សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្ដីពីផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០២០នៃWEF
(ភ្នំពេញ) ៖ នៅវេលាម៉ោង៣រសៀលថ្ងៃ ទី២២ខែ កញ្ញានេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញផ្តល់ចំណាប់អារម្មណ៍ក្នុងកិច្ចប្រជុំកំពូល ស្ដីពីផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០២០ នៃវេទិកាសេដ្ឋកិច្ចពិភពលោក(WEF) តាមប្រព័ន្ធឌីជីតាល់(Digital) នាទីស្ដីការនា យករដ្ឋមន្ត្រី។
វិបត្តិកូវីដ-១៩ បានបង្កការបំផ្លិចបំផ្លាញដល់សង្គមនិងសេដ្ឋកិច្ច និងជាឧបសគ្គធំមួយ ដើម្បីសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ការដាក់ពិភពលោកឲ្យដើរលើផ្លូវនៃកំណើនប្រកបដោយចីរភាពសមភាព។ នៅក្នុងបរិបទ នៃមហាសន្និបាតអង្គការសហប្រ ជាជាតិ វេទិកាសេដ្ឋកិច្ចពិភពលោក បានរៀបចំកិច្ចប្រជុំកំពូល ស្តីពីផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយចិីរភាព និងនិរន្តរភាពពេញលេញ។ វេទិកាសេដ្ឋកិច្ចពិភពលោក(WEF) នឹងកោះប្រជុំមេដឹក នាំរដ្ឋាភិបាល អង្គការអន្តរជាតិ និង សង្គមស៊ីវិល រួមជាមួយក្រុមអ្នកជំនាញ ដើម្បីផ្ដួចផ្ដើម ,បង្កើនល្បឿននិងពង្រីកដំណោះ ស្រាយសហគ្រាស ដោះស្រាយការប្រែ ប្រួលអាកាសធាតុ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។
វេទិកាសេដ្ឋកិច្ចពិភពលោក ឬជាភាសាអង់គ្លេស The World Economic Forum (WEF) ត្រូវបង្កើតឡើងក្នុងឆ្នាំ១៩៧១ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្រោមគំនិតផ្ដួចផ្ដើមរបស់សាស្ត្រាចារ្យស្វីស លោក Klaus Schwab។ រហូតមកដល់បច្ចុប្បន្ន អង្គការក្រៅរដ្ឋាភិ បាលមួយនេះ មានអាយុកាលជិត៥០ឆ្នាំហើយ សម្រាប់បេសកកម្មរបស់ខ្លួនក្នុងការប្ដេជ្ញាលើកកម្ពស់ការអភិវឌ្ឍរបស់ពិភពលោកទាំងមូល។ ជារៀងរាល់ឆ្នាំ នៅខែមករា ក្នុងទីក្រុង Davos តំបន់ជួរភ្នំភាគខាងកើត នៃប្រទេសស្វីស អង្គការមួយនេះ បានទទួលស្វាគមន៍អ្នកដឹកនាំនយោបាយ ជំនួញ សិក្សាធិការ និងវិស័យផ្សេងៗ ដើម្បីពិភាក្សាអំពីបញ្ហាសកល បញ្ហាតំបន់ និងបញ្ហាឧស្សាហកម្ម៕