អង់គ្លេស ៖ ការសិក្សាតូចមួយបានបង្ហាញថា អ្នកនៅរស់រានមានជីវិតក្រោយពីធ្លាក់ខ្លួនឈឺជំងឺកូវីដ១៩ មួយចំនួន បានជួបប្រទះនឹងបញ្ហានៃការស្តាប់ ដែលមានរយៈពេលយូរ បន្ទាប់ពីពួកគេត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។
អ្នកជំនាញខាងសោតទស្សន៍ (ផ្នែកត្រចៀក) នៅសាកលវិទ្យាល័យ Manchester បានធ្វើការសាកសួរមនុស្សពេញវ័យចំនួន ១២១នាក់ ដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារឈឺកូវីដ១៩ រយៈពេល៨សប្តាហ៍ បន្ទាប់ពីពួកគេត្រូវបានឱ្យចេញពីពេទ្យ។
នៅពេលត្រូវបានគេសួរអំពីបញ្ហានៃការស្តាប់របស់ពួកគេ មនុស្សចំនួន ១៦នាក់ បានរាយការណ៍ថា ការស្តាប់របស់ពួកគេមានបញ្ហា។ មនុស្សប្រាំបីនាក់ ក្នុងនោះបានរាយការណ៍អំពីការធ្លាក់ចុះសមត្ថភាពនៃការស្តាប់ និងប្រាំបីនាក់ទៀតមានបញ្ហាហ៊ឹងត្រចៀកជាប់។
លោក Kevin Munro សាស្ត្រាចារ្យផ្នែកសោតទស្សន៍ និងប្រធានផ្នែកសុខភាពការស្តាប់នៅមជ្ឈមណ្ឌលស្រាវជ្រាវជីវសាស្ត្រម៉ិចស៊ិច បាននិយាយថា អ្នកវិទ្យាសាស្ត្របានដឹងរួចហើយថា វីរុសដទៃទៀតដូចជាកញ្ជ្រិល ស្រឡទែន និងរលាកស្រោមខួរក្បាល អាចបណ្តាលឱ្យមានបញ្ហាការស្តាប់ ហើយថា មេរោគឆ្លងអាចបំផ្លាញសរសៃប្រសាទដែលផ្ទុកព័ត៌មានទៅ និងមកពីខួរក្បាល។
លោកបានមានប្រសាសន៍ថា៖ «តាមទ្រឹស្តីវាអាចធ្វើទៅបានដែរ។ ជំងឺកូវីដ១៩ អាចបង្កបញ្ហាជាមួយផ្នែកខ្លះនៃប្រព័ន្ធសោតទស្សន៍ រួមមានត្រចៀកកណ្តាល ឬក៏នៅផ្នែកត្រចៀកក្នុង»៕ដោយ៖កោះសន្តិភាព