លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំមួយ ដល់អាជ្ញាធរប្រចាំច្រកទ្វារព្រំដែន ឱ្យពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យ មធ្យោបាយដឹកជញ្ជូន និងអ្នកដំណើរ។
ការប្រកាសនេះ គឺក្នុងបំណងធ្វើការទប់ស្កាត់ ការចម្លងមេរោគកូវីដ១៩ ពីប្រទេសវៀតណាម តាមរយៈការដឹកជញ្ជូនទំនិញ ចេញចូលឆ្លងកាត់ព្រំដែនកម្ពុជា- វៀតណាម។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានជម្រុញឱ្យមានការពង្រឹងវិធានចត្តាឡីស័ក ដែលកំណត់ដោយក្រសួងសុខាភិបាលឱ្យបានម៉ត់ចត់បំផុត នៅតាមតំបន់ជាប់ព្រំដែនវៀតណាមផងដែរ។
នៅក្នុងចំណុចទី២ នៃសេចក្តីប្រកាសនេះក៏បានបញ្ជាក់ដែរថា អាជ្ញាធរក្នុងតំបន់ ត្រូវចាត់វិធានការឱ្យបានតឹងរឹង និងម៉ឺងម៉ាត់ ដើម្បីបង្ការ ទប់ស្កាត់កុំឱ្យមានការលួចឆ្លងដែន ដោយខុសច្បាប់ ចេញចូលឆ្លងកាត់ព្រំដែន តាមច្រករបៀងនានា ក្នុងភូមិសាស្ត្ររបស់ខ្លួន។ និងទី៣-បន្តជំរុញការអប់រំ ណែនាំ និងផ្សព្វផ្សាយដល់សាធារណជន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសប្រជាពលរដ្ឋរស់នៅ តាមតំបន់ព្រំដែន ឱ្យបង្កើនការប្រុងប្រយ័ត្នការពារខ្លួន ស្របតាមការណែនាំនានា របស់ក្រសួងសុខាភិបាល ដើម្បីកុំឱ្យមានវីរុសកូវីដ១៩ឆ្លងមកលើបុគ្គល និងសហគមន៍មូលដ្ឋាននៅកម្ពុជា។ដោយ៖ ត្នោត