សមាគមស្បែកជើងកម្ពុជាស្នើអឺរ៉ុបពន្យារពេលដកផ្នែកខ្លះនៃEBA ពីកម្ពុជាខណៈថ្ងៃឱសានវាទកាន់តែកៀក
រាជធានីភ្នំពេញ ៖ សមាគមស្បែកជើងកម្ពុជាថ្មីៗនេះ បានបង្ហាញពីការព្រួយបារម្ភចំពោះការបាត់បង់ការងាររបស់កម្មករ-កម្មការិនីរោងចក្រផលិតស្បែកជើងកម្ពុជា បើសិនជាសហគមន៍អឺរ៉ុបនៅតែសម្រេចដកប្រព័ន្ធអនុគ្រោះEBA ផ្នែកខ្លះពីកម្ពុជានាថ្ងៃទី១២ ខែសីហា ២០២០២នេះ ព្រោះ បច្ចុប្បន្ននេះ ដោយសារតែឥទ្ធិពលនៃ ជំងឺកូវីដ១៩ ជាលទ្ធផលធ្វើអោយកម្មករកម្មការិនីប្រមាណ៣ម៉ឺនទៅ ៤ម៉ឺននាក់បានបាត់បង់ការងាររួចទៅហើយនៅក្នុងិវស័យឧស្សាហកម្មស្បែកជើង ។ នេះបើយោងតាមប្រកាសព័ត៌មានចុះថ្ងៃ ទី៣១ ខែកក្កដា ២០២០ របស់សមាគមស្បែកជើងកម្ពុជា។
សមាគមមួយនេះ ក៏បានអំពាវនាវសាជាថ្មីដល់សហគមន៍អឺរ៉ុប អោយពន្យារពេលក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធផ្នែកខ្លះទៅឆ្នាំក្រោយវិញ ដោយសមាគមស្បែកជើងកម្ពុជាក៏មានការព្រួយបារម្ភជាខ្លាំងផងដែរពីផលប៉ះពាល់កាន់តែខ្លាំងទៅសមាជិកផលិតស្បែកជើងសម្រាប់នាំចេញនៅពេលដែលប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងដំណើរការដកពីកម្ពុជា ជាក់ស្ដែង៣០ភាគរយនៃការនាំចេញកាលពីឆ្នាំមុនគឺ បាននាំចេញទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ។
បើតាមលោក Tony Tung ប្រធានសមាគមស្បែកជើងកម្ពុជាថ្លែងក្នុងសេចក្តីប្រកាសអោយដឹងថា រហូតមកដល់ពេលនេះ ផលប៉ះពាល់នៃជំងឺកូវីដ១៩ទៅលើវិស័យស្បែកជើងនៅមិនទាន់ដឹងច្បាស់លាស់នៅឡើយ ។ការស្នើពន្យារពេលសម្រាប់អឺរ៉ុបក្នុងការពិចារណាលើការដកប្រព័ន្ធអនុគ្រោះពន្ធគឺមានសារសំខាន់ណាស់ ក្នុងការបន្តដំណើការវិស័យឧស្សាហកម្មស្បែកជើងនៅកម្ពុជា ។
នៅក្នុងឆមាសទី២នៃឆ្នាំ ២០២០នេះមិនមានការរាយការណ៍ណាមួយពីសមាជិកខ្លួន ពីកំណើននៃការបញ្ជាទិញស្បែកជើងនោះទេ ប៉ុន្តែបែរជាមានការរាយការណ៍ពីការបន្ថយសកម្មភាពនៃការផលិតទៅវិញ ជាក់ស្ដែងរោងចក្រជាច្រើនបានរាយការណ៍ថា ការផលិតរបស់ខ្លួនក្នុងឆ្នា ២០២០នេះនឹងធ្លាក់ចុះប្រមាណពី ៤០ទៅ៦០ភាគរយបើធៀបនឹងឆ្នាំ ២០១៩ ។
ការដកប្រព័ន្ធអនុគ្រោះផ្នែកខ្លះនៃ EBA របស់អឹរ៉ុបពីកម្ពុជា អាចនឹងប៉ះពាល់ធ្ងន់ធ្ងរថែមទៀត ។ ៧០ភាគរយនៃសមាជិករបស់សមាគមអាចនឹងកាត់បន្ថយកម្មករ និយោជិត ឬក៏ព្យួរការងារទាំងស្រុងរបស់កម្មករ។ តែបើសិនជាការរីករាលដាលនៃជំងឺត្រូវបានគ្រប់គ្រងល្អនោះ សមាគមរមពឹងថា អ្វីៗវានឹងចាប់ផ្ដើមប្រសើរនៅក្នុងពាក់កណ្ដាលឆ្នាំ២០២១ ។
សូមរំលឹកថា ក្រៅពីសមាគមមួយនេះ កន្លងទៅសមាគមរោងចក្រកាត់ដេរកម្ពុជា ក៏បានបង្ហាញពីផលប៉ះពាល់ចំពោះការដកប្រព័ន្ធអនុគ្រោះពន្ធដែរ ដោយនឹងប៉ះពាល់ទាំងផ្ទាល់និងប្រយោលដល់កម្មករ កម្មការិនី រាប់លាននាក់ផងដែរ ពីព្រោះថាវិស័យនេះបានផ្ដល់ឱកាសការងារដល់កម្មករប្រមាណជិត១លាននាក់ និងផ្ដល់ប្រាក់ចំណូលប្រមាណ២០០លានដុល្លារអាមេរិកក្នុងមួយខែ ។
លោកកាំងម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជា បានថ្លែង អ្វីដែលវិស័យយឯកជនបានធ្វើគឺធ្វើរួចហើយ ដូច្នេះរង់ចាំមើលថាតើភាគីអឺរ៉ុបគេនឹងធ្វើយ៉ាងណានៅថ្ងៃកំណត់នោះ ។
ទោះជាយ៉ាងណាក្ដី លោកបណ្ឌិតសុខ ទូច ប្រធានរាជ្យបណ្ឌិតសភាកម្ពុជា បានថ្លែងកាលពីពេលថ្មីៗនេះថា អឺរ៉ុបនឹងមិនដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជានោះទេ ហើយបើសិនជាអឺរ៉ុបដកគឺជារឿងនយោបាយសុទ្ធសាធ ។ លោកថា៖« បច្ចុប្បន្នក្នុងតំបន់អាស៊ាន អឺរ៉ុបបានផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធនេះ ដល់ប្រទេសរួមមាន មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ហើយក្នុងចំណោមប្រទេសទាំងបីគ្មានប្រទេសណាគោរពសិទ្ធិមនុស្សជាងកម្ពុជានោះទេ ជាក់ស្ដែងមីយ៉ាន់ម៉ាក៏មានបញ្ហាជាមួយនឹងជនភៀសខ្លួនរ៉ូហ៊ីងយ៉ាហើយឡាវក៏មានបញ្ហាជាច្រើនផងដែរ ៕ ដោយ៖ កោះសន្តិភាព