ខេត្តសៀមរាប ៖ «ធុងសំរាមបន្ទាយស្រី» សាមញ្ញ ធូរថ្លៃ ងាយធ្វើ ស័ក្តិសមនឹងអត្តសញ្ញាណ នៃភូមិបុរាណ នៅក្នុងតំបន់បេតិកភ័ណ្ឌ។ នេះជាការលើកឡើងរបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នៃខេត្តសៀមរាប ។
លោកបានបន្តថា ធុងសំរាមធ្វើពីឫស្សី គឺជាធុងសំរាមសហគមន៍នៅជនបទ ដែលបង្កើតឡើងក្នុងគោលបំណងអប់រំឲ្យភ្ញៀវទេសចរដែលឆ្លងកាត់ ឬមកលេងក្នុងភូមិព្រះដាក់ និងអ្នកភូមិខ្លួនឯងផ្ទាល់ផង យល់ពីសារៈសំខាន់នៃអនាម័យ ការដាក់សំរាមនៅក្នុងធុង មិនបោះចោលពាសវាលពាសកាល ក្រោមលេសថាគ្មានធុងសម្រាប់ដាក់សំរាមតទៅទៀតឡើយ។
លោក អភិបាល វ័យក្មេងដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ជុំវិញយុទ្ធនាការជាច្រើនដូចជាផ្ទះមួយ អំពូលមួយជាដើមនោះ បានរៀបរាប់ថា «ឫស្សីដែលយកមកធ្វើជាដងទម្រនេះអស់មិនដល់១០០០០រៀលផង ហើយអាចប្រើបានយូរទៀត ចំណែកឯជាលរពាក់នោះគឺមួយតែ ៧០០០រៀល ប៉ុណ្ណោះ។ ជាការពិត ជាលរពាក់បើទុកហាលក្តៅហាលភ្លៀង មិនបានយូរអង្វែងទេ តែបើព្យួរវាផុតពីដីបែបនេះហើយមានលាបជ័រទឹករឺបាញ់ថ្នាំវ័គនីពីលើទៀត វាអាចមិនងាយដាច់គូទ និងប្រហែលជាអាចប្រើបាន១ឆ្នាំអីដែរ»។
លោក ឃឹម ហ្វីណង់ បានបន្តថា «ចំណែកឯការប្រើប្រាស់វិញ បើមានដាក់ថងខ្មៅទ្រាប់ពីក្នុងទៀតក៏អាចជួយឲ្យប្រើបានរឹតតែបានយូរ តែនោះគឺជាជម្រើសរៀងៗខ្លួនរបស់ម្ចាស់ផ្ទះនីមួយៗតែប៉ុណ្ណោះ ព្រោះថង់អាចបន្ថែមចំណាយរាល់ថ្ងៃដែរ»។
លោកអភិបានក៏បាប បន្ថែមថា យើងក៏មិនគួររំពឹងទុកហួសហេតុពេក ពីរបស់តម្លៃត្រឹមតែ៧០០០រៀលនោះដែរ បើប្រើបាន១ឆ្នាំមែន វាអស់ប្រហែលតែ២០រៀលក្នុងមួយថ្ងៃតែប៉ុណ្ណោះ មិនខុសអីពីជំនាន់យើងមិនទាន់មានថង់ផ្លាស់ស្ទីកប្រើនោះទេ ទោះបីស្លឹកឈូកនិងស្លឹកចេកប្រើម្តងហើយបោះចោល ក៏នៅតែប្រើបានព្រោះវាធូរថ្លៃ។ ម្យ៉ាង ប្រដាប់ដាក់សំរាមបើប្រើយូរពេកក៏មានមេរោគច្រើនដែរ ហើយបើខូចបោះចោលទៅរពាក់និងឫស្សីមិនប៉ះពាល់បរិស្ថានទេ តែបើទិញថ្មីវិញក៏បានជួយជាចំណូលអ្នកលក់ជាលទៀតផង។
សម្រាប់បងប្អូនអាជីវករ និងម្ចាស់ផ្ទះនីមួយៗ ដែលរស់នៅតាមដងផ្លូវនេះ យើងមានយន្តការគ្រប់គ្រងសំរាម ដាច់ដោយឡែកមួយទៀត ដែលលោកអភិបាលនឹងលើកយកមកនិយាយនៅពេលក្រោយ គ្រាន់តែដឹងថាពួកគាត់នឹង មិនយកសំរាមផ្ទះបាយរឺសំរាមសើមមកដាក់ក្នុងធុងនេះទេ។
និយាយឲ្យខ្លីទៅ នេះគឺជាធុងសំរាមសម្រាប់តែដាក់ ក្នុងតំបន់ទេសចរណ៍តែប៉ុណ្ណោះ ដើម្បីអោយភ្ញៀវទេសចររឺអ្នកដំណើរឆ្លងកាត់ ផ្តល់ការគោរពដល់ភាពមានអនាម័យ របស់អ្នកភូមិគំរូមួយនេះ និងជួយដាក់សំរាមនៅក្នុងធុង។ នៅពេលដែលអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាមនេះបានពេញ ក្នុងភូមិហើយ រដ្ឋបាលស្រុកនឹងពិចារណាផាកពិន័យ លើបុគ្គលទាំងឡាយណាដែលមកលេង ភូមិព្រះដាក់ ហើយនៅតែចោលសំរាមនៅក្រៅធុងបន្តទៀត ហើយនេះគឺជាអ្វីដែលអនុញ្ញាតអោយធ្វើបានដោយច្បាប់។
ដោយសារតំបន់នេះជាតំបន់ទេសចរណ៍ និងជាភូមិបុរាណនៅក្នុងតំបន់បេតិកភ័ណ្ឌ សោភ័ណភាពគឺជារឿងសំខាន់ ធុងសំរាមមិនគួរត្រឹមតែជួយឲ្យមានអនាម័យប៉ុណ្ណោះទេ តែត្រូវតែបន្ស៊ីគ្នាទៅនឹងបរិស្ថានជុំវិញផងដែរ មិនគួរឲ្យរំខានភ្នែក គគ្រិចមិនមានអ្នកហ៊ានដើរក្បែរ រឺអ្នកភូមិមិនចង់ឲ្យដាក់នៅមុខផ្ទះនោះឡើយ។ ហេតុដូច្នេះហើយបានជាមានការជ្រើសរើសយកជាលរពាក់និងឫស្សីយកមកប្រើប្រាស់ ដើម្បីរក្សាអត្តសញ្ញាណនៃតំបន់នេះ។ ការរចនាកែច្នៃទៀតសោតត្រូវតែសាមញ្ញ មិនប៉ះពាល់បន្ថែមដល់បរិស្ថាន ងាយធ្វើដោយខ្លួនឯង និងមិនចំណាយច្រើន ព្រោះបើអស់ថ្លៃពេក រឺពិបាករកវត្ថុធាតុដើមយកមកធ្វើ រឺទាមទារបច្ចេកទេសខ្ពស់ពេក អ្នកភូមិមិនចូលរួមទេ។
ក្រែងនៅមានការយល់ច្រលំ ធុងសំរាមនេះគឺធ្វើដោយម្ចាស់ផ្ទះ កម្មសិទ្ធិម្ចាស់ផ្ទះ និងថែរក្សាដោយម្ចាស់ផ្ទះខ្លួនឯងផ្ទាល់ រដ្ឋបាលស្រុកគ្រាន់តែធ្វើជាគំរូឲ្យមើលតែប៉ុណ្ណោះ។
អ្នកភូមិអាចច្នៃបន្ថែម ឬរើសម៉ូដណាមួយដែលខ្លួនចូលចិត្តបាន ជាក់ស្តែងរដ្ឋបាលស្រុកនឹងចែកដងបង្គោលឫស្សីមួយចំនួនជូនដល់តាមកន្លែងមានលក់ជាលរពាក់ទាំងនេះ ព្រោះពួកគាត់មានជាលនេះស្រាប់ ដោយសុំឲ្យគាត់ដាក់ជាលដោយខ្លួនឯងផង តាំងបង្ហាញជាគំរូដល់អ្នកភូមិផង និងប្រាប់ថាជាលរពាក់ទាំងនេះអាចរកទិញបានក្នុងតម្លៃធូរថ្លៃនៅទីនេះផង។ មើលមិនឃើញ អ្នកលក់ជាលកន្ត្រកទាំងនេះអាចបង្កើតប្រាក់ចំណូលថ្មី ដោយធ្វើទាំងដងទាំងជាលលក់ឲ្យអ្នកក្នុងភូមិផង រឺភ្ញៀវមកពីក្រៅផងក៏ថាបាន។
សំរាមទៀតសោតគឺសុទ្ធសឹងតែជាសំរាមស្ងួតទេ ភាគច្រើនប្រហែលជាដបទឹកសុទ្ធ កំប៉ុងទឹកក្រូច ក្រដាស់ជូតមាត់ រឺថង់ម្ហូបដែលនៅសេសសល់តែប៉ុណ្ណោះ តាមពិតទៅប្រហែលជាអ្នកចោលមិនបានជួយញែកឲ្យទេ តែក្នុងហេតុផលអប់រំយូរអង្វែង ទើបយើងជម្រុញឲ្យមានពីរជម្រើសនេះ យ៉ាងហោចណាស់បង្រៀនអោយស្គាល់និងញែករបស់ដែលអាចកែច្នៃបានសិន។
ត្រង់ថាហេតុអ្វីមិនញែកជា៣រឺ៤ ខ្ញុំពិតជាចង់បានណាស់ តែខ្លាចអ្នកភូមិគាត់មិនធ្វើតាម ម្យ៉ាងចំណាយច្រើន ហើយអាចធំពេក ទើសសំពីងសំពោង និងពិបាករកកន្លែងដាក់ទៀត។ ខ្ញុំបានធ្វើការច្រើនជាមួយសហគមន៍ ខ្ញុំដឹងថាការបង្ខំរឺចង់បានលោភពេក ភាគច្រើនមិនជោគជ័យទេ។
ចំណែកឯហេតុផលមិនមានគម្រប ពាក់ព័ន្ធនឹងថាភាគច្រើនជាសំរាមស្ងួត និងការដែលមនុស្សទូទៅមិនចង់ប៉ះគម្របធុងសំរាម ដោយគិតថាគគ្រិចមិនចង់ឲ្យប្រលាក់ដៃ។ តាមបទពិសោធន៍ បើធុងមានគម្រប មនុស្សភាគច្រើននឹងបោះចោលលើធុងរឺក្រៅធុង តែនេះគឺជាជម្រើសផ្ទាល់ខ្លួនរបស់ម្ចាស់ធុងនិងម្ចាស់ផ្ទះនីមួយៗ បើគាត់ចង់ដាក់គម្របក៏មិនទាស់ខុសអីដែរ។
ចំណែកឯឡានសំរាមរបស់រដ្ឋបាលស្រុកនឹងឆ្លងកាត់ផ្លូវនេះជារាល់ថ្ងៃជាប្រចាំ ម្ចាស់ផ្ទះនីមួយៗមានកាតព្វកិច្ចត្រូវប្រមូលសំរាមចេញពីធុងទាំងនេះ ហើយវេចខ្ចប់រួចយកទៅដាក់ក្នុងឡានសំរាមរឺកន្លែងរក្សាទុកសំរាមបណ្តោះអាសន្ននៅក្នុងភូមិដោយខ្លួនឯង។ ការរស់នៅស្អាតរបស់អ្នកភូមិគឺជាធាតុចាំបាច់ដើម្បីអោយយន្តការតម្រូវបែបនេះដំណើរការទៅបានប្រកបដោយនិរន្តភាព ហើយរដ្ឋបាលស្រុកក៏នឹងមានផែនការអប់រំនិងលើកទឹកចិត្តដាច់ដោយឡែកពាក់ព័ន្ធនឹងការរស់នៅស្អាតនៅក្នុងភូមិគំរូនេះផងដែរ៕