ស្គាល់គ្នា៣ថ្ងៃពេលម៉ូតូបែកកង់ ក៏បបួលទៅរកស្រីនៅម្ដុំវត្តភ្នំ បែរជាធ្វើស៊ីម៉ាស្អាត
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ទើបនឹងស្គាល់មិត្តភក្តិបាន៣ថ្ងៃ ក៏ស្រាប់តែមិត្តភក្តិបបួលទៅកន្លែងស្ងាត់ ហើយធ្វើសកម្មភាពវាយយកម៉ូតូ និងទូរស័ព្ទ ព្រមទាំងលុយអស់មួយចំនួនយកទៅបាត់បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៩យប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្លូវឌឿងហែម កែងផ្លូវ២១៧ ក្បែរស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះមានឈ្មោះ យឹម យ៉ឺង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករដឹកឥវ៉ាន់ ស្នាក់នៅម្តុំអូរឫស្សី ខណ្ឌ៧មករា ចំណែកម៉ូតូដែលជនសង្ស័យយកទៅម៉ាកស្កុបពីកូនទា មិនចាំស្លាកលេខ ព្រមទាំងកាបូបស្ពាយមួយដែលមានលុយ៥០ដុល្លារ និងទូរស័ព្ទម៉ាក Oppo មួយគ្រឿង។
តាមសម្តីបុរសជាជនរងគ្រោះ បានឱ្យដឹងថា រូបគេបានស្គាល់គ្នាជាមួយនឹងជនសង្ស័យបានចំនួន៣ថ្ងៃនៅពេលដែលម៉ូតូបែកកង់ ហើយក៏ជួយសាងឥវ៉ាន់គ្នានៅម្ដុំស្ទឹងមានជ័យ លុះមកដល់យប់ថ្ងៃកើតហេតុ រូបគេត្រូវបុរសជាជនសង្ស័យទូរស័ព្ទណាត់ជួបគ្នានៅផ្ទះសំណាក់មួយកន្លែងម្តុំស្ពានអាកាសស្ទឹងមានជ័យ ដើម្បីនាំគ្នាទៅយកស្រីនៅម្ដុំវត្តភ្នំ ។
បុរសរងគ្រោះបានបន្តថា ហើយពេលនោះដែរ រូបគេជាជនរងគ្រោះក៏បានជិះម៉ូតូម៉ាកស្កុបពីកូនទារបស់ថៅកែមកដល់ម្តុំផ្ទះសំណាក់ខាងលើ ក៏ស្រាប់តែបុរសជាជនសង្ស័យបានដឹករូបគេចុះឡើងៗ រួចចូលទៅច្រកឌឿនហែមនៅកន្លែងស្ងាត់ ក៏បានជួបនឹងបក្សពួកជនសង្ស័យម្នាក់ទៀតនៅចាំទីនោះស្រាប់ ។ ហើយពេលនោះបុរសជាជនសង្ស័យបានខ្ចីម៉ូតូរបស់គេជិះមួយភ្លែត តែពេលនោះរូបគាត់ជាជនរងគ្រោះមានការសង្ស័យ និងមើលទៅសភាពការណ៍មិនស្រួល ក៏មិនចង់អោយម៉ូតូខ្ចីជិះ ក៏ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពវាយរូបគាត់ជាច្រើនដៃ ហើយជិះម៉ូតូឌុបបក្សពួកម្នាក់ទៀតចេញទៅដោយយកទាំងកាបូបដែលមានលុយចំនួន៥០ដុល្លារ និងទូរស័ព្ទម៉ាក Oppo មួយគ្រឿងនាំគ្នាជិះគេចបាត់តែម្តង ។
ប្រភពបានបន្តទៀតថា បន្ទាប់ពីម៉ូតូត្រូវជនសង្ស័យយកទៅបាត់ រូបគាត់ជាជនរងគ្រោះក៏បានរត់ទៅពឹងឱ្យបងប្អូនប្រជាពលរដ្ឋជួយជូនទៅរកសមត្ថកិច្ចប៉ុស្តិ៍នគរបាលទំនប់ទឹក ដើម្បីឱ្យជួយអន្តរាគមន៍ផងដែរ ។
បន្ទាប់ពីទៅប៉ុស្តិ៍នគរបាលទំនប់ទឹកហើយ រូបគាត់ត្រូវបានសមត្ថកិច្ចដឹកមកចង្អុលបង្ហាញកន្លែងកើតហេតុ រួចហើយក៏បាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល ទំនប់ទឹក ខណ្ឌបឹងកេងកង ដើម្បីកំណត់មុខសញ្ញា ៕ដោយ៖ កោះសន្តិភាព