
រាជធានីភ្នំពេញ ៖ តារាសម្តែងនាង ឌុច លីដា បានចាប់ផ្តើមការងារសិល្បៈរបស់ខ្លួនជាបណ្តើរៗឡើងវិញហើយ បន្ទាប់នាងបានសម្ងំសម្រាលកូនប្រុសម្នាក់អស់រយៈពេលប៉ុន្មានខែមកនេះ។ ត្បិតមិនទាន់ឃើញមានការថតខ្សែភាពយន្តឡើងវិញក៏ដោយ ប៉ុន្តែតារារូបនេះត្រូវបានគេឃើញថតសម្អាងការ និងការចូលរួមលេងកម្មវិធីកំសាន្តនៅស្ថានីយទូរទស្សន៍ផងដែរ។
តាមរយៈសកម្មភាពទាំងអស់នេះ បញ្ជាក់ថា ឌុច លីដា នឹងមិនទៅណាឆ្ងាយពីអាជីពសិល្បៈរបស់នាងឡើយ បើទោះបីជាពេលនេះនាងបានសម្រាលកូនប្រុសម្នាក់ ដោយគ្មានដំណឹងរៀបការក៏ដោយ។ ម្យ៉ាងទំនងជាស្វាមីរបស់នាងអាចបើកភ្លើងខៀវ អនុញ្ញាតឱ្យនាងមានឱកាសប្រឡូកសិល្បៈឡើងវិញផងដែរ។ ការបង្ហាញមុខតាមរយៈសកម្មភាពសិល្បៈនាពេលនេះ ឌុច លីដា នៅតែត្រូវបានលើកសរសើរពីរូបសម្រស់នៅតែស្រស់ស្អាតដដែលពីសំណាក់គាំទ្រជាច្រើន បើទោះបីជានាងបានក្លាយជាម្តាយគេទៅហើយក្តី។
ជាការកត់សម្គាល់ មកទល់ពេលនេះ ឌុច លីដា នៅមិនទាន់បង្ហាញមុខ និងអត្តសញ្ញាណស្វាមីរបស់នាងនៅឡើយទេ បើទោះបីជាកូនរបស់នាងបានចំរើនវ័យកាន់តែធំក៏ដោយ។ តារារូបនេះនៅតែបន្តលាក់បាំងពីអាថ៌កំបាំងជីវិតគ្រួសាររបស់នាងដដែល ទោះបីជានាងក្លាហានហ៊ានបញ្ចេញមុខមាត់កូនជាសាធារណៈតាមបណ្តាញសង្គមហ្វេសប៊ុកជាបន្តបន្ទាប់ក៏ដោយ។ ប៉ុន្តែការសង្ស័យមួយនេះ ត្រូវបានលាតត្រដាងក្នុងពេលឪពុកកូន ឌុច លីដា នាពេលនេះមិនមែនជាបុរសផ្សេង ខណៈពេលលោក ណា ខុន ក៏បានបង្ហាញមុខគូស្នេហ៍របស់លោកជាសាធារណៈ ដែលមិនមែនជានាង ឌុច លីដា នោះឡើយ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព