សុបិនឬយល់សប្តិមនុស្សគ្រប់រូបសុទ្ធតែធ្លាប់ឆ្លងកាត់។ ហើយនេះយប់មិញ ខ្ញុំយល់សប្តិចម្លែកគឺឃើញខ្លួនឯងចូលរោងការទាំងដែលអ្នករៀបការហ្នឹងមិនមែនជារូបរាងកាយខ្លួន(វិញ្ញាណក្នុងរាងកាយអ្នកដទៃ) នេះមានន័យយ៉ាងម៉េចទៅ?
ពិតណាស់អាយុជិតសាមសិបហើយ តែបែរជាមិនទាន់បង្កើតគ្រួសារឬមានមិត្តស្រីដូចនឹងគេ គិតតែរឿងរៀន ហើយរៀននេះទៀតសោត មិនពូកែអីដូចអ្នកផ្សេងគិតឡើយ! និយាយដោយស្មោះពីចិត្តទៅ ខ្ញុំខ្លួនឯងក៏មិនដឹងដែរហេតុអ្វីខ្ញុំដើរមកដល់ផ្លូវបែបនេះ នរណាមួយដែលមិនចង់មានមនុស្សដែលខ្លួនស្រឡាញ់ នរណាមួយដែលចង់ឲ្យគេសួរថា «កាលមានសង្សារនឹងគេ? ហើយនេះចេះស្រឡាញ់ស្រីឬនៅ?»
ឭសំនួរបែបនេះនរណាម្នាក់មិនខឹង? មិនធុញនោះ? តែឲ្យខ្ញុំខឹងឬធុញនរណា បើជារឿងពិតមែននោះ មានតែខឹងខ្លួនឯងដែលពីមុនមិនព្រមគិតរឿងស្នេហា គិតថាខ្លួនឯងស្អាតណាស់ហើយមើលទៅ? គិតទៅស្តាយពេលវេលា ជាពិសេសរូបសម្រស់ខ្លួនឯងតែម្តង! និយាយបែបនេះមិនមែនថាចង់បានសង្សារឡើងញ័រខ្លួនទេ តែចង់បាននោះគឺប្រពន្ធតែម្តង! សម្រាប់ខ្ញុំលែងត្រូវការហើយសង្សារ បើរវល់តែយកសង្សារ កាលណាបានមានកូននោះ? បើអាយុកាន់តែជ្រេដូចព្រះអាទិត្យរៀបនឹងលិចហើយ ចាំដល់ពេលណាទៀត?៕
អត្ថបទដោយ៖ រ៉ាហ្សុី