រាជធានីភ្នំពេញ ៖ បញ្ហាបន្លែនាំចូលមានជាតិគីមីខ្លាំង ឬក៏ការប្រើប្រាស់គីមីក្នុងវិស័យកសិកម្មមិនបានត្រឹមត្រូវបានធ្វើឲ្យពលរដ្ឋខ្មែរហាក់ព្រួយបារម្ភចំពោះសុខភាព ។ យ៉ាងណាមិញចាត់ទុកជាដំណឹងល្អមួយសម្រាប់កម្ពុជា ព្រោះកាលពីពេលថ្មីៗនេះក្រុមហ៊ុនជប៉ុនមួយបានចុះអនុស្សារៈយោគយល់គ្នា (MOU) ជាមួយក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដើម្បីជួយជំរុញផលិតកម្មបន្លែសុវត្ថិភាពនៅកម្ពុជា ។
រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុន បានមានប្រសាសន៍នៅក្នុងជំនួបជាមួយលោកស្រី មីយ៉ាហារ៉ា អៃ អនុប្រធានអង្គការ JICA ប្រចាំប្រទេសកម្ពុជា អោយដឹងថា វិស័យកសិកម្មកម្ពុជា កំពុងតែពង្រីកសក្តានុពលផលិតតាមរយ:ការធ្វើទំនើបកម្មកសិកម្ម ដោយបញ្ចូលនូវបច្ចេកវិទ្យាសមស្របធននឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍សំដៅឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឆ្នាំ២០៣០ និងឆ្នាំ២០៥០ និងជាពិសេសឈានជាជំហានៗឆ្ពោះទៅជាប្រទេសនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ ។
លោកបានបន្តថា កន្លងមករដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយ:អង្គការ JICA បានជួយកសាង និងអភិវឌ្ឍកម្ពុជារហូតមកទល់បច្ចុប្បន្ន ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលជួយដល់ការទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ ហើយជាពិសេសនោះ គឺវិស័យកសិកម្មផងដែរមានដូចជា ការជួយរៀបចំប្រព័ន្ធព័ត៌មាន និងយុទ្ធសាស្ត្រទីផ្សារ ការបង្កើនការងារផ្សព្វផ្សាយបច្ចេកទេសដល់អ្នកផលិត ឬសហគមន៍ បច្ចេកទេសក្រោយពេលប្រមូលផល ការគ្រប់គ្រងគុណភាពលើប្រព័ន្ធខ្សែច្រវាក់តម្លៃបន្ថែម ប្រព័ន្ធទីផ្សារបោះ ឬលក់ដុំ និងជាពិសេសសមត្ថភាពមន្ទីរពិសោធន៍ មន្ទីរពិសោធន៍គុណភាព និងសុវត្ថិភាពបន្លែ ហើយថ្មីៗនេះជួយសហការជាមួយក្រុមហ៊ុន Yamato Green ចុះ MOU ជាមួយក្រសួងដើម្បីជួយជំរុញផលិតកម្មបន្លែសុវត្ថិភាពនៅកម្ពុជា ។
លោកបន្ថែមថាទាំងអស់នេះ វាបាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើន ធានាបាននូវសន្តិសុខស្បៀង កែប្រែកម្រិតជីវភាព បង្កើនបរិមាណផលិត ក្នុងនោះមានវារីវប្បកម្ម សាកវប្បកម្ម ការចិញ្ចឹមសត្វ និងដំណាំស្រូវ ។
លោកស្រីមីយ៉ាហារ៉ា អៃ អនុប្រធានអង្គការ JICA ប្រចាំប្រទេសកម្ពុជាបានអោយដឹងថា អង្គការJICA បាននិងកំពុងរៀបចំអនុវត្ត គម្រោងចំនួន៣ គឺទី១ គម្រោងស្ដីពី ការផលិតពូជស្រូវ ដែលសហការអនុវត្តដោយអគ្គនាយកដ្ឋានកសិកម្ម គម្រោងទី២ ការប្រើប្រាស់ និងការគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិត និងគម្រោងទី៣ ការការពារ និងអភិរក្សបរិស្ថានដែលសហការអនុវត្តជាមួយក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើ ។ លោកស្រិនិយាយថា៖« គម្រោងទាំង៣នេះ នឹងចាប់ដំណើរការនៅតុលា ខាងមុខនេះ ហើយមានក្តីសង្ឃឹមថានឹងទទួលបានលទ្ធផលល្អប្រសើរ» ។
លោកវេង សាខុន បានគាំទ្រលើការអនុវត្តគម្រោងទាំង៣ ព្រោះនឹងបានចូល រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យកសិកម្មក្នុងពេលអនាគតយ៉ាងខ្លី ជាពិសេសចូលរួមអនុវត្តគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ។ លោកថា ៖«នេះគឺជាគម្រោងដែលក្រសួងចង់បានដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាពនៃផលិតផលកសិកម្ម បង្កើនផលិតកម្ម និងធានាគុណភាពពូជសុទ្ធ និងរក្សា ការពារព្រៃឈើ» ។
គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កន្លងមកបានប្រកាសគាំទ្រនិងលើកទឹកចិត្តដល់ប្រជាកសិករ ក្នុងការបង្កើនការដាំដុះនិងចិញ្ចឹមសត្វ ដើម្បីជំរុញចរន្តសេដ្ឋកិច្ចអោយប្រសើរឡើងខណៈកូវីដ១៩ ជាបញ្ហាប្រឈមនិងរារាំងដល់កំណើនសេដ្ឋកិច្ចសាកលលោកផងនោះ ។ រាជរដ្ឋាភិបាលបានចាប់ផ្ដើមទប់ស្កាត់និងកាត់បន្ថយការនាំចូលផលិតផលកសិកម្មដែលអាចដាំដុះក្នុងស្រុក ដើម្បីទុកលទ្ធភាពអោយប្រជាកសិករអាចដាំដុះនិងផ្គត់ផ្គង់ក្នុងស្រុកជំនួសអោយការនាំចូល ៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព