ព្រឹត្តិការណ៍ទទួលពានរង្វាន់ដ៏ធំ MAMA ឆ្នាំ ២០២០ ប្រកាសប្រារព្ធធ្វើនៅក្នុងប្រទេសកូរ៉េ
ព្រឹត្តិការណ៍ Mnet Asian Music Awards (MAMA) នឹងត្រៀមប្រារព្វធ្វើនៅប្រទេសកូរ៉េជាលើកដំបូងក្នុងរយៈពេល ១១ឆ្នាំ ដោយសារតែការរីករាលដាលនៃវីរុសកូរ៉ូណា។ យោងតាមសារព័ត៌មាន Ilgan Sport បានប្រាប់ឱ្យដឹងថា ព្រឹត្តិការណ៍ទទួលពានរង្វាន់ដ៏ធំ MAMA ក្នុងឆ្នាំ ២០២០ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី៦ ខែធ្នូ នៅសាល CJ ENM Conten World ក្នុងតំបន់ Paju នៃប្រទេសកូរ៉េខាងត្បូង។
CJ ENM Content World គឺជាកន្លែងដែលមានទំហំ ២១៣,០០០ ម៉ែត្រការ៉េនឹងត្រៀមបើកដំណើរការនៅថ្ងៃទី ១ ខែធ្នូ។ ដោយសារបញ្ហាសុវត្ថិភាពជុំវិញការឆ្លងរាលដាលនៃវីរុសកូរ៉ូណានិងគោលនយោបាយហុងកុងជុំវិញការចេញចូលប្រទេសហុងកុង ដូច្នេះវាជារឿងពិបាកសម្រាប់ការរៀបចំធ្វើកម្មវិធីនៅក្រៅប្រទេស។ ម្យ៉ាងវិញទៀត ការស្វែងរកសាលសមស្របក្នុងប្រទេសកូរ៉េក៏ជារឿងពិបាកដែរ ដូច្នេះទើបគ្រប់យ៉ាងត្រូវបានសម្រេចថាកម្មវិធី MAMA ក្នុងឆ្នាំនេះនឹងធ្វើឡើងនៅ CJ ENM Content World។
ក្រុមចម្រៀងប្រុសកូរ៉េ BTS ក៏បានប្រកាសថានឹងមានវត្តមានចូលរួមក្នុងកម្មវិធីដ៏ធំនេះដែរ ហើយជួរឈ្មោះតារាផ្សេងៗទៀតកំពុងធ្វើការរៀបចំ។ ម្យ៉ាងវិញទៀត បច្ចុប្បន្នមហាជនកំពុងសង្ស័យថាអ្នកដែលនឹងក្លាយជាពិធីករក្នុងឆ្នាំនេះគឺជា Park Bo Gum ព្រោះរាល់ឆ្នាំ Park Bo Gum គឺជាអ្នកកាន់កម្មវិធីតាំងពីឆ្នាំ ២០១៧ តែខណៈពេលនេះតារាសម្ដែងប្រុសរូបនេះកំពុងបំពេញកាតព្វកិច្ចយោធា៕ ប្រភព៖ koreaboo