នាយករដ្ឋមន្ត្រីក្រើនរំលឹកពលរដ្ឋត្រូវប្រយ័ត្នជានិច្ចរឿងកូវីដ ខណៈវៀតណាមមានករណីស្លាប់បន្តបន្ទាប់
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ២ ខែ សីហា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបន្តក្រើនរម្លឹកពលរដ្ឋខ្មែរត្រូវបង្កបង្កើនការប្រុងប្រយ័ត្នខ្ពស់ពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ ដោយសារតែសម្តេចបានសង្កេតឃើញថាពលរដ្ឋខ្លះហាក់មានការធ្វេសប្រហែស លែងសូវប្រើប្រាស់ម៉ាស់ការពារពេលចេញក្រៅផ្ទះ ។
សម្តេចបានសរសេរសារយ៉ាងដូច្នេះថា «សូមអំពាវនាវសារជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស សូមថែរក្សាសុខភាពកុំអោយឆ្លងជំងឺកូវីដ១៩។ តាមការសង្កេតមើលពេលនេះ គឺឃើញថាចំនួនអ្នកពាក់ម៉ាសកាន់តែតិចទៅៗ ហើយមានការធ្វេសប្រហែសទៀតផង » ។សម្តេចតេជោ បានបន្តថា ថ្ងៃនេះអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងពិភពលោកក្នុង២១៦ ប្រទេស គឺបានកើនឡើងដល់ 17,396,943 នាក់ ហើយចំនួនអ្នកស្លាប់គឺកើនដល់ 675,060នាក់ និងចំនួនកើតឡើងថ្មីគឺ 289,321 ករណី។ កម្ពុជាយើងមានអ្នកឆ្លងមេរោគកូវីដ-១៩ ចំនួន 239 នាក់ អ្នកព្យាបាលបានជាសះស្បើយមានចំនួន164 នាក់ ហើយអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន 75 នាក់។
សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីថា «សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច កុំមើលស្រាលជំងឺកូវីដ-១៩ អោយសោះ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះគឺជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវបំផុត ដែលពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ» ។ ដូច្នេះត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល (gel sanitizer) សម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើប្រាស់ម៉ាសអោយបានជាប្រចាំបើចាំបាច់។ គ្រប់ទីកន្លែងទាំងអស់ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានដាច់ខាត ដើម្បីសុវត្ថិភាពសុខភាពទាំងអស់គ្នា ។គេកត់សម្គាល់ឃើញថាសម្តេចនាយករដ្ឋមន្ត្រីតែងតែផ្ញើសារជាប់ជាប្រចាំក្រើនរម្លឹកពលរដ្ឋខ្មែរ ចូរកុំមានការធ្វេសប្រហែស ។ ជាក់ស្តែងប្រទេសជិតខាងកម្ពុជា ដូចជាវៀតណាមជាដើម កំពុងតែរងគ្រោះរលកទី២ នៃវីរុសឆ្លងកូវីដ ១៩ ដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៣នាក់ហើយ គិតត្រឹមថ្ងៃទី ០១ ខែសីហានោះ ៕ ដោយ៖ កោះសន្តិភាព