រាជធានីភ្នំពេញ ៖ ក្មេងប្រុសម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ខណៈពេលជិះម៉ូតូ១គ្រឿងជ្រុលទៅទាក់ដៃចង្កូតគ្នាជាមួយម៉ូតូ១គ្រឿងទៀត បណ្ដាលឲ្យដួលខ្ទាតទៅកណ្ដាលផ្លូវ ហើយស្របពេលនោះស្រាប់តែមានរថយន្ត១គ្រឿងមកដល់កិន បណ្ដាលឲ្យបែកក្បាលបាត់បង់ជីវិតតែម្តង។ បន្ទាប់មកម៉ូតូមួយគ្រឿងដែលទាក់ដៃចង្កូតជាមួយម៉ូតូជនរងគ្រោះបានបើកគេចទៅបាត់ស្រមោល ចំណែកឯរថយន្តដែលកិនក្មេងប្រុសខាងលើនោះព្យាយាមបើកគេចដែរ ប៉ុន្តែគេចមិនរួច ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣និងប្រជាការពារសង្កាត់និងភូមិដេញតាមចាប់បានទាំងរថយន្តនិងអ្នកបើកបរផងដែរ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខវត្តជម្ពូវ័ន ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្មេងប្រុសរងគ្រោះឈ្មោះលន់ ស៊ាងលី អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី៧ នៃអនុវិទ្យាល័យហ៊ុន សែន ជម្ពូវ័ន មានទីលំនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាអ្នកបើកបរម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1K-7116 ។ចំណែករថយន្តមួយគ្រឿងខាងលើម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខកំពង់ចាម3A-5449 បើកបរដោយបុរសម្នាក់ឈ្មោះលួន ស៊ាង អាយុ២៦ឆ្នាំ មានទីលំនៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះបានជិះម៉ូតូធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើបានទាក់ដៃចង្កូតគ្នាជាមួយម៉ូតូ១គ្រឿងផ្សេងទៀត បណ្ដាលឲ្យដួលខ្ទាតទៅកណ្ដាលផ្លូវ។ស្របពេលនោះ ស្រាប់តែមានរថយន្តខាងលើមកដល់ក៏វាក់ជាន់ហ្វ្រាំងអត់ទាន់ក៏បានកិនបណ្ដាលឲ្យបែកក្បាលទាំងពាក់មួកសុវត្ថិភាពបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងតែម្ដង។
តាមប្រភពដដែលបានបន្តថា បន្ទាប់ពីកើតហេតុ ម៉ូតូមួយគ្រឿងដែលទាក់ដៃចង្កូតជាមួយម៉ូតូជនរងគ្រោះ បានបើកគេចទៅបាត់ស្រមោល ចំណែកឯរថយន្តដែលកិនក្មេងប្រុសខាងលើរហូតដល់បាត់បង់ជីវិតនោះក៏បានព្យាយាមបើកគេចដែរ ប៉ុន្តែគេចមិនរួចក៏ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣និងប្រជាការពារសង្កាត់និងភូមិដេញតាមរហូតដល់ចំណុចរង្វង់មូលថ្នល់បំបែកចោមចៅ ទើបទាន់និងចាប់បានទាំងរថយន្តនិងអ្នកបើកបរ។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តខាងលើត្រូវបាននាំទៅធ្វើការសាកសួរនៅប៉ុស្តិ៍មួយជំហ៊ាន រួចទើបប្រគល់បន្តទៅឲ្យខាងកម្លាំងនគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី៕ ដោយ៖ កោះសន្តិភាព