អ្នកស្រីម៉ាឃីនហ្សី ស្កត (MacKenzie Scott) ដែលជាអតីតភរិយារបស់លោកមហាសេដ្ឋី ជេហ្វ បេសូស (Jeff Bezos) ដែលជានាយកប្រតិបត្តិរបស់ Amazon និងជាបុរសដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើលោក បានប្រកាសលើ Twitter របស់អ្នកស្រីកាលពីថ្ងៃអង្គារ៍កន្លងមកថា អ្នកស្រីបានបរិច្ចាគលុយ ១.៧ប៊ីលានដុល្លារហើយ។
បច្ចុប្បន្ននេះ អ្នកស្រីមានទ្រព្យសម្បត្តិសរុបប្រមាណ៣៦ប៊ីលានដុល្លារ បន្ទាប់ពីទទួលបានភាគហ៊ុន ២៥% របស់ភាគហ៊ុនលោកបេសូសក្រោយការលែងលះគ្នា។ លោកបេសូសវិញមានទ្រព្យសម្បត្តិប្រមាណ១៧៩.៣ប៊ីលានដុល្លារ និងជាម្ចាស់កម្មសិទ្ធិភាគហ៊ុន ១១.១% របស់ Amazon ដែលជាក្រុមហ៊ុនលោកបានបង្កើតក្នុងកន្លែងចតរថយន្តនៅផ្ទះរបស់លោកក្នុងឆ្នាំ ១៩៩៤។ អ្នកស្រីបានសរសេរលើ Twitter របស់ខ្លួនថា «ខ្ញុំមិនដែលជំទាស់នឹងទស្សនៈថាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់នរណាម្នាក់ជាផលិតផលនៃការខិតខំប្រឹងប្រែងរបស់មនុស្សជាច្រើន និងសង្គមដែលផ្តល់នូវឱកាសសម្រាប់មនុស្សមួយចំនួន និងឧបសគ្គសម្រាប់មនុស្សជាច្រើនដែលរាប់មិនអស់ទៀត។» បន្ទាប់ពីបានបញ្ចប់ចំណងអាពាហ៍ពិពាហ៍ជាមួយលោកបេសូសហើយ អ្នកស្រីស្កតបានចូលរួម The Giving Pledge ដែលជាការសន្យារបស់មហាសេដ្ឋីដែលមានគម្រោងបរិច្ចាគទ្រព្យសម្បត្តិភាគច្រើនក្នុងជីវិតរបស់ពួកគេ។ ការផ្តួចផ្តើមនេះត្រូវបានចាប់ផ្តើមឡើងក្នុងឆ្នាំ ២០១០ ដោយលោកប៊ីល ហ្គេតស៍ (Bill Gates) និងអ្នកស្រីមេលីនដា ហ្គេតស៍ (Melinda Gates) ព្រមទាំងលោកមហាសេដ្ឋីវ៉ារេន បាហ្វេត (Warren Buffett) ផងដែរ។ អ្នកស្រីបានសរសេរបន្តថា “ដូចមនុស្សជាច្រើនទៀតដែរ ខ្ញុំបានមើលទៅឆមាសទីមួយនៃឆ្នាំ ២០២០ កន្លងមកនេះដោយមានការរួមផ្សំនូវការឈឺចិត្ត និងការភ័យខ្លាច។ ជីវិតនឹងមិនឈប់ក្នុងការរកវិធីថ្មីៗដើម្បីបង្ហាញពីវិសមភាពក្នុងប្រព័ន្ធរបស់ពួកយើងទេ ឬក្នុងការដាស់តឿនយើងឲ្យមើលឃើញថាវិសមភាពក្នុងសង្គមមិនត្រឹមតែមិនយុត្តិធម៌ទេ តែក៏មិនស្ថិតស្ថេរដែរ។” អ្នកស្រីសង្ឃឹមថាបទពិសោធន៍ក្នុងកំឡុងពេលប៉ុន្មានខែកន្លងមកនេះនឹងជំរុញទឹកចិត្តមនុស្សឲ្យបរិច្ចាគដែរ។ អ្នកស្រីស្កតបានបរិច្ចាគទៅអង្គការចំនួន ១១៦ ដែលកំពុងធ្វើការក្នុងផ្នែកវិសមភាពពូជសាសន៍ សិទ្ធិមនុស្សភេទទីបី វិសមភាពយេនឌឺ ប្រជាធិបតេយ្យ សុខភាពសាធារណៈ និងបម្រែបម្រួលសីតុណ្ហភាពពិភពលោកជាដើម។ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព