។ ភ្លាមនោះ រូបសថ្លាបានបង្ហាញនូវនឹងមុខខ្ញុំ ជារូបរាងក្បាលរបស់មីងពេជ្រ ហោះមកយ៉ាងលឿនសំដៅមករកខ្ញុំ ហើយស្រែកយ៉ាងខ្លាំងរួចក៏បាត់ទៅវិញយ៉ាងរន្ធត់ បន្សល់ភាពងងឹតសូន្យសុងនៅដដែល។ បេះដូងខ្ញុំលោតស្ទើរតែផ្ទុះចេញមកក្រៅហើយ។
ខ្ញុំស្រែកខ្លាំងៗរកម៉ាក់ឱ្យជួយ តែហាក់ដូចជាក្នុងផ្ទះទាំងមូលនេះមានវត្តមានខ្ញុំម្នាក់ប៉ុណ្ណោះ, ដែលនៅរស់។
៊ខ្ញុំរត់ចូលពួនក្រោមគ្រែ តែក៏ប៉ះនឹងអ្វីម្យ៉ាងត្រជាក់ស្រឹបដូចសាច់ក្លាសេ។
មិនមែនដូចទេ គឺប្រាកដជាក់ស្ដែងតែម្ដង ក្បាលរបស់មីងពេជ្រមកនៅក្រោមគ្រែម៉ាក់តាំងពីពេលណាមកក៏មិនដឹង តែក្បាលដាច់នោះស្រាប់តែបើកភ្នែកឡើងក្រឡោតហើយសម្លឹងមករកខ្ញុំ។ ខ្ញុំស្រែកយំខ្លាំងៗហើយបិទភ្នែកសំពះអង្វរថា មីងពេជ្រអើយខ្ញុំពិតជាសុំទោសខ្លាំងណាស់ ខ្ញុំមិនមានចេតនាសម្លាប់មីងទេ
ហើយដៃខ្ញុំបន្តសំពះយ៉ាងញ័រញាក់ទទ្រើកដោយសេចក្ដីរន្ធត់។
ភ្លាមនោះក្បាលនោះក៏មកជិតខ្ញុំ មកប៉ះនឹងមុខខ្ញុំត្រជាក់ស្រឹប ហើយខ្ញុំឮសំឡេងយ៉ាងខ្សោយមួយបន្លឺថា កូនសម្លាញ់ម៉ាក់ មុននឹងខ្ញុំផុតស្មារតីសន្លប់ងងឹតឈឹង។
ខ្ញុំបើកភ្នែកឡើងវិញដោយសំឡេងមនុស្សនិយាយគ្នាទ្រហឹង ជុំវិញខ្លួនខ្ញុំឃើញមនុស្សម្នាមកជាច្រើន ខ្លះកាន់ទូរសព្ទថត មានមេក្រូអ្នកឡាយព័ត៌មាន ខ្លះយកដៃខ្ទប់មុខដោយសេចក្ដីរន្ធត់នឹងហេតុការណ៍នេះ។ មានស្ត្រី២នាក់មករឹតរួតទ្រូងឱ្យខ្ញុំភ្ញាក់ស្មារតីវិញ ហើយខ្ញុំឃើញប៉ូលិសជាច្រើននាក់ដើរឆែកឆេរគ្រប់បន្ទប់មុននឹងដើរមករកប៉ូលិសម្នាក់ទៀតហើយនិយាយថា ជនសង្ស័យបានសម្លាប់ជនរងគ្រោះ កាត់ជាបំណែកៗហើយក៏ចងកស្លាប់បាត់ទៅ។
ម៉ាក់ខ្ញុំបានចង ក សម្លាប់ខ្លួន។ ខ្ញុំស្រែកយ៉ាងខ្លាំងដោយតក់ស្លុតពេលឃើញច្បាស់នឹងភ្នែក គេលើកម៉ាក់ចុះ និងស្រាយក្រមាក្រហមចេញពីករបស់គាត់។ ម៉ាក់ស្លាប់ហើយ។ ខ្ញុំមិនអាចទទួលបានទេ។ ដាច់ខាតម៉ាក់មិនអាចទៅចោលខ្ញុំទទេៗនោះទេ។
ខ្ញុំមិនយល់នូវអ្វីដែលបាន និងកំពុងកើតនេះសោះ ស្មារតីចាប់ផ្ដើមតក់ស្លុតទទួលយកមិនបានក៏សន្លប់ម្ដងទៀត។
ខ្ញុំមិនស្លាប់ទេ។
គ្រប់យ៉ាងកន្លងទៅយ៉ាងសោកសៅ។ ខ្ញុំមិនបានចូលរួមពិធីបុណ្យសពរបស់ម៉ាក់នោះទេ ព្រោះស្មារតីចេះតែខ្សោយ និងសន្លប់ជាញឹកញាប់។ ទម្រាំនឹងខ្ញុំអាចទទួលយកបាន វាចំណាយអស់៣ថ្ងៃ។ ប៉ាបានមកអង្អែលខ្ញុំដោយបារម្ភ។
ក្រោយមក ការពិតគ្រប់យ៉ាងក៏ត្រូវបានទម្លាយ ដែលវាពិបាកនឹងទទួលយកជាងការស្លាប់របស់ម៉ាក់ខ្ញុំទៅទៀត។ ម៉ាក់ចិញ្ចឹម, បើតាមការពិត។
ម៉ាក់ដែលចិញ្ចឹមបីបាច់ថែរក្សាជាទីស្រឡាញ់ស្មើជីវិតរបស់ខ្ញុំនេះមិនមែនជាម៉ាក់បង្កើតរបស់ខ្ញុំទេ។ ក្រោយពេលរៀបការជាមួយគាត់ ប៉ាបានលួចទាក់ទងស្នេហាជាមួយមីងពេជ្រ រហូតដល់មានផ្ទៃពោះ។ ផ្ទៃពោះដែលផ្ដល់កំណើតឱ្យខ្ញុំដល់សព្វថ្ងៃនេះ។ មីងពេជ្រគឺជាម៉ាក់បង្កើតរបស់ខ្ញុំ។ ខ្ញុំជាកូនសាហាយរបស់ប៉ាខ្ញុំ។ ដោយមីងពេជ្របានទាមទារឥតឈប់ឈរនូវថ្លៃអាហារកិច្ចចិញ្ចឹមខ្ញុំ ក្រោយពេលខ្ញុំកើត ម៉ាក់ក៏បានបង្កើតល័ក្ខខ័ណ្ឌមួយ។ គឺគាត់យកខ្ញុំមកចិញ្ចឹមជាកូនពេញចិត្តជាមួយប៉ា ហើយឱ្យមីងពេជ្រផ្ដាច់ទំនាក់ទំនងជាមួយប៉ាឱ្យដាច់ស្រឡះ។ តែក្រោយពីព្រមព្រៀងបែបនេះក្ដី មីងពេជ្រចេះតែអាឡោះអាឡ័យមិបដាច់ចិត្តនឹងខ្ញុំ ក៏តែងតែមករកខ្ញុំជាញឹកញាប់ ដែលធ្វើឱ្យម៉ាក់ខឹងយ៉ាងខ្លាំងដោយមិនយល់ពីមនោសញ្ចេតនាសាច់ឈាមម្ដាយបង្កើតទាល់តែសោះ។ មីងពេជ្រមិនមែនមករកចង់ឡើងខ្លួនជាប្រពន្ធចុងពេញមុខរបស់ប៉ាទេ តែគាត់នឹកកូនគាត់។ គឺខ្ញុំ។
សាកស្រមៃទៅមើល ប្រសិនបើជាអ្នក តើអ្នកអាចទទួលយកការពិតដ៏រញេរញ៉ៃនេះបានទេ?
ម៉ាក់ចិញ្ចឹមរបស់ខ្ញុំដែលខ្ញុំស្រឡាញ់ស្មើជីវិត បានលើកដៃកាប់សម្លាប់ម៉ាក់បង្កើតរបស់ខ្ញុំដែលខ្ញុំស្អប់ និងចង់ឱ្យរលាយបាត់ពីមុខ។ ខ្ញុំលើកដៃកាប់បំណែកសាកសពម៉ាក់បង្កើតរបស់ខ្ញុំដើម្បីជួយឱ្យម៉ាក់ចិញ្ចឹនរបស់ខ្ញុំគេចវេសទោសពៃពីឃាតកម្មដ៏សាហាវនេះ។ ក្រោយពីធ្វើបុណ្យតាមប្រពៃណីដល់ម៉ាក់ទាំង២ គ្រប់យ៉ាងក៏ត្រឡប់ជាធម្មតាវិញ។
ម៉ាក់ខ្ញុំមិនដែលមកពន្យល់សប្ដិខ្ញុំម្ដងណាទេ ហាក់ដូចជាទៅដោយសុខ។ តែម៉ាក់ពេជ្រហាក់ដូចជានៅវិលវល់ៗមិនព្រមទៅចាប់ជាតិ។
ជាញឹកញាប់ រាល់ពេលដែលខ្ញុំបិទភ្នែកព្យាយាមគេង ខ្ញុំឮសំឡេងម៉ាក់ពេជ្រយំសោក ហើយនិយាយថា កូនសម្លាញ់ម្ដាយ ម្ដាយស្រឡាញ់កូនពេកទើបសុំមកជួបជាញឹកញាប់ ហេតុអីកូនដាច់ចិត្តលើកដៃកាប់កម្ទេចសាកសពម្ដាយទៅវិញ។
ឯពេលខ្លះទៀតខ្ញុំឮដូចជាសំឡេងអន្ទងហៅថា មកនៅជាមួយម្ដាយមកកូន៕
និទាន និងរៀបរៀងដោយ រាត្រី រន្ធត់!