ភ្នំពេញ៖ យុវជនម្នាក់បែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារជិះម៉ូតូប៉ះដៃចង្កូតជាមួយរថយន្តទេសចរណ៍មួយគ្រឿង ដូលខ្ទាតចូលក្រោមរថយន្ត បណ្តាលរថយន្តកិនស្លាប់។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ២ និង ២០នាទី រសៀលថ្ងៃទី១ សីហា នៅចំណុចមុខផ្សារជម្ពូវ័ន តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ម្ចាស់រថយន្តបានព្យាយាមគេចខ្លួន តែត្រូវប្រជាការពារឃាត់បាននៅចំណុចរង្វង់មូលចោមចៅ ខណៈជនរងគ្រោះឈ្មោះ ឡូន សៀងលី ភេទប្រុស អាយុ ១៦ឆ្នាំ ជាសិស្សសាលា NCIC ថ្នាក់ទី៧ បច្ចុប្បន្នស្នាក់ផ្ទះជួល នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យក្បែរ កន្លែងកើតហេតុ មានស្រុកកំណើត នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ចំណែកម្ចាស់រថយន្តបង្កមានឈ្មោះ លួនសៀង អាយុ ២៦ឆ្នាំ បច្ចុប្បន្នស្នាក់នៅខេត្តកំពង់ស្ពឺ មានស្រុកកំណើតនៅខេត្តកំពត។
តាមសាក្សីនៅកន្លែងកើតហេតុ មុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េមួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកហុងដា ស៊េរីឆ្នាំ២០២០ ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1-K 7116 បើកបរដោយយុវជនម្នាក់ ធ្វើដំណើរតាមមកពីក្រោយហើយបានទាក់ដៃចង្កូតជាមួយរថយន្តទេសចរណ៍មួយគ្រឿងទៀត បណ្តាលឲ្យដួលចូលក្រោមរថយន្តកូរ៉េ ពាក់ស្លាកលេខកំពង់ចាម 3A-5449 កិនស្លាប់យ៉ាងអាណោចអាធម៍។ ភ្លាមនោះរថយន្តបានបន្តដំណើរទៅមុខទៀត រហូតដល់រង្វង់មូលចោមចៅ ទើបត្រូវ ប្រជាការពារដេញឃាត់បានតែម្តង។ ក្រោយកើតហេតុម្ចាស់រថយន្ត ត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ បណ្ដោះអាសន្ន រង់ចាំមន្ត្រីជំនាញមកវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីដោះស្រាយតាមច្បាប់ ចំណែកសពត្រូវសមត្ថកិច្ចទំនាក់ទំនងទៅគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
ដោយ៖ ផេង ភាព