Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខ្ញុំបានកម្ម៉ង់ទិញសាច់មនុស្សពី Online ហើយពេលគេដឹកមកដល់…

ខ្ញុំកំពុងតែមើលយូធូបតែម្នាក់ឯងដែលអារម្មណ៍ធុញទ្រាន់មិនដឹងថាត្រូវមើលអ្វី ក៏ស្រាប់តែមានវីដេអូពាណិជ្ជកម្មមួយលោតឡើង។

ក្នុងវីដេអូពាណិជ្ជកម្មនិងបាននិយាយថា “ឆ្ងាញ់24 គ្រប់មុខអាហារឆ្ងាញ់ៗកម្ម៉ង់តាមចំណូលចិត្តបានគ្រប់ពេលវេលា គ្រប់ទីកន្លែងក្នុងក្រុងភ្នំពេញ”។ មិនមែនជាលើកទីមួយទេដែលខ្ញុំឃើញផ្ទាំងពាណិជ្ជកម្មកម្មវិធីកម៉្មង់អាហារដ៏គួរឱ្យធុញទ្រាន់មួយនេះ តែខ្ញុំតែងតែអូសចោលជានិច្ច តែលើកនេះខ្ញុំក៏សាកល្បងចុច download កម្មវិធីនេះសាកមើលដោយសារចង់លេងសើចជាមួយវាផង។ ក្រោយពី download ហើយចុចចូល ខ្ញុំឃើញថា កម្មវិធីនេះតម្រូវឱ្យយើងដាក់លេខទូរសព្ទ និងទីតាំង ហើយពេលខ្ញុំបំពេញហើយខ្ញុំក៏ចុច ok។

ក្នុងនេះមានម្ហូបអាហារ និងភេសជ្ជៈច្រើនណាស់ដែលអាចកម៉្មង់បាន និងមានដាក់តម្លៃស្រាប់ តែខ្ញុំអូសមកដល់ក្រោមក៏ឃើញដាក់អក្សរថា “សម្រាប់ការកម្ម៉ង់ផ្សេងពីអាហារខាងលើ សូមចុចត្រង់នេះ”។ ខ្ញុំក៏ចុចមើល ហើយក៏លោតសារមួយផ្ទាំងបញ្ជាក់ថា សូមសរសេរមុខម្ហូប ឬភេសជ្ជៈដែលលោកអ្នកចង់ញ៉ាំ ដែលមិនមានលើបញ្ជីខាងលើ។ ខ្ញុំចង់លេងសើចនឹងកម្មវិធីមួយនេះ ក៏ចុចសរសេរអក្សរថា សាច់មនុស្សមួយគីឡូ និងឈាមមនុស្សមួយកែវ។ រួចខ្ញុំចុចត្រង់ប៊ូតុង “កម្ម៉ង់ឥឡូវនេះ”។ លើផ្ទាំងអេក្រង់ឃើញរូបម៉ូតូដឹកជញ្ជូនជាច្រើន តែភ្ជាប់ទៅអ្នកដឹកជាច្រើននាក់ ពួកគេសុទ្ធតែចុចបដិសេធនឹងការកម្ម៉ង់ដ៏ចម្លែករបស់ខ្ញុំ។ ខ្ញុំសើចដោយហួសចិត្ត ដឹងច្បាស់ថាគ្មាននរណាអាចបំពេញការកម្ម៉ង់បែបកូរគេលេងរបស់ខ្ញុំទេ តែខ្ញុំចង់ធ្វើបាបក្រុមហ៊ុនមួយនេះលេងកំដរអផ្សុក។ 

តែភ្លាមនោះ ទូរស័ព្ទស្រាប់តែលោតសំឡេង ទីង ហើយលើអេក្រង់បង្ហាញថា មានអ្នកដឹកម្នាក់បានទទួលការកម្ម៉ង់របស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថាភ័យបន្តិចដែរ តែក៏សង្ឃឹមថា បន្តិចទៀតនោះអ្នកដឹកនេះនឹងចុចផ្ដាច់វិញ។ ពិតណាស់ គ្មាននរណាអាចលក់សាច់មនុស្សនោះទេ ហើយខ្ញុំក៏មិនត្រូវការពិតប្រាកដដែរ គ្រាន់តែចង់លេងសើចបែបឆ្កួតឡប់មួយតែប៉ុណ្ណោះ។

មួយសន្ទុះក្រោយមកខ្ញុំក៏លែងខ្វល់ ហើយចុចចូល YouTube មើលនេះ មើលនោះបន្តទៀត។ តែទូរសព្ទខ្ញុំស្រាប់តែរោទិ៍ឡើង ហើយខ្ញុំឃើញលេខទូរសព្ទមិនស្គាល់មួយកំពុង call មក។ ខ្ញុំចុចទទួល ហើយក៏ឮសំឡេងបុរសម្នាក់និយាយថា, «សាច់មនុស្សដែលបងកម្ម៉ង់បានមកដល់ហើយ»។

ខ្ញុំតក់ស្លុតយ៉ាងខ្លាំង។ តើនេះអាចទៅរួចដែរទេ? ឬមួយក៏អ្នកដឹកម្ហូបម្នាក់នេះគ្រាន់តែចង់លេងសើចបកមកខ្ញុំវិញទេឬ? នេះម៉ោងជិត 12 យប់ទៅហើយម៉េចក៏នៅដឹកមកឱ្យដល់ផ្ទះទៀត? 

ខ្ញុំបើកបង្អួចបន្ទប់គេងជាន់លើរបស់ខ្ញុំមើលទៅក្រោម។ ខាងមុខផ្ទះមានបុរសម្នាក់ពិតមែន ដែលកំពុងតែឈរចាំនៅទ្វាររបង ក្នុងដៃកាន់ថង់ខ្មៅមួយ ហើយទឹកមុខហាក់ដូចជាមិនសប្បាយចិត្ត។ ខ្ញុំភ័យណាស់ ព្រោះនៅផ្ទះតែម្នាក់ឯងផង។ ខ្ញុំសំងំស្ងៀមមិនហ៊ានចុះទៅទទួល ថ្វីបើមិនដឹងថាបុរសនោះពិតជាបានយកសាច់មនុស្សមកឱ្យខ្ញុំពិតមែនឬយ៉ាងណា។ ពេលខ្ញុំមើលទៅបុរសនោះ គាត់ស្រាប់តែងើយមកបង្អួចខ្ញុំ ហើយគាត់ក៏ឃើញខ្ញុំ។ ខ្ញុំប្រញាប់ទាញវាំងននបង្អួចបិទវិញហើយបិទភ្លើងទាំងអស់ សំងំស្ងាត់ឈឹង។

មួយសន្ទុះ ខ្ញុំក៏មកអើតតាមបង្អួចម្ដងទៀត តែមិនឃើញបុរសនោះនៅទ្វាររបងទៀតទេ ធ្វើឱ្យខ្ញុំធូរទ្រូងខ្លះដែរ ដែលប្រហែលជាគាត់ទៅវិញហើយ។ តែម៉ូតូរបស់គាត់នៅទីនោះដដែល បញ្ជាក់ថាគាត់មិនទាន់ទៅណាទេ។ ភ្លាមនោះ ខ្ញុំភ្ញាក់ស្ទើរគាំងបេះដូង ពេលដែលបុរសដឹកអាហារម្នាក់នេះស្រាប់តែលេចឡើងបង្ហាញវត្តមានពីក្រៅកញ្ចក់បង្អួចនៅចំពីមុខខ្ញុំ ដោយមិនដឹងថាគាត់បានតោងឡើងមកបង្អួចនេះតាំងពីពេលណា។ ខ្ញុំស្ទុះចេញ តែគាត់ក៏យកជើងធាក់បង្អួចមួយទំហឹងបណ្ដាលឱ្យបែកកញ្ចក់ ហើយគាត់ក៏លោតចូលមក ទាំងមានថង់ខ្មៅមួយក្នុងដៃ ហើយដៃម្ខាងទៀតកាន់កាំបិតមុតស្រួច។

គាត់ហែកថង់ខ្មៅនោះ រួចទាញសាច់មួយដុំធំ គប់ចំមុខខ្ញុំ បន្ទាប់មកទាញកែវជ័រមួយពីក្នុងថង់នោះ គប់មកខ្ញុំទៀត បណ្ដាលឱ្យសារធាតុរាវខាប់ពណ៌ក្រហមស្រោចជោគជាំលើរាងកាយខ្ញុំ។

ខ្ញុំស្រែកយ៉ាងខ្លាំងដោយរន្ធត់ ឯគាត់ក៏ស្ទុះមកចាប់ទាញក្បាលខ្ញុំហើយចាប់ហែកមាត់ រួចយកសាច់ឆៅមួយដុំនោះញាត់ចូលមាត់ខ្ញុំ ព្រមទាំងស្រែកយ៉ាងកំណាចថា ស៊ីទៅៗ។ 

ខ្ញុំខំប្រើកម្លាំងរើ និងព្យាយាមចាប់ដៃម្ខាងទៀតរបស់គាត់ដែលកំពុងកាន់កាំបិតនោះមិនឱ្យចាក់ខ្ញុំ ហើយជើងទាំង២របស់ខ្ញុំក៏ធាក់មួយទំហឹងទៅបុរសនោះ ឱ្យគាត់ដួលចេញពីខ្ញុំ។ បានឱកាស ខ្ញុំក៏បើកទ្វារបន្ទប់ហើយរត់យ៉ាងលឿនចុះក្រោម ឯបុរសនោះក៏រត់តាមមកដែរ។ ខ្ញុំរត់ចេញមកក្រៅផ្ទះហើយស្រែកឱ្យគេឯងជួយ តែតាមផ្លូវមានសភាពស្ងប់ស្ងាត់ឈឹងមិនមាននរណាធ្វើចរាចរណ៍ម្នាក់សោះ។ សំណាងល្អ មានអ្នករត់កង់បីម្នាក់បានជិះកាត់នេះ ខ្ញុំស្រែកយ៉ាងខ្លាំងឱ្យជួយខ្ញុំ ហើយពូរត់កង់បីនោះក៏ជិះមកជិតខ្ញុំដូចបំណង។ ខ្ញុំលោតឡើងហើយឱ្យគាត់ជិះទៅប៉ុស្តប៉ូលិសនៅជិតនេះ គាត់ក៏បើកយ៉ាងលឿនបោះពួយទៅរកទិសដៅដែលខ្ញុំប្រាប់។ ក្នុងរយៈពេលដ៏ខ្លីក្នុងមួយរាត្រីនោះ ប៉ូលិសបានឃាត់ខ្លួនបុរសដឹកជញ្ជូនម្ហូបម្នាក់នោះ ហើយឃុំខ្លួនទុកសិន។ ខ្ញុំក៏បានដឹងមកថា បុរសដឹកជញ្ជូនដែលបានដឹកសាច់ឱ្យខ្ញុំនេះ ដំបូងឡើយជាមនុស្សស្លូតបូតធម្មតាទេ តែក្រោយពីបានធ្វើជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនម្ហូបនេះមក ដោយសារចៅហ្វាយកៀបសង្កត់កាត់លុយឥតឈប់ឈរផង និងដោយសារធុញទ្រាន់ពីពួកកម្ម៉ង់កូរលេងសើចជាមួយគាត់ច្រើនពេកផង គាត់ក៏ក្លាយជារោគចិត្តទប់មិនជាប់ បានសម្លាប់អ្នកកម្ម៉ង់បែបឡប់ៗម្នាក់ រួចព្រលះសាច់ និងឈាមមកដឹកឱ្យខ្ញុំ ហើយក៏មានបំណងប្រុងសម្លាប់ខ្ញុំដែរដើម្បីកាត់បន្ថយអារម្មណ៍តានតឹង តែជាសំណាងល្អដែលខ្ញុំបានរួចជីវិត។ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនម្ហូបកម្ម៉ង់នោះក៏បានបិទដំណើរការកម្មវិធីទូរសព្ទរបស់ខ្លួនមួយរយៈ ហើយក៏បានបង់លុយមួយចំនួនដល់គ្រួសារសពនោះ ព្រមទាំងសន្យាថា នឹងរឹតបន្តឹងវិន័យចំពោះបុគ្គលិកដឹកជញ្ជូនដើម្បីធានាសុវត្ថិភាពជូនអតិថិជន។ 

តាំងពីថ្ងៃនោះមក ខ្ញុំលែងហ៊ានកម្មង់អាហារ ឬអីវ៉ាន់ពី Online ពេលខ្ញុំនៅម្នាក់ឯងទៀតហើយ ព្រោះអ្នកមិនអាចដឹងទេថានឹងមានរឿងអ្វីខ្លះប្រសិនបើអ្នកដឹកជញ្ជូនមានអារម្មណ៍មិនល្អ៕

និទាន និងរៀបរៀងដោយ ក្រុមការងារ រាត្រី រន្ធត់!

from: https://tnaot.com/km/m/detail/article/9548480