ភ្នំគូលែន ជាភ្នំហៅតាមឈ្មោះរុក្ខជាតិមួយប្រភេទ។ ភ្នំនេះមានទីតាំងស្ថិតនៅទិសឦសាន ក្នុងស្រុកស្វាយលើ និងស្រុកវ៉ារិន ចំងាយ ៦០គីឡូម៉ែត្រពីក្រុងសៀមរាប និងប្រហែល ២៥គីឡូម៉ែត្រពីប្រាសាទបន្ទាយស្រី។ ដោយមានកម្ពស់ពី៣០០ ទៅ៤០០ម៉ែត្រ និងមានបណ្តោយជាង៤០គីឡូម៉ែត្រ ដោយសណ្តូកលើអ័ក្សដែលមានទិសដៅពីទិសពាយ័ព្យទៅទិសអាគ្នេយ៍ ខ្នងភ្នំជាវាលរាបលាតសន្ធឹងតាមបណ្តោយជួរភ្នំ និងមានខ្យល់អាកាសល្អបរិសុទ្ធ និងមានមនុស្សរស់នៅច្រើន ។
ភ្នំគូលែនគឺជាអតីតរាជធានីខ្មែរនៅសតវត្សរ៍ទី៩ គេតែងរំលឹកដល់ស្នាព្រះហស្តរបស់ព្រះបាទជ័យវរ្ម័នទី២ ដែលជាព្រះមហាក្សត្រដ៏ល្បីល្បាញមួយព្រះអង្គ ក្នុងសម័យកាលនៃចក្រភពខ្មែរ ។ មួយវិញទៀត ភ្នំគូលែន ជាទីតាំងសក្ការៈមួយ ដែលមានភាពល្បីល្បាញផ្នែកវប្បធម៌ប្រវត្តិសាស្ត្របស់កម្ពុជា ដែលខ្មែរយើងស្គាល់ថាជារាជធានីដំបូងគេនៅក្នុងយុគសម័យអង្គរ តំណាងឱ្យសុខសន្តិភាព និងការបង្រួបបង្រួមជាតិ បន្ទាប់ពីអាណាចក្រខ្មែរបានចាកផុតពីការគ្រប់គ្រងរបស់ពួកជ្វា។ ក្រោយពីសម្រេចបាននូវការបង្រួបបង្រួមជាតិនេះ ព្រះអង្គបានសម្រេចព្រះទ័យ ជ្រើសរើសយកភ្នំគូលែន ដើម្បីរៀបចំពិធីទេវរាជនៅឆ្នាំ៨០២ ក្នុងបំណងប្រកាសពីការបង្រួបបង្រួមជាតិ និងឯករាជ្យជាតិ ដោយបញ្ជាក់ថា ចាប់ពីពេលនេះទៅ អាណាចក្រខ្មែរលែងចំណុះឱ្យជ្វាទៀតហើយ ។
ភ្នំគូលែនមានឈ្មោះដើមថា មហិន្រ្ទព៌ត ដែលត្រូវបានគេចាត់ទុកជាទីតាំងកំណើតនៃអាណាចក្រអង្គរ។ វាជាកន្លែងដែលព្រះបាទជ័យវរ្ម័នទី២ ប្រារព្ធធ្វើពិធីទេវរាជ និងប្រកាសឯករាជ្យពីប្រទេសជ្វាក្នុងឆ្នាំ៨០២ ដែលជាពេលដែលសម័យអង្គរកើតឡើង។ ភ្នំនេះជាទីក្រុងរបស់ចក្រភពខ្មែរ (អាណាចក្រខ្មែរ)ដំបូងគេជិតកន្លះសតវត្សមុនពេលប្តូរទៅហិហរាល័យ ដែលឥឡូងនេះហៅថារលួស។
ភ្នំគូលែនត្រូវបានប្រជាពលរដ្ឋខ្មែរចាត់ទុកថា ជាភ្នំសក្ការបូជានៅក្នុងប្រទេសកម្ពុជា ហើយក៏ជាកន្លែងដែលជាទីពេញនិយមក្នុងធ្វើធម្មយាត្រាក្នុងចន្នោះពេលចុងសប្តាហ៍ពិធីបុណ្យ។ វាជាកន្លែងដែលមានតួនាដ៏សំខាន់ នៅតំបន់ប្រវត្តិសាស្ត្រចក្រភពខ្មែរ។ នៅលើកំពូលភ្នំមានវត្តតូចមួយដែលមានដំកល់បដិមាព្រះពុទ្ធមួយអង្គទំរេតព្រះកាយដែលឆ្លាក់ចេញពីផ្ទាំងថ្មភ្នំតែម្តង។ នៅក្បែរនោះដែរមានទឹកធ្លាក់ដែលជាការទាក់ទាញមួយសំរាប់ទេសចរមុជទឹកកំសាន្ត។ នៅជំរាលភ្នំមានទីសក្ការៈតូចមួយដែលនៅទីនោះគេឱ្យឈ្មោះថាទឹកជប់ គឺជាកន្លែងដែលទឹកផុសចេញពីក្នុងថ្ម ហើយត្រូវចាត់ទុកថាជាទឹកព្រះដោយហេតុនោះផុសចេញពីភ្នំសក្ការបូជា។
ភ្នំគូលែនជារមណីយដ្ឋានប្រវត្តិសាស្ត្រមួយ ដែលជាដើមកំណើតនៃអារ្យធម៌អង្គរ សំណង់ប្រាសាទជាច្រើន ដែលមានការតុបតែងលំអប្លែកៗ បានកសាងឡើង ហើយអ្នកស្រាវជ្រាវចាត់ទុកថា ជាការចាប់ផ្តើមនៃទម្រង់ស្ថាបត្យកម្មថ្មីមួយតភ្ជាប់ពីសិល្បៈសម័យមុនអង្គរ និងសម័យអង្គរ។ ឧទ្យានជាតិភ្នំគូលែនក៏ជាតំបន់ការពារធម្មជាតិមួយនៅលើភ្នំនេះ។ វាមានឈ្មោះជាផ្លូវការថា “ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន” ដែលមានទីស្ថិតនៅក្នុងស្រុកស្វាយលេង និងស្រុកវ៉ារិន។
(ទីតាំងភ្នំគូលែនត្រូវបានរដ្ឋាភិបាលកម្ពុជាដាក់ជាសម្នើក្នុងការបញ្ថូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៩២ ។)
រឿងរ៉ាវទាក់ទងនឹងភ្នំគូលែននេះ ត្រូវបានអ្នកស្រុកនៅទីនេះដែលដំណាលតៗគ្នារហូតរៀងមកបានឲ្យដឹងថា៖ វាជាកោះមួយដែលស្ថិតនៅកណ្តាលសមុទ្រ ដែលសំពៅទាំងឡាយតែងមកចូលចតនៅទីនេះ ជាពិសេសសំពៅមកពី ចិន។ តាមរយៈដំណាលរឿងបានបញ្ជាក់អោយដឹងថា នៅថ្ងៃមួយ មានហេតុការអាក្រក់បានកើតឡើង ដោយមានព្យុះបោកបក់យ៉ាងខ្លាំង ជាហេតុធ្វើឲ្យសំពៅចិនទាំងអស់លិចនៅទីតាំងនេះ។ តាមរយៈរឿងព្រេងនិទាននេះ អ្នកស្រុកបានសន្និដ្ឋានតៗគ្នាថា រុក្ខជាតិទាំងឡាយ ដែលមានដុះ នៅលើភ្នំនោះកើតមានដោយសារពូជនៃធញ្ញជាតិផ្សេងៗ ដែលបានដឹកតាមសំពៅចិន និងលិចនៅទីនោះ ក្នុងនោះមានពូជ “គូលេន” នេះឯង ។
តំបន់ទេសចរណ៍ភ្នំគូលែនមិនត្រឹមតែជាតំបន់ប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជាប៉ុណ្ណោះទេ ទីនេះថែមទាំងជាកំណត់ហេតុទេចរណ៍មួយសម្រាប់ប្រជាជាតិកម្ពុជា និងអន្តរជាតិក្នុងការមកទស្សនាកំសាន្តពីសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យរបស់កម្ពុជា រួមទាំងធម្មជាតិដ៏កម្រផងដែរ។ ទន្ទឹមគ្នានេះដែរ តំបន់ទេសចរណ៍ភ្នំគូលែនមានសំណង់ប្រាសាទប្រហែល ២០ ដែលត្រូវបានរកឃើញនៅលើទីតាំងនេះផ្ទាល់តែម្តង៕