រាជធានីភ្នំពេញ ៖ គ្មានអ្វីដែលកើតឡើងដោយគ្មានការគិត និងការខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពឡើយ ។ គ្មានអ្វីខ្លាំងជាងការមានគំនិតទេ ការគិត គឺពិតជានាវាដែលនាំផ្លូវឱ្យវាសនារបស់យើងម្នាក់ៗ ទៅរកអ្វីមួយដែលយើងប្រាថ្នា ។ ឧទាហរណ៍ថា អ្នកកើតមកក្នុងគ្រួសារដែលក្រ ប៉ុន្តែការគិតរបស់យើង គឺមិនអាចក្រទេ យើងនឹងមានក្នុងថ្ងៃអនាគត ដូចនេះវាអាចមានគិតបែបនេះ ប្រាកដណាស់ថាយើងនឹងអាចរុងរឿងនៅថ្ងៃណាមួយមិនខាន។
អ្នកខ្លះគិតថា អ្នកមាន គឺមានលុយ តែតាមពិតមិនដូចនេះទេ អ្នកមានគឺមានគំនិតវិជ្ជមានច្រើនជាង គេតែងតែគិតអ្វីជាវិជ្ជមានមុនគេ ។ តួយ៉ាងបើយើងប្រកាន់ពាក្យមួយ កើតមកក្រយ៉ាងម៉េចក៏ដោយ បើគាត់ថា គាត់នឹងមិនអាចក្រយូរទេ គាត់ត្រូវតែមាន នោះវាពិតណាស់ថាអាចគាត់មានសង្ឃឹមជានិច្ចក្នុងខ្សែជីវិតមួយនេះ នេះជាការលើកឡើងរបស់ នាយកប្រតិបត្តិនៃក្រុមហ៊ុនម្នាក់ ដែលគាត់បានកើតចេញពីភាពក្រីក្រ។
លោក សោម សម្បត្តិ នាយកប្រតិបត្តិនៃក្រុមហ៊ុន ខាំ ផែន (ថ្នាំពណ៌ជាតិ) បានមានប្រសាសន៍ថា «ដូចខ្ញុំជាដើម ព្រោះខ្ញុំកើតមកជាកូនកំព្រាតាំងពីដើម ហើយខ្ញុំរៀនបានត្រឹមថ្នាក់ទី ៦ តែខ្ញុំមិនជឿថាខ្ញុំមិនចេះ ហើយខ្ញុំក៏មិនជឿថាខ្ញុំមិនអាចមានបានដែរ។ ខ្ញុំបានគិតថា ខ្ញុំនឹងមិនក្រ»។ លោកបានបន្តថា «អ្នកមានគេធ្វើការងាររហូតដល់យប់កណ្តាលៗអាធ្រាត្រ តែអ្នកក្រខ្លះក៏ឧស្សាហ៍ដែរណា ផឹកដល់កណ្តាលៗអាធ្រាត្រដែរ។ ខ្ញុំឃើញអ្នកក្រខ្លះ ឧស្សាហ៍ណាស់ ល្ងាចៗជុំគ្នាមុខផ្ទះ ប្រមែប្រមូលឱ្យតែបានសាច់ក្លែមមួយស្បោង ប៊ីយ៊ែរមួយកេះនឹង គឺថាទល់ៗកណ្តាលអាធ្រាត្រ ហើយគាត់គិតថាខំដូចគេដែរ ហេតុអ្វីបានវាមិនមាន។ ប៉ុន្តែចង់ប្រាប់ថា បើឧស្សាហ៍ព្យាយាមបែបនេះ រឿងអ្វីអាចមានបាននោះ ឧស្សាហ៍ព្យាយាមទាល់តែលើភាពត្រឹមត្រូវ»។
ការអនុវត្តរៀងរាល់ថ្ងៃ គឺជាការច្នៃប្រឌិតនេះ គឺជារឿងសំខាន់ និងការឧស្សាហ៍ព្យាយាម ហើយត្រឹមគំនិតចង់មានបានមិនគ្រប់គ្រាន់ទេ ទាល់តែយើងតាំងចិត្តធ្វើអ្វីៗឱ្យល្អបំផុត យើងចេះតែនាំគ្នាចង់មាន តែយើងមិនដឹងថាអ្នកមានគាត់ធ្វើការពិបាក និងខំប្រឹងប៉ុណ្ណាទេ។
លោក សោម សម្បត្តិ បានបន្តថា «ខ្ញុំអាចនិយាយបានថា គ្មានអ្នកក្រណា ធ្វើការលំបាកស្មើអ្នកមានទេ ទោះបីយើងដាក់លីសែង ទៅនៅហាលថ្ងៃហាលខ្យល់យ៉ាងណាក្តី ក៏នូវមិនទាន់ស្មើដូចអ្នកមានដែរ ពីព្រោះអ្វីដែលពិបាកជាងគេបំផុតគឺការគិត ហើយអ្នកក្រគឺខ្ជិលគិត អ្នកមានគឺជាអ្នកឧស្សាហ៍គិតនឹងខ្លាំងជាងគេ»។ លោក សោម សម្បត្តិ ក៏បានបន្យល់ខ្លះៗ អំពីគោលការណ៍ និងការទទួលខុសត្រូវរបស់អ្នកមាន ៖ ទី១ – គោលការណ៍សេដ្ឋកិច្ច ក្នុងសង្គមជាតិមួយការពិតគេមិនដែលនិយាយពីអ្នកនយោបាយមុនទេ គេនិយាយពីអ្នកសេដ្ឋកិច្ចមុន។ ឧទាហរណ៍ជាក់ស្តែងមួយ ច្បាប់ចរាចរណ៍មួយ កើតចេញពីគេផលិតរថយន្ត បើធ្វើរថយន្តមិនកើតមិនចាំបាច់មានច្បាប់ចរាចរណ៍ទេ ដូចនេះច្បាប់ចេញក្រោយទេ សេដ្ឋកិច្ចចេញមុន។ ហើយបើងាកមកមើលផ្នែកហិរញ្ញវត្ថុ ដោយសារតែអ្នកសេដ្ឋកិច្ច ចេះបោះពុម្ភលុយចឹងទៅ ទើបយើង ចេះគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឬក៏ឯកជន។ ដូចនេះនៅលើពិភពលោកនេះ រដ្ឋាភិបាលណាក៏យកសេដ្ឋកិច្ចជាចំបងដែរ។ ទី២- សង្គមកិច្ច យើងមើលលោក អាប្រាហ៊ាម លីងកូល លោកថាដើម្បីជួយអ្នកក្រ កុំធ្វើខ្លួនឱ្យក្រម្នាក់ទៀត ដូចនេះការពិតគ្មានអ្នកណាអាចជួយសង្គមជាងអ្នកមានទេ។ ទី៣- កាតព្វកិច្ច ការពិតអ្នកមានជួយបង់ពន្ធជូនរដ្ឋ ដើម្បីឱ្យរដ្ឋមានលុយទៅជួយអ្នកក្រ ដូចនេះអ្នកមាននេះហើយ ដែលមានកាតព្វកិច្ច ជួយអ្នកក្រ។ លោកបានបន្ថែមថា «មួយវិញទៀត អ្នកគួរតែធ្វើជាមនុស្ស ដែលកុំលើកលែងឱ្យខ្លួនឯងឱ្យសោះ អ្នកដទៃអាចលើកលែងបាន ប៉ុន្តែខ្លួនឯងមួយមិនអាចលើកលែងបានទេ។ យើងកុំយកលេះថាក្រអីតែយើង គេក៏ក្រដែរ ល្ងង់អីតែអញ គេក៏ល្ងង់ដែរ។ ពុទ្ធឱវាទ លោកថាខ្ជិលគឺជាដើមហេតុនៃក្តីវិនាស ចឹងការពិតឱ្យតែលះបង់ភាពខ្ជិលបាន នោះយើងឈឺក៏មិនឈឺ ល្ងង់ក៏មិនល្ងង់ ក្រក៏មិនក្រ។ ដូចនេះខ្ញុំចង់ប្រាប់ថា គ្មានអ្វីលំបាកជាងការគិតទេ»។ លោកបន្តថា បើការគិតវាស្រួល ក្នុងលោកនេះនឹងគ្មានរឿងអស្ចារ្យទេ ព្រោះរឿងអស្ចារ្យសុទ្ធតែចេញមកពីការគិតដែលអស្ចារ្យ។ លោកគិតថា លោកមិនធ្វើអាជីវកម្មណាងាយៗ ហើយស្រួលៗទេ ព្រោះអាជីវកម្មដែលងាយស្រួល គឺងាយងាប់ទៅវិញ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព