ពោធិ៍សាត់ ៖ យ៉ាងហោចមានបុរសចំនួន២នាក់ បានស្លាប់ក្នុងករណីលង់ទឹក២ករណីផ្សេងគ្នា ដែលបានកើតឡើងនៅស្រុកក្រគរ និងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ ស្ថិតនៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីមនុស្សលង់ទឹកស្លាប់មួយបានកើតឡើង ដោយបុរសឈ្មោះ កង បូ ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិ ឃុំកើតហេតុ មុនកើតហេតុបុរសខាងលើបានជិះកង់ចេញពីផ្ទះដោយប្រាប់ក្រុមគ្រួសារថា ទៅស្រែច្រូវស្មៅ និងចាក់ថ្នាំឲ្យសត្វពាហនៈផង លុះរហូតដល់ល្ងាចថ្ងៃដដែលនៅមិនឃើញត្រឡប់មកផ្ទះ ក៏ប្រើឲ្យកូនស្រី និងកូនប្រសាទៅតាមនៅឯខ្ទមស្រែស្រាបតែប្រទះឃើញស្បែកជើងនៅមាត់ស្រះទឹកក៏មានការសង្ស័យក៏ចុះរាវក្នុងទឹកស្រាបតែបុរសខាងលើស្លាប់បាត់ទៅហើយតាមការសន្និដ្ឋានសង្ស័យគាត់ចុះដកប្រលិត៕ទាំងខ្លួនស្រវឹងស្រាផងនោះ
ដោយឡែក នៅវេលាថ្ងៃត្រង់ ថ្ងៃទី២១ ខែឆ្នាំដដែលមានករណីមនុស្សលង់ទឹកបណ្ដាលឲ្យស្លាប់មួយបានកើតឡើងផងដែរ ដោយបុរសឈ្មោះ ប៊ួយ ប៊ន អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិកំពង់ខ្ទុម ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ប្រភពព័ត៌មានពីសាច់ញាតិបានដឹងថាមុនកើតហេតុបានដើរកាត់បឹងក្នុងគោលបំណងទៅផ្ទះម្ដាយ ប៉ុន្តែជាអកុសល់បានលង់ទឹកបណ្ដាលស្លាប់ ព្រោះបុរសរងគ្រោះរូបនេះមានជំងឺស្កន់ជ្រូកផង ៕
ប្រភពបញ្ជាក់បន្ថែមទៀតថា ករណីមានមនុស្សលង់ទឹកបណ្ដាលឲ្យស្លាប់២លើកខាងលើ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន និងស្ថាប័នជំនាញពាក់ព័ន្ធ សហការចុះស្រាវជ្រាវ និងពិនិត្យយ៉ាងយកចិត្តទុកដាក់ ទើបធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ផេង ភាព