ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌចំការមនកំពុងអនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោកនៅមុខច្រកចូលស្ពានកោះពេជ្រស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងបើកបំបុកទុំលុះគោលដៅអនុវត្តន៍ចរាចរណ៍តម្រង់ចូលក្នុងមជ្ឈមណ្ឌលកោះពេជ្រ ក៏ត្រូវបានកម្លាំងចំរុះដេញស្ទាក់ចាប់ រហូតដល់ចំណុះខុនដូមួយកន្លែង ជនសង្ស័យម្នាក់បានបោះថង់គ្រឿងញៀនមួយកញ្ចប់ធំចេញពីរថយន្ត រួចរត់គេចខ្លួនបាត់ស្រមោលដោយបន្សល់ទុករថយន្តចោល។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១យប់ថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២០ នៅក្នុងបរិវេណកោះពេជ្រ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ ក្នុងអំឡុងពេលសមត្ថកិច្ចកំពុងប្រត្តិបត្តិការណ៍ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ថា កញ្ចប់ថ្នាំញៀនទាំងនោះមានចំនួនប៉ុន្មានពិតប្រាកដនោះទេ ។ ខណៈដែលជនសង្ស័យបានជិះរថយន្តម៉ាកលុចស៊ីសពណ៍ខ្មៅផ្លាកលេខ ភ្នំពេញ 2W-7669 បម្រុងចូលក្នុងកោះពេជ្រ ប៉ុន្តែចៃដន្យជួបកម្លាំងគណៈបញ្ជាការឯភាពខណ្ឌចំការមនដាក់គោលដៅត្រួតពិនិត្យបទល្មើស ទើបជនសង្ស័យមិនហ៊ានឈប់ បានជិះបុកទុំលុះគោលដៅចូលក្នុងកោះពេជ្រតែម្តង។
ប្រភពព័ត៍មានមួយផ្សេងទៀតបានបង្ហើបឲ្យដឹងថា ក្រោយពេលសមត្ថកិច្ចស្រាវជ្រាវជិត២ម៉ោង សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ភេទប្រុស ជាជនជាតិបរទេស នៅក្នុងខុនដូក្បែរកន្លែងកើតហេតុ។
វត្ថុតាងនិងជនសង្ស័យដែលបានឃាត់ខ្លួនខាងលើសមត្ថកិច្ចបាននាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីស្រាវជ្រាវតាមនិតិវិធី៕ដោយ៖សួង សាម