ប្រទេសវៀតណាម ៖ ក្រុមម្ចាស់ជើងឯកលីគកំពូលអាល្លឺម៉ង់ Bayern Munich គ្រោងនឹងធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសវៀតណាម ដើម្បីចូលរួមការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ។
លោក Karl-Heinz Rummenigge ប្រធានក្លិប Bayern បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានតាមរយៈប្រព័ន្ធអ៊ិនធឺរណែតកាលពីថ្មីៗនេះថា «យើងមានដៃគូសហការជាច្រើននៅវៀតណាម។ នេះគឺជាទីផ្សារដ៏សំខាន់មួយរបស់ក្លិប។ យើងកំពុងព្យាយាមរៀបចំឱ្យមានការប្រកួតនៅទីនោះ។ ទោះបីខ្ញុំមិនដែលទៅប្រទេសវៀតណាមពីមុនក៏ដោយ ក៏ខ្ញុំបានដឹង និងលឺរឿងដ៏អស្ចារ្យជាច្រើន អំពីប្រទេសនេះ»។Bayern កំពុងស្វែងរកការពង្រីកប្រជាប្រិយភាពរបស់ខ្លួន នៅតំបន់អាស៊ីអាគ្នេយ៍។ ខណៈកាលពីខែមេសា និងឧសភា ពួកគេបានរៀបចំសន្និសីទសារព័ត៌មានមួយ ស្តីពីដំណើរទស្សនាកិច្ចនៅតំបន់អាស៊ី ក្នុងនោះរួមទាំងប្រទេសវៀតណាមផងដែរ។
សូមរំលឹកថា កាលពីឆ្នាំ២០១៨ ក្រុមបាល់ទាត់ជម្រើសជាតិនារីវៀតណាម បានធ្វើទស្សនកិច្ចនៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីប្រកួតមិត្តភាពជាមួយក្រុមនារីរបស់ Bayern ដែលបញ្ចប់ទៅដោយលទ្ធផល១-១។
វៀតណាម ត្រូវបានគេមើលឃើញថា ជាប្រទេសដែលទាក់ទាញក្លិបបាល់ទាត់ធំៗជាច្រើន ខណៈកន្លងមកក្លិបល្បីៗនៅលើពិភពលោកមួយចំនួន ក៏បានធ្វើទស្សនកិច្ចមកកាន់ប្រទេសវៀតណាម ដើម្បីធ្វើការប្រកួតមិត្តភាព ដោយក្នុងមានទាំង Juventus, Arsenal និង Manchester City ផងដែរ៕ (ដកស្រង់ចេញពី vnexpress)ដោយ៖កោះសន្តិភាព