ហុងកុង ៖ ហុងកុងបានបើកសម្ភោធមន្ទីរពេទ្យបណ្តោះអាសន្នមួយ ដែលមានគ្រែចំនួន ៥០០ កាលពីថ្ងៃសៅរ៍ ដើម្បីផ្តល់ជូនអ្នកជំងឺកូវីដ១៩ ដែលមិនសូវជាធ្ងន់ធ្ងរ ខណៈដែលទីក្រុងនេះ កំពុងតែប្រយុទ្ធនឹងរលកថ្មីនៃការឆ្លងជំងឺនេះ។
ទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុ ធ្លាប់បានចាត់ការលើកូវីដ១៩នេះ បានដោយជោគជ័យ តែពេលនេះក៏លេចមុខកូវីដ១៩ មកម្តងទៀត។ ចាប់តាំងពីខែកក្កដា រលកនៃកូវីដ១៩ បានវិលត្រឡប់មកវិញ ដោយមានករណីខ្លះបាននាំមកដោយមនុស្សរាប់ពាន់នាក់ ដែលត្រូវបានចេញពីកន្លែងដាក់ឱ្យនៅដាច់ដោយឡែកពេលមកដល់ក្នុងទីក្រុង។
ការបើកមន្ទីរពេទ្យនេះ ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីមេដឹកនាំទីក្រុង លោកស្រី Carrie Lam បានប្រកាសពន្យារពេលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលខាងមុខនេះ សម្រាប់រយៈពេលមួយឆ្នាំ ដោយនិយាយថា ការសម្រេចចិត្តនេះ គឺការពារសុខភាពសាធារណៈទាំងស្រុង ហើយមិនមានអ្វីពាក់ព័ន្ធនឹងនយោបាយឡើយ។
ការឆ្លងថ្មីជាង ២,០០០នាក់ ត្រូវបានគេរកឃើញចាប់តាំងពីដើមខែកក្កដា ពោលគឺ ៦០% នៃចំនួនសរុបចាប់តាំងពីវីរុសបានវាយប្រហារទីក្រុងជាលើកដំបូងនៅចុងខែមករា។
មន្ទីរពេទ្យបណ្តោះអាសន្នថ្មី ដែលត្រូវបានបង្កើតឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ AsiaWorld-Expo ក្បែរអាកាសយានដ្ឋាន នឹងទទួលយកអ្នកជំងឺកូវីដ១៩ អាយុចាប់ពី ១៨ឆ្នាំ ដល់ ៦០ឆ្នាំ។
ការឆ្លងមេរោគប្រចាំថ្ងៃថ្មី មានលើសពី ១០០ករណី សម្រាប់រយៈពេល ១០ថ្ងៃចុងក្រោយនេះ ជាមួយនឹងចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ៣,២៧២នាក់ កាលពីថ្ងៃសុក្រ។ ចំនួនអ្នកបាត់បង់ជីវិតបានកើនឡើងពី ៧នាក់ ទៅ ២៩នាក់ក្នុងខែកក្កដា៕ដោយ៖កោះសន្តិភាព