ក្នុងពេលដែលទីផ្សារ និងសេដ្ឋកិច្ចពោរពេញទៅដោយភាពមិនប្រាកដប្រជានេះ វាប្រហែលជាមិនមែនជាពេលល្អក្នុងការរកបានឱកាសរកលុយទេ។ យ៉ាងណាក្តី អ្នកនៅតែមានឱកាសរកលុយក្នុងកំឡុងពេលនេះ។ ខាងក្រោមគឺជាគំនិតមួយចំនួនដែលអាចជួយឲ្យអ្នករកលុយបានក្នុងកំឡុងពេលមានការផ្ទុះជំងឺកូវីដ ១៩៖
១. លក់ចំណេះរបស់អ្នក
ប្រសិនបើអ្នកមានជំនាញនិងបទពិសោធន៍សម្រាប់ការបង្រៀនអ្នកដទៃនោះ ឬមានចំណេះដឹងផ្នែកអាជីវកម្មដែលអ្នកអាចចែករំលែកដល់អាជីវករដទៃទៀត ពេលនេះជាពេលដែលអ្នកអាចចែករំលែកបានដោយងាយស្រួលតាមប្រព័ន្ធសង្គម។ ពេលដែលអ្នកទទួលបានការទទួលស្គាល់ច្រើនពីអ្នកដទៃហើយ អ្នកអាចចាប់ផ្តើមគិតថ្លៃលើការចែករំលែករបស់អ្នកដែរ។
២. រកការងារ Freelance
បច្ចុប្បន្ននេះមានឱកាសការងារជាច្រើនដែលអ្នកអាចធ្វើតាមប្រព័ន្ធអ៊ីនធើណែត ហើយអ្នកអាចមានឱកាសរកបានការងារ Freelance ថែមទៀតព្រោះក្រុមហ៊ុន និងស្ថាប័នការងារជាច្រើននៅតែបន្តដំណើរការដដែល ហើយពួកគេអាចនឹងកំពុងត្រូវការមនុស្សបន្ថែមទៀតផងក្នុងវិស័យមួយចំនួន។
៣. សកម្មជាងមុនលើប្រព័ន្ធសង្គម
ប្រព័ន្ធសង្គមកាន់តែមានសារៈសំខាន់ទៅទៀតក្នុងឆ្នាំ ២០២០ នេះ ព្រោះមនុស្សជាច្រើនត្រូវងាកទៅកាន់មនុស្សលើប្រព័ន្ធសង្គមដើម្បីប្រាស្រ័យទាក់ទងគ្នា និងពឹងពាក់គ្នាទៅវិញទៅមកដែរ។ ខណៈដែលការសកម្មលើប្រព័ន្ធសង្គមមិនអាចធានាថាអ្នកនឹងរកបានឱកាសរកលុយពិតមែនក្តី អ្នកនៅតែអាចបង្កើតមានទំនាក់ទំនងល្អៗដែលអាចរកលុយឲ្យអ្នកបាននៅថ្ងៃអនាគត។
ការមានអ្នកគាំទ្រអាចជួយបង្កើនឱកាសដែលអ្នកអាចរកចំណូលបានពីអ្វីដែលអ្នកចែករំលែកមិនថាវាជាគំនិត និងចំណេះដឹងរបស់ខ្លួន ឬការផ្សាយពាណិជ្ជកម្មឲ្យផលិតផល ឬសេវាកម្មអ្នកដទៃទេ។
ទោះជាជំងឺកូវីដ ១៩ បានប៉ះពាល់ដល់មនុស្សជាច្រើនពិតមែនក្តី អ្នកត្រូវតែព្យាយាមរក្សាគំនិតវិជ្ជមាន និងព្យាយាមរកឱកាសដោយសកម្ម។ អ្នកប្រហែលជាត្រូវខិតខំកាន់តែខ្លាំង ប៉ុន្តែការខិតខំប្រឹងប្រែង និងលទ្ធផលការងារល្អរបស់អ្នកនឹងនាំយកលុយមកដល់ដៃអ្នកជាក់ជាមិនខាន ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព