យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២០ មានករណីវិជ្ជមានវីរុសកូវីដ១៩ លើបុរសចំនួន៥នាក់បន្ថែមទៀត។
ជាមួយគ្នានេះបើគិតត្រឹមម៉ោង៧:០០ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ ២០២០ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មានចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន១៦៤នាក់ (ស្មើនឹង ៦៨,៦២% ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ១៩ទាំងអស់) នៅក្នុងចំនួននេះ មានស្រ្តី៤២នាក់ និងបុរស១២២នាក់។ ក្នុងនោះអ្នកមានវីរុសកូវីដ១៩ មានចំនួនសរុប២៣៩នាក់ (ស្រ្តី ៤៦នាក់និងបុរស១៩៣នាក់)។
អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប ៧៣ នាក់៖ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានចំនួន៤នាក់ ស្រ្តី១នាក់ និងបុរស៣នាក់។ នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពញមានចំនួន ៥៤នាក់ ស្រ្តី២នាក់ និងបុរស៥២នាក់។ រីឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺមានចំនួន១៥នាក់ ជាបុរស ហើយអ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានភាពទូតអាមេរិកប្រចាំកម្ពុជា៖ ស្រ្តីជនជាតិអាមេរិកកាំង១នាក់ និងបុរសជនជាតិអាមេរិកកាំង ១នាក់៕ ដោយ៖ ឃួន លក្ខិណា