ខេត្តព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ពលរដ្ឋចំនួន១៦នាក់មានទាំងស្ត្រី ទាំងបុរស និងក្មេងតូចៗ ដែលរងគ្រោះដោយសារការលិចទូកនៅកោះរ៉ុងកាលពីល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ កន្លងមកនេះ ត្រូវបានជួយសង្គ្រោះរួចផុតពីគ្រោះថ្នាក់ហើយ បន្ទាប់ពីបានដឹកជនរងគ្រោះតាមទូកនេសាទមួយគ្រឿងមកដល់ដីគោក នៅចំណុចកំពង់ផែចំណតទូកទំនប់រលកវិញនៅយប់ថ្ងៃដដែលនេះ ក្រោយមកបានបញ្ជូនបន្តមកកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីជួយពិនិត្យតាមដានសុខភាពបន្ត ក្រោមការចាត់ចែងរបស់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ។
សេចក្តីរាយការណ៍បន្តថា ទូកដែលលិចនេះជាប្រភេទទូកឈើ (បេអឺ ) បានលិចនៅចំណុច ចន្លោះកោះរ៉ុងសន្លឹម និងកោះតូច មានចម្ងាយប្រមាណ៣ម៉ាយ (ជិត៥គីឡូម៉ែត្រ) ពីកោះតូច ស្ថិតនៅក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
សេចក្តីរាយការណ៍បន្តទៀតថា ចំពោះមូលហេតុដែលបណ្តាលឲ្យលិចទូកខាងលើនេះ បើតាមការឲ្យដឹងពីបុរសម្នាក់ឈ្មោះ សេង រិទ្ធី អាយុ៥៤ឆ្នាំ ជាជនរងគ្រោះក្នុងហេតុការណ៍លិចទូកនេះដែរ បានបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យលិចទូក គឺបណ្តាលមកពីខូចប្រព័ន្ធបូមទឹក ហើយគាប់ជួននឹងមេឃមានភ្លៀងធ្លាក់លាយឡំដោយខ្យល់កន្ទ្រាក់ ព្រមទាំងទឹករលកខ្លាំងៗបោកមកលើទូកទៀត បណ្តាលឲ្យបែកក្តារទូកផ្នែកខាងមុខ បន្ទាប់មកទូកក៏ លិចតែម្តង ប៉ុន្តែសំណាងល្អបានក្រុមការងារសមាគមដឹកជញ្ជូនលោកឧកញ៉ា ទៀ វិចិត្របានបញ្ជូនអូរប័រល្បឿនលឿនមកជួយសង្គ្រោះបានទាន់ពេល ។
បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា គិតត្រឹមម៉ោង២រសៀល ថ្ងៃទី០១ ខែសីហាកន្លងមកនេះ នៅខេត្តព្រះសីហនុ ធាតុអាកាសលើផ្ទៃសមុទ្រមេឃនៅតែមានភាពអ៊ួរអាប់ មានភ្លៀងធ្លាក់ស្ទើរគ្រប់កន្លែង ខ្យល់បក់បង្គួរ និងមានរលកនៅចន្លោះឃ្លងបង្គួរ។ ស្ថានភាពបែបនេះ លោកស្នងងការ បានដាក់បទបញ្ជាដល់កម្លាំងនគរបាលទេចរណ៍ និងនគរបាលចរាចរផ្លូវទឹកឲ្យពង្រឹងតាមគោលដៅ និងធ្វើការណែនាំភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលចុះលេងទឹកសមុទ្រនៅតាមឆ្នេរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ កុំចុះលេងឃ្លាតឆ្ងាយពីមាត់ឆ្នេរពេក និងហាមមិនឲ្យក្មេងតូចៗអាយុប្រមាណ៧ឆ្នាំចុះលេងទឹក ដោយហេតុថានេះជារដូវភ្លៀងអាចមានរលកធំៗ ខ្យល់បក់ខ្លាំង អាចបណ្តាលឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។
ចំណែកនៅតាមបណ្តាកោះ លោកស្នងការនគរបាលខេត្ត ក៏បានបញ្ជាកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ចុះធ្វើការណែរនាំ និងផ្សព្វផ្សាយដល់ទូកនេសាទ ទូកដឹកទំនិញ និងទូកដឹកអ្នកទេសចរណ៍តាមសមុទ្រ ឲ្យបង្កើនការប្រុងប្រយ័ត្នពេលមានភ្លៀង ខ្យល់ ឬរលកខ្លាំងជាដើម ។
ជាចុងក្រោយលោកនគរបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ សូមយកចិត្តទុកដាក់ស្តាប់ការណែនាំពីមន្ត្រីជំនាញទាំងអស់ ដើម្បីបង្ការ និងបញ្ចៀសបានពីឧបទ្ទវហេតុផ្សេងៗដោយគ្រោះធម្មជាតិ៕ដោយ៖កោះសន្តិភាព